ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​រុញ​សំណើ​អ្នក​ភូមិ​បឹង​កក់​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី

ខុទ្ទកាល័យ​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៧ មិថុនា បាន​បដិសេធ​មិន​ទទួល​យក​សំណើ​របស់​អ្នក​ភូមិ​បឹង​កក់ អំពី​ការ​សុំ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​អចលន​ទ្រព្យ​លើ​ដី​លំនៅ​ឋាន និង​ដី​ផ្ទះ​ដែល​កំពុង​រស់​នៅ​បច្ចុប្បន្ន ដោយ​រុញ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​វិញ។

0:00 / 0:00

អ្នកស្រី លី មុំ បាន​រៀបរាប់​ឲ្យ​ដឹង​ក្រោយ​ពេល​អ្នក​ស្រី និង​តំណាង​អ្នក​ភូមិ ៧​នាក់​ផ្សេង​ទៀត បាន​ចូល​ទៅ​ជួប​មន្ត្រី​ខុទ្ទកាល័យ​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ថា មន្ត្រី​ខុទ្ទកាល័យ​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​វិវាទ​ដី​ធ្លី មិន​ទទួល​យក​សំណើ​របស់​ពួក​គាត់​ទេ ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​យក​សំណើ​នោះ ដោយ​សន្យា​ថា គេ​នឹង​បញ្ជូន​សំណើ​នេះ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី។

អ្នក​ស្រី លី មុំ បាន​ឲ្យ​ដឹង​ថា ៖ «យើង​សង្ឃឹម​ថា គាត់​នឹង​ដោះស្រាយ​ឲ្យ​យើង ព្រោះ​អី​ប្រជាជន​ហ្នឹង​មក​ហ្នឹង​ដើម្បី​ឲ្យ​គាត់​ដោះស្រាយ ការ​ដោះស្រាយ​ហ្នឹង​មិន​បាន​យុត្តិធម៌ ឬ​យ៉ាង​ណា យើង​នឹង​ទៅ​ផ្ទះ​សម្ដេច​នាយក​ម្ដង​ទៀត!»

ខ្លឹមសារ​ក្នុង​លិខិត​ស្នើ​សុំ​នោះ​បាន​បញ្ជាក់​ថា សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាត់​តំបន់​ដែល​ពួក​គាត់​កំពុង​រស់​នៅ​បច្ចុប្បន្ន ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​បឹង​កក់ និង​សុំ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ឲ្យ​ពួក​គាត់ ព្រោះ​អ្នក​ភូមិ​ជាង ៣​ពាន់​គ្រួសារ ក្នុង​នោះ​មាន​មន្ត្រី​រាជការ​ស៊ីវិល កង​កម្លាំង​នគរបាល​ជាតិ កង​យោធពល​ខេមរភូមិន្ទ និង​ប្រជា​ពលរដ្ឋ​រស់នៅ​ចំនួន ៨​ភូមិ គឺ​ភូមិ​១ ភូមិ​៣ ភូមិ​៦ ភូមិ​២០ ភូមិ​២១ ភូមិ​២២ ភូមិ​២៣ និង​ភូមិ​២៤ ដែល​បាន​រស់​នៅ​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ភូមិ​ទាំង​នេះ​តាំង​ពី​ឆ្នាំ​១៩៧​៩មក។

អ្នក​ភូមិ​ជា​ច្រើន​ទៀត​បាន​លើក​ឡើង​ថា កាល​ពី​ឆ្នាំ​២០០៦ សាលា​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​វាស់​វែង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ពួក​គាត់ ដោយ​យក​ប្រាក់​ក្នុង ១​គ្រួសារ ២​ម៉ឺន​រៀល ប៉ុន្តែ​តាំង​ពី​ពេល​នោះ​មក គេ​នៅ​មិន​ទាន់​បាន​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ឲ្យ​នៅ​ឡើយ ហើយ​រដ្ឋាភិបាល​បាន​វិនិយោគ​តំបន់​បឹង​កក់​នេះ​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូ ទៅ​វិញ។

ក្រុម​អ្នក​ភូមិ​បាន​បញ្ជាក់​ថា ៖ «ប័ណ្ណ​កម្មសិទ្ធិ​ហ្នឹង យើង​បាន​ទទួល​ឲ្យ​ធ្វើ​ប្លង់​ហ្នឹង​នៅ​ថ្ងៃ​៤ ខែ​៤ ឆ្នាំ​២០០៦ អ៊ីចឹង​យើង​មក​សើរើ​ប្លង់​ហ្នឹង​ឡើង​វិញ។ គេ​ចង់​បាន​ដី​ពួក​ខ្ញុំ​គេ​ប្រមាថ​ថា ពួក​ខ្ញុំ​ហ្នឹង​រស់​នៅ​មិន​ស្រប​ច្បាប់ សំណង់​មិន​សមរម្យ​អី! ខ្ញុំ​គិត​ថា ពួក​អស់​លោក​ហ្នឹង​រស់​នៅ​ស្រប​ច្បាប់ ខ្ញុំ​ក៏​ស្រប​ច្បាប់​ដែរ! កុំ​ចោទ​ថា លើ​ដី​រដ្ឋ​កន្លែង​ណា! គឺ​ជា​ដី​រដ្ឋ​ទាំង​អស់​គ្នា ព្រោះ​អ្នក​ទាំង​អស់​គ្នា​កើត​មក មិន​មែន​ទូល​ដី​មក​ទេ! ខ្ញុំ​ធ្វើ​មន្ត្រី​រាជការ​ដែរ ក្រុមហ៊ុន ស៊ូកាគូ​អ៊ីន​ហ្នឹង កុំ​លោភលន់​ពេក យក​តែ ១០០​ហិកតារ​បាន​ហើយ ទុក​ឲ្យ​ពួក​ខ្ញុំ ៣០​ហិកតារ​ហ្នឹង​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង!»

អភិបាល​រង​រាជធានី​ភ្នំពេញ លោក ម៉ាន់ ឈឿន ក៏​ដូច​ជា​មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ។

ប្រជា​ពលរដ្ឋ​បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​ថា គម្រោង​ធ្វើ​ផ្លូវ​នៅ​តំបន់​បឹង​កក់​ដែល​សាលា​រាជធានី​បាន​ប្រកាស​កាល​ពី​ពេល​ថ្មី​ៗ​នេះ នឹង​ប៉ះ​ពាល់​ដល់​លំនៅ​ដែល​ពួក​គាត់​កំពុង​រស់​នៅ​បច្ចុប្បន្ន។

ជម្លោះ​ដី​នៅ​តំបន់​បឹង​កក់​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ មាន​ផ្ទៃ​ដី​ទំហំ ១៣៣​ហិកតារ ដែល​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​ជាង ៤​ពាន់​គ្រួសារ ហើយ​ក្នុង​ឆ្នាំ​២០០៩​កន្លង​ទៅ ប្រជា​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ។

ជម្លោះ​នេះ​បាន​កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ​២០០៧​មក បន្ទាប់​ពី​ក្រុមហ៊ុន ស៊ូកាគូ មាន​ច្បាប់​វិនិយោគ​ពី​រដ្ឋាភិបាល​ចំនួន ៩៩​ឆ្នាំ អភិវឌ្ឍ​បឹង​កក់​ធ្វើ​ទីក្រុង​គុជ ឬ​ទីក្រុង​ថ្មី​នៅ​តំបន់​នោះ ក្នុង​តម្លៃ​វិនិយោគទុន​ជាង ៧៩​លាន​ដុល្លារ​អាមេរិក។

កិច្ច​សន្យា​នោះ​បាន​ធ្វើ​ឡើង​រវាង​លោក ឡាវ ម៉េងឃីន ជា​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន ដែល​ជា​អ្នក​ជួល​ពី​សាលា​រាជធានី​ភ្នំពេញ៕