ពលរដ្ឋ​ទិតៀន​សមត្ថកិច្ច​ខែត្រ​តាកែវ​ជុំវិញ​ការ​រារាំង​ដំណើរ​ចុះ​ពិនិត្យ​ព្រំដែន

ពលរដ្ឋ​ខេត្ត​តាកែវ​បាន​ទិតៀន​សមត្ថកិច្ច​ខេត្ត ដែល​រារាំង​តំណាង​រាស្ត្រ និង​ប្រជាជន​ដែល​ចង់​ដឹង​ការ​ពិត​ពី​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា​វៀតណាម នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ថា​តើ​ពិត​ជា​មិន​បោះ​​លើ​ដី​អ្នក​ភូមិ ឬ​យ៉ាង​ណា។

អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម បាន​សម្រេច​បោះ​តម្រុយ​បង្គោល​កំណត់​ព្រំដែន​បណ្ដោះ​អាសន្ន​លេខ​២៧០ កាល​ពី​ថ្ងៃ​២៥ ខែ​ឧសភា​កន្លង​មក​នេះ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ កំពុង​តែ​ចោទ​ជា​ចម្ងល់​ចំពោះ​ការ​បិទ​បាំង​មិន​ឲ្យ​មហាជន​ចូល​មើល​ជាក់ស្ដែង​ដល់​កន្លែង​បោះ​បង្គោល​នោះ។

បុរស​ម្នាក់​អះអាង​នៅ​ថ្ងៃ​៤ ខែ​មិថុនា ថា​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តែ​សុំ​លាក់​ឈ្មោះ ថ្លែង​ថា គាត់​សោកស្ដាយ​ដែល​សមត្ថកិច្ច​ខេត្ត​ទៅ​រារាំង​គណបក្ស​ប្រឆាំង មិន​ឲ្យ​ចូល​មើល​បង្គោល​ព្រំដែន​បោះ​បណ្ដោះ​អាសន្ន​នោះ។ គាត់​ថា រដ្ឋាភិបាល​ខំ​ធ្វើ​ការ​ស្មោះត្រង់ ឈាន​ទៅ​បោះ​បង្គោល​ព្រំដែន​លេខ​២៧០ មិន​ឲ្យ​មាន​ការ​ទិតៀន តែ​បែរ​ជា​មាន​ក្រុម​មនុស្ស​បង្ក​ឲ្យ​មាន​ការ​សង្ស័យ​កាន់​តែ​ច្រើន​ថា បង្គោល​នោះ​ពិត​ជា​បាន​បោះ​បណ្ដោះ​អាសន្ន​នៅ​លើ​ដី​ស្រែ​អ្នក​ស្រុក។

បុរស​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «សូម​អស់​លោក​ជា​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល គួរតែ​បើក​ចំហ​ឲ្យ​គ្រប់​គណបក្ស តំណាង​រាស្ត្រ ទៅ​ពិនិត្យ​ឲ្យ​ស្គាល់​ជាក់ស្ដែង ថា​ការ​បិទ​បាំង ឬ​ក៏​មិន​បិទ​បាំង ឲ្យ​ឃើញ​ទាំង​អស់​គ្នា​ទៅ! កុំ​ឲ្យ​គេ​វាយ​ប្រហារ​ដល់​គណបក្ស​ប្រជាជន»

ការ​ទិតៀន​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ ក្រោយ​ពី​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រារាំង​ច្រើន​កន្លែង នៅ​តាម​ផ្លូវ​ទៅ​កាន់​កន្លែង​បោះ​បង្គោល​នោះ ដោយ​ប៉ូលិស និង​ក្រុម​ប្រជាជន​ក្មេង​ៗ មិន​ឲ្យ​ចូល​ទៅ​មើល​ដល់​កន្លែង​បោះ​បង្គោល​ព្រំដែន​បាន​ទេ។

ប្រជាជន​ភូមិ​ព្រៃ​ម្លូ ឃុំ​ក្រពុំ​ឈូក ស្រុក​កោះ​អណ្ដែត លោក ត្រាញ់ បាន​អះអាង​ថា ៖ «ចង់​ដឹង​ថា បោះ​បង្គោល​លើ​ដី​ខ្មែរ ឬ​លើ​ដី​វៀតណាម ពិត ឬ​មិន​ពិត?»

ក្រុម​ប្រឹក្សា​ស្រុក​ទ្រាំង​គណបក្ស សម រង្ស៊ី លោក ម៉ក់ សោ អះអាង​ថា ៖ «ខ្ញុំ​តូច​ចិត្ត​ណាស់​សព្វថ្ងៃ ដែល​ខ្ញុំ​មិន​បាន​ចុះ​ទៅ​ដល់​បង្គោល​នោះ​ផ្ទាល់!»

ក្រុម​ប្រឹក្សា​ឃុំ​ត្រពាំង​ក្រញូង លោក អ៊ូ អែម ថ្លែង​ថា ៖ «បើ​រាជ​រដ្ឋាភិបាល​ថា​មាស​សុទ្ធ​ហើយ យើង​មិន​ត្រូវ​ខ្លាច​ភ្លើង​ទេ! យើង​ត្រូវតែ​បញ្ជូន​អ្នក​សារព័ត៌មាន និង​អ្នក​ដែល​ចង់​ដឹង​ហេតុ​ពិត​នោះ ឲ្យ​ទៅ​ដល់​ទិសដៅ។ ប្រៀបធៀប​ដូច​ព្រំដែន​ខាង​លិច​នោះ យើង​ទៅ​មើល​ទាំង​អស់​គ្នា សៀម​វា​ចង់​ឈ្លានពាន​មែន! ឯ​ផ្នែក​ខាង​កើត​នេះ គ្រាន់តែ​បោះ​ទៅ​នេះ ខ្មែរ​យើង​ចង់​ដឹង​ការ​ពិត តើ​បោះ​លើ​ដី​ខ្មែរ ឬ​លើ​បន្ទាត់​ព្រំដែន គឺ​អាជ្ញាធរ​មិន​ឲ្យ​ចូល!»

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​ក្រុម​ខណ្ឌ​សីមា​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា​ទី​៤ លោក ស៊ឹន សុធានី ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ពុធ ទី​២៦ ឧសភា ថា ការ​ដាំ​បង្គោល​កាល​ពី​ថ្ងៃ​២៥ ឧសភា​នោះ មិន​បាន​គិត​ថា ដាំ​លើ​ដី​ស្រែ ឬ​មិន​មែន​ដី​ស្រែ​នោះ​ទេ ព្រោះ​តំបន់​នោះ​ជា​វាល​ស្មៅ។ បើ​ដី​ស្រែ​ប្រជាជន គឺ​នៅ​ប្រហែល ២០០​ម៉ែត្រ ទៅ ៣០០​ម៉ែត្រ​ឆ្ងាយ​ពី​ទី​នោះ។ លោក​ថា ទីតាំង​បង្គោល​ព្រំដែន​មិន​អាច​ដាំ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ប្រជាជន​កម្ពុជា ឬ​ប្រជាជន​វៀតណាម​ទេ គឺ​ដាំ​ទៅ​តាម​ផែនទី។

លោក​បាន​ឲ្យ​ដឹង​ថា បង្គោល​ព្រំដែន​នៅ​ខេត្ត​តាកែវ ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រមាណ ៧៣​គីឡូ​ម៉ែត្រ ជាប់​នឹង​ខេត្ត​ពីរ​របស់​ប្រទេស​វៀតណាម ដែល​គេ​គ្រោង​ដាំ​បង្គោល​ចំនួន ៣៧។ ក្នុង​ចំណោម​បង្គោល​ព្រំ​ទាំង ៣៧ បង្គោល​ព្រំ​លេខ​២៧០ ដែល​កំពុង​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ​ខ្មែរ​នា​ពេល​នេះ ទើប​នឹង​មាន​ការ​ឯកភាព​គ្នា​បោះ​ជា​តម្រុយ​នៅ​ឡើយ៕