សិស្សនៅបូរីកីឡា ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ដែលគេតែងតែសង្កេតឃើញស្លៀកពាក់ឯកសណ្ឋានសិស្ស ទៅសាលារៀនរាល់ថ្ងៃនោះ ឥលូវនេះ ពួកគេភាគច្រើន មិនបានទៅសាលារៀនដូចកាលពីមុនទៀតឡើយ ដោយសារតែគ្មានទីជម្រកស្នាក់នៅ បន្ទាប់ពីក្រុមហ៊ុន ផានអ៊ីមិច (Phanimex) ឈូសឆាយផ្ទះរបស់ពួកគាត់ចោលអស់។
កុមារីឈ្មោះ វ៉ាន់ ស្រីយ៉ា អាយុ ១០ ឆ្នាំ រៀននៅថ្នាក់ទី ៣ នាងធ្លាប់តែស្លៀកឯកសណ្ឋានសិស្សថ្មីៗ ទៅសាលារៀនរាល់ថ្ងៃ។ ប៉ុន្តែនៅថ្ងៃទី ៩ មករា ស្រីយ៉ា មិនបានទៅរៀនទេ នាងបែរជាដើររើសអេតចាយទៅវិញ ដើម្បីរកលុយទិញសំលៀកបំពាក់ និងសម្ភារៈសិក្សា ពីព្រោះថា សំលៀកបំពាក់ដែលនាងធ្លាប់ស្លៀកទៅរៀនរាល់ថ្ងៃនោះ ត្រូវបានបាត់បង់ខណៈគ្រឿងចក្រក្រុមហ៊ុនបានវាយកម្ទេចផ្ទះរបស់នាង។
គ្រឿងចក្ររបស់ក្រុមហ៊ុន ផានអ៊ីមិច ជាច្រើនគ្រឿង រួមទាំងមានកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលការពារនោះ បានឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋនៅបូរីកីឡា កាលពីថ្ងៃទី ៣ មករា ឆ្នាំ ២០១២ រហូតដល់មានការប៉ះទង្គិចគ្នា រវាងប្រជាពលរដ្ឋជាង ២០០ គ្រួសារ និងកម្លាំងសមត្ថកិច្ចចម្រុះរបស់អាជ្ញាធរក្រុងភ្នំពេញ។ ប្រជាពលរដ្ឋទាំងនោះមួយចំនួន ត្រូវបណ្ដេញឲ្យទៅនៅភ្នំបាត ស្រុកពញាឮ ខែត្រកណ្ដាល ដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
យុវសិស្សមួយរួបទៀត ជាកូនរបស់មន្ត្រីនគរបាលរស់នៅបូរីកីឡា ដែលអាគារស្នាក់នៅរបស់នាងក្រុមហ៊ុនមិនទាន់ឈូសឆាយនៅឡើយ បានរៀបរាប់ទាំងក្ដីក្ដុកក្ដួលថា នាងសិក្សាថ្នាក់ទី ១២ នៃវិទ្យាល័យបាក់ទូក ហើយកញ្ញាមិនបានទៅរៀនប្រមាណ ១ សប្ដាហ៍កន្លងមកហើយ ដោយសារតែកញ្ញានៅចាំផ្ទះ ឪពុកម្ដាយទៅធ្វើការខ្លាចក្រុមហ៊ុនមកវាយកម្ទេចផ្ទះយកឥវ៉ាន់ចេញមិនទាន់ដូចអ្នកមុនទៀត។
កញ្ញាបានសម្ដែងការព្រួយបារម្ភថា នៅឆ្នាំនេះ ជាឆ្នាំដែលនាងត្រូវប្រលងយកសញ្ញាប័ត្រទុតិយភូមិ ឬហៅថា បាក់ឌុប។ បញ្ហាអវត្តមាននេះ នាងខ្លាចរៀនមិនទាន់គេ ហើយណាមួយ គិតអំពីបញ្ហាគ្រួសារ ដែលប្រឈមនឹងការបាត់បង់លំនៅទៀត។
លោក រ៉ុង ឈុន ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។ លោកមានប្រសាសន៍ថា នៅថ្ងៃទី ៩ មករា លោកនឹងផ្ញើលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យលោកនាយករដ្ឋមន្ត្រី ជំរុញក្រុមហ៊ុន ផានអ៊ីមិច ឲ្យទទួលខុសត្រូវចំពោះការខកខានមិនបានទៅរៀនរបស់កូនអ្នកភូមិនៅបូរីកីឡា ដែលមានអ្នកខ្លះរៀននៅបឋម មធ្យមសិក្សា និងនៅឧត្ដមសិក្សា និងបញ្ហាឈូសឆាយផ្ទះរបស់ពួកគាត់ចោល។
លោក រ៉ុង ឈុន បានអះអាងថា ក្នុងចំណោមប្រជាពលរដ្ឋនៅបូរីកីឡា ជាង ២០០ គ្រួសារ ដែលក្រុមហ៊ុនបណ្ដេញចេញពីលំនៅឋាននោះ ស្ទើរតែគ្រប់គ្រួសារទាំងអស់មានកូននៅរៀន។ លោក រ៉ុង ឈុន បានប្រៀបប្រដូចការបណ្ដេញអ្នកភូមិបូរីកីឡា របស់ក្រុមហ៊ុន ហើយកម្លាំងប្រដាប់អាវុធប្រើអំពើហិង្សាលើអ្នកភូមិ លើក្មេងជាអនីតិជន និងជាកូនសិស្សនោះ លោកបញ្ជាក់ថា ទង្វើទាំងនេះ ហាក់ដូចជាជាប់សារជាតិខ្មែរក្រហម។
នាយិកាប្រតិបត្តិនៃអង្គការស្ត្រីខ្មែរ កញ្ញា អរុណ រស្មី បានលើកឡើងថា ការបណ្ដេញចេញអ្នកភូមិបូរីកីឡានេះ បញ្ហាដែលធ្វើឲ្យប៉ះពាល់ខ្លាំងជាងគេ គឺកុមារា កុមារី ដែលប៉ះពាល់ទាំងការសិក្សា និងផ្នែកសតិអារម្មណ៍ភ័យខ្លាច ពីព្រោះថា កុមារ ឬសិស្សទាំងនោះ មានទុក្ខធ្ងន់ធ្ងរនៅពេលពួកគាត់បាត់បង់លំនៅដ៏កក់ក្ដៅរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ ទោះបីជាផ្ទះរបស់ពួកគាត់តូច ឬធំក្ដី។
កញ្ញា អរុណ រស្មី បានបញ្ជាក់ថា នៅពេលឪពុកម្ដាយរបស់ពួកគាត់ មិនទាន់មានទីជម្រកពិតប្រាកដនោះ កូនរបស់ពួកគាត់ត្រូវផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយតាមឪពុកម្ដាយរបស់ខ្លួន ដូចជាករណី ម្ដាយរបស់ក្មេងទាំងនោះ ទៅតវ៉ានៅមុខស្ថានទូតមួយចំនួន ក្នុងរាជធានីភ្នំពេញ ដើម្បីសុំរកយុត្តិធម៌ជាដើម។
សកម្មជនការពារសិទ្ធិមនុស្ស បានពន្យល់ថា ប្រជាពលរដ្ឋនៅបូរីកីឡា ដែលក្រុមហ៊ុនដឹកជញ្ជួនទៅនៅតំបន់ភ្នំបាត ក្នុងស្រុកពញាឮនោះ កូនរបស់ពួកគាត់ក៏មិនទាន់បានចូលរៀននៅឡើយដែរ។ រីឯក្មេងៗ ដែលឪពុកម្ដាយរបស់ពួកគាត់មិនព្រមចេញទៅភ្នំបាតនោះ នៅពេលយប់ពួកគាត់សម្រាកនៅតាមច្រកផ្លូវចូលផ្ទះរបស់អ្នកភូមិ នៅតំបន់បូរីកីឡា។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការអនុវត្តផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ផានអ៊ីមិច នេះ ជាទង្វើរំលោភសិទ្ធិមនុស្ស ពីព្រោះថា សកម្មភាពអភិវឌ្ឍន៍នេះ ជាការជំរុញឲ្យប្រជាពលរដ្ឋប្រឈមនឹងភាពក្រីក្រ និងជាកត្តាធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់ក្មេង។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសកម្មជនការពារសិទ្ធិមនុស្ស បានលើកហេតុផលថា បើសិនជារដ្ឋាភិបាលមិនដោះស្រាយករណីបណ្ដេញអ្នកភូមិបូរីកីឡាឲ្យបានសមស្របទេនោះ គឺកូនរបស់ពួកគាត់រាប់រយនាក់ប្រឈមនឹងការបោះបង់ការសិក្សា ដែលធ្វើឲ្យក្មេងទាំងអស់នោះខូចអនាគត ដោយសារតែឪពុកម្ដាយរបស់ពួកគាត់ក្រីក្រ និងគ្មានទីជម្រកស្នាក់នៅ។
ទាក់ទងទៅនឹងបញ្ហានេះ សាលារាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងឆ្លើយតបជាផ្លូវការលើកដំបូងមួយ កាលពីថ្ងៃទី ៦ មករា ដែលផ្សាយនៅលើគេហទំព័ររបស់ខ្លួន ឆ្លើយតបទៅនឹងការរិះគន់អំពីសកម្មភាពបណ្ដេញចេញ និងកងកម្លាំងចម្រុះ ប្រើហិង្សាមកលើប្រជាពលរដ្ឋនោះ។
សេចក្ដីជូនដំណឹងនោះបានឲ្យដឹងថា កន្លងមក សាលារាជធានីបានចេញសេចក្ដីជួនដំណឹងឲ្យប្រជាពលរដ្ឋរុះរើដោយខ្លួនឯង ប៉ុន្តែពួកគេនៅតែអូសបន្លាយពេលវេលា។ ករណីប៉ះទង្គិចគ្នាកាលពីថ្ងៃទី ៣ មករា រវាងប្រជាពលរដ្ឋ និងកងកម្លាំងសមត្ថកិច្ចនោះ ពីព្រោះប្រជាពលរដ្ឋបានប្រើហិង្សាមកលើសមត្ថកិច្ច ដែលធ្វើសមត្ថកិច្ចមួយចំនួនរងរបួស។
បន្ទាប់មកសមត្ថកិច្ចបានដោះស្រាយតាមបែបចាត់វិធានការសមស្រប ចំពោះប្រជាពលរដ្ឋទាំងនោះ និងបានរុះរើសំណង់ ដែលមិនមានលក្ខណៈសម្បត្តិក្នុងការទទួលបានផ្ទះពីរដ្ឋ។ ការធ្វើដូច្នេះ ដើម្បីធានាឲ្យមាននីតិរដ្ឋ និងផ្ដល់ភាពយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋជាង ១ ពាន់គ្រួសារ ដែលបានស្ម័គ្រចិត្តទទួលផ្ទះពីរដ្ឋនៅសហគមន៍បូរីកីឡានោះ៕