ក្មេងស្រីអនីតិជនម្នាក់ បានឲ្យដឹងថា នាងត្រូវបានគេជួញដូរផ្លូវភេទ ដោយបាននាំទៅឲ្យដេកជាមួយពួកបុរសៗ ជាអ្នកមានលុយកាក់ និងមានអំណាច ជាច្រើននាក់នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
កុមារីរងគ្រោះ ជាអនីតិជនខាងលើនេះបានថ្លែងថា រូបនាងត្រូវបានស្ត្រីម្នាក់ ឈ្មោះ ថា ជាអតីតមេការនៅហាងការ៉ាអូខេមួយ ឈ្មោះ ប៉ាស៊ីហ្វិក ណៃ ក្នុងខេត្តបាត់ដំបង បាននាំរូបនាង ពីទីក្រុងភ្នំពេញ មកឲ្យដេកជាមួយបុរសមានលុយកាក់ជាច្រើនដង ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
នាងបន្តថា ស្ត្រីឈ្មោះ ថា ធ្លាប់ធ្វើមេការនៅហាងការ៉ាអូខេ ប៉ាស៊ីហ្វិក ណៃ ប៉ុន្តែបច្ចុប្បន្ន ឈប់ធ្វើការនៅហាងការ៉ាអូខេនោះទៀតហើយ ដោយស្ត្រីរូបនោះបានមកចាប់យកមុខរបរដើរយកស្រីទៅឲ្យដេកជាមួយពួកបុរសៗ ជាអ្នកមានលុយកាក់។
កុមារី ជាអនីតិជន ដែលត្រូវប៉ូលិសឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ខណៈដែលនាងត្រូវមេខ្យល់នាំមកពីទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា មកដេកស្នាក់នៅក្នុងផ្ទះសំណាក់មួយ មានយីហោឈ្មោះ ស៊ិន ហ៊ួរ ក្នុងក្រុងបាត់ដំបង។
នាយការិយាល័យប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ព្រហ្ម ធៀន បានមានប្រសាសន៍ថា ដំបូងឡើយ ប៉ូលិសឃាត់ខ្លួនក្មេងស្រីរងគ្រោះខាងលើនេះ ទាក់ទិនទៅនឹងករណីចោរកម្មទេ ប៉ុន្តែក្រោយពីធ្វើការសាកសួរ ក៏ធ្លាយរឿងថា នាងត្រូវបានគេនាំខ្លួនមកជួញដូរផ្លូវភេទ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
លោក ព្រហ្ម ធៀន បានថ្លែងបញ្ជាក់ដូច្នេះថា ៖ «ព្រោះនារីស្គាល់ឈ្មោះ ថា ជាង១ខែមកហើយ ខ្ញុំគ្រាន់សួរសាច់រឿង ដែលព្រះរាជអាជ្ញាធរឲ្យខ្ញុំសួរ ព្រោះខ្ញុំធ្វើរឿងទូរស័ព្ទទេ បើយើងធ្វើរឿងហ្នឹង វាមានការិយាល័យជួញដូរមួយដោយឡែកទៀត គឺនារីទៅប៉ោយប៉ែត គេងជាមួយភ្ញៀវម្នាក់ បាន២០០០បាត ហើយ២០០០បាតហ្នឹង នារីឈ្មោះ ថា បានយក ៥ម៉ឺនរៀល ហើយថ្ងៃ១៧ មកស្នាក់នៅបាត់ដំបង អាហ្នឹងយប់ថ្ងៃទី១៦ ចាំមើលខ្ញុំធ្វើរបាយការណ៍ហ្នឹងទៅព្រះរាជអាជ្ញា»។
ទាក់ទិនករណីអនីតិជនខាងលើនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក៏បានបញ្ជូនកុមារីអនីតិជនឲ្យទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរ។
នាយការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក កុយ ហៀង បានមានប្រសាសន៍នៅក្រោយការសាកសួរកុមារីរងគ្រោះខាងលើនេះថា ៖ «រឿងនេះជារឿងព្រហ្មទណ្ឌទេ ប៉ុន្តែវាពាក់ព័ន្ធគេឲ្យខ្ញុំសាកសួរបន្តិចអ៊ីចឹង ប៉ុន្តែខ្ញុំសាកសួរទៅវា អត់មានតម្រុយណាមួយ សង្កត់ទៅអ្នកណាទាំងអស់ ដល់អ៊ីចឹង ខ្ញុំមិនទាន់ចូលកន្លែងចូល ខ្ញុំវេរទៅឲ្យព្រហ្មទណ្ឌវិញ ហើយព្រោះបើកាលណាយើងមិនសង្កត់បានអ្នកណាច្បាស់លាស់អ៊ីចឹង យើងមិនអាចធ្វើប្រថុយប្រថានបានទេ»។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង លោក នួន សាន បានមានប្រសាសន៍ថា តុលាការនឹងធ្វើការសាកសួរទៅលើកុមារីរងគ្រោះ ដើម្បីឈានទៅរកការស៊ើបអង្កេត ទាក់ទិនករណីជួញដូរមនុស្ស ៖ «មុនដំបូងយើងចាប់ពាក់ព័ន្ធចោរកម្មទូរស័ព្ទមួយ៧ ទៅ៨ដុល្លារ ហើយយើងគិតមើលទៅ ហើយក្មេងវាដល់ច្រកអស់ជម្រើស អ៊ីចឹងទៅ ក្រោយពីយើងពិនិត្យអាហ្នឹងទៅ យើងគិតពីរឿងមួយទៀត អ៊ីចឹងបានជាខ្ញុំឲ្យពិនិត្យមើលច្រកហ្នឹងមួយទៀត»។
រហូតមកទល់ពេលនេះ តុលាការមិនទាន់ធ្វើសេចក្តីសំរេចយ៉ាងណាទេ ទាក់ទិនករណីកុមារីអនីតិជនខាងលើនេះ។
ប្រធានអង្គការបន្ទាយស្រី ក្នុងខេត្តបាត់ដំបង លោកស្រី ជឹម ប៊ុន ចិន្តា បានមានប្រសាសន៍ថា អង្គការរបស់លោកស្រី ក៏មានកម្មវិធីទាក់ទិនទៅនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរផ្លូវភេទដែរ ប៉ុន្តែជារៀងរាល់ឆ្នាំ អង្គការបន្ទាយស្រី ទទួលតួលេខតិចតូចបំផុត ទាក់ទិនករណីជួញដូរផ្លូវភេទក្នុងខេត្តបាត់ដំបង។
លោកស្រីបន្តថា នៅខេត្តបាត់ដំបង គឺជាតំបន់ឆ្លងកាត់ការជួញដូរផ្លូវភេទ ជាក់ស្ដែងដូចជាតួលេខ កាលពីឆ្នាំ២០០៩ កន្លងមក និងដើមឆ្នាំ២០១០ នេះ ៖ «២០០៩ យើងមានពីរករណី ឆ្នាំចាស់តែមកចូលឆ្នាំថ្មី មានតែមួយករណីទេ។ រឿងករណីជួញដូរច្រើនតែគេបញ្ជូនផុតពីដៃយើងទៅ សំខាន់ជួញដូរភាគច្រើនសមត្ថកិច្ចគាត់ធ្វើការអ៊ីចឹងទៅ ភាគច្រើនអត់បញ្ជូនមកខាងផ្ទះសុវត្ថិភាពទេ លើសមត្ថកិច្ចគាត់ចាត់ចែងការងារ និងអ៊ីចឹងគាត់ទៅខាងគាត់ទៅ យើងអត់បានតួលេខ យើងក៏មិនបានទៅសួរតួលេខពីគាត់អីដែរ សំខាន់យើងគិតទៅលើអតិថិជនណា ដែលបានមកដល់ផ្ទះសុវត្ថិភាពទីកន្លែងរបស់យើងផ្ទាល់ប៉ុណ្ណឹងឯង»។
ប្រធានអង្គការបន្ទាយស្រី លោកស្រី ជឹមប៊ុន ចិន្តា បានមានប្រសាសន៍ថា តាមទស្សនៈលោកស្រី ដើម្បីទប់ស្កាត់ការជួញដូរផ្លូវភេទ អាជ្ញាធរគួរតែពង្រីកការប្រើសេវាទូរស័ព្ទ ដូចជាការដាក់លេខទូរស័ព្ទតាមផ្ទាំងប៉ាណូ ដែលអាចទំនាក់ទំនងបានងាយបំផុត ដោយបានច្រើនកន្លែង ដើម្បីផ្ដល់ភាពងាយដល់មហាជន ដើម្បីផ្ដល់ព័ត៌មានទៅអាជ្ញាធរមានសមត្ថកិច្ច ទាក់ទិនករណីជួញដូរ និងការលើកទឹកចិត្តផ្ដល់ជារង្វាន់ ចំពោះជនណាដែលបានរាយការណ៍ពីករណីជួញដូរ។
ករណីជួញដូរផ្លូវភេទ ក្នុងខេត្តបាត់ដំបង ជារឿយៗតែងតែកើតមានឡើងជាបន្តបន្ទាប់ ហើយកាលពីដើមឆ្នាំ២០១០ មានសិស្សសាលានៅវិទ្យាល័យសម្ដេចឪ ក្នុងក្រុងបាត់ដំបងជាច្រើននាក់ ត្រូវបានមេអណ្ដើក នាំទៅជួញដូរផ្លូវភេទ ដេកតាមផ្ទះសំណាក់ សណ្ឋាគារជាមួយពួកបុរសមានលុយកាក់ក្នុងខេត្តបាត់ដំបង៕