អង្គការអន្តរជាតិអាស៊ាន ដើម្បីភូមា (AIPMC) ក៏បានអំពាវនាវដល់រដ្ឋាភិបាលភូមា ឲ្យបន្តការដោះលែងអ្នកទោសនយោបាយឯទៀត ឲ្យបានឆាប់រហ័ស ព្រោះថា ទន្ទឹមនឹងនោះដែរ ក៏មានអ្នកទោសនយោបាយ និងអ្នកទោសសម្បជញ្ញៈជាច្រើនទៀត កំពុងជាប់ឃុំឃាំងខ្លួននៅក្នុងពន្ធនាគារ។
របាយការណ៍របស់អង្គការអន្តរជាតិអាស៊ាន ដើម្បីភូមាចេញផ្សាយនៅថ្ងៃទី១៣ តុលា ឆ្នាំ២០១១ នេះ បានឲ្យដឹងថា ការដោះលែងអ្នកទោសនយោបាយភូមានេះ គឺជាជំហានមួយរបស់ប្រទេសភូមា ដែលឈានទៅរកលទ្ធិប្រជាធិបតេយ្យ ហើយថា រដ្ឋាភិបាលភូមា បានបង្ហាញពីគោលបំណងឲ្យអន្តរជាតិសរសើរ និងចាប់អារម្មណ៍ពីកំណែទម្រង់ប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ខ្លួន។
អង្គការនេះក៏បានស្វាគមន៍ដល់សហគមន៍អន្តជាតិ និងប្រទេសជាសមាជិកអាស៊ានទាំងអស់ដែលបានយកចិត្តទុកដាក់បន្តតាមដានស្ថានភាពនយោបាយប្រទេសភូមា។ អង្គការនេះក៏បានសុំឲ្យសហគមន៍អន្តជាតិ និងប្រទេសជាសមាជិកអាស៊ានទាំងអស់ ឲ្យជួយរក្សាការព្រួយបារម្ភ និងបន្តជួយឃ្លាំមើលការកែទម្រង់នយោបាយក្នុងប្រទេសនេះឲ្យបានពិតប្រាកដស្របតាមលទ្ធិប្រជាធិបតេយ្យផង ទោះបីជាមានការដោះលែងអ្នកនយោបាយថ្មីៗនេះក៏ដោយ។
អង្គការអន្តរជាតិអាស៊ាន ដើម្បីភូមា ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលភូមា បិទមន្ទីរឃុំឃាំងអ្នកទោសជាបន្ទាន់ ស្របតាមសេចក្ដីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិដែលបានសរសេរថា សកម្មភាពឃុំឃាំងអ្នកទោសនយោបាយទាំងអស់នេះ ជាការបំបាក់ស្មារតីរបស់មនុស្សដែលផ្ទុយទៅនឹងច្បាប់អន្តរជាតិ។
ស្របពេលដែលរដ្ឋាភិបាលភូមាបានដោះលែងអ្នកទោស ២០០នាក់ ប្រទេសឥណ្ឌា បានអបអរសាទរ និងបានសន្យានៅថ្ងៃទី១៤ តុលា នេះថា នឹងផ្ដល់ជាប្រាក់កម្ចីចំនួន ៥០០លានដុល្លារអាមេរិកដល់ប្រទេសភូមា ដើម្បីកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស សំដៅកសាងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស៕