ភូមា​ប្រកាស​ដោះលែង​អ្នក​ទោស​នយោបាយ​ជាង​៦​ពាន់​នាក់

រដ្ឋាភិបាល​ភូមា​បាន​ប្រកាស​ដោះ​លែង​អ្នក​ទោស​នយោបាយ​ជាង ៦​ពាន់​នាក់ ហើយ​អ្នក​ទោស ២០០​នាក់ ត្រូវ​បាន​ដោះលែង​រួចរាល់​ហើយ កាល​ពី​ថ្ងៃ​ទី​១៣ តុលា កន្លង​ទៅ។

0:00 / 0:00

អង្គការ​អន្តរជាតិ​អាស៊ាន ដើម្បី​ភូមា (AIPMC) ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ភូមា ឲ្យ​បន្ត​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ឯ​ទៀត ឲ្យ​បាន​ឆាប់​រហ័ស ព្រោះ​ថា ទន្ទឹម​នឹង​នោះ​ដែរ ក៏​មាន​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​សម្បជញ្ញៈ​ជា​ច្រើន​ទៀត កំពុង​ជាប់​ឃុំ​ឃាំង​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ។

របាយការណ៍​របស់​អង្គការ​អន្តរជាតិ​អាស៊ាន ដើម្បី​ភូមា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០១១ នេះ បាន​ឲ្យ​ដឹង​ថា ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ភូមា​នេះ គឺ​ជា​ជំហាន​មួយ​របស់​ប្រទេស​ភូមា ដែល​ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ ហើយ​ថា រដ្ឋាភិបាល​ភូមា បាន​បង្ហាញ​ពី​គោលបំណង​ឲ្យ​អន្តរជាតិ​សរសើរ និង​ចាប់​អារម្មណ៍​ពី​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

អង្គការ​នេះ​ក៏​បាន​ស្វាគមន៍​ដល់​សហគមន៍​អន្តជាតិ និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​បន្ត​តាមដាន​ស្ថានភាព​នយោបាយ​ប្រទេស​ភូមា។ អង្គការ​នេះ​ក៏​បាន​សុំ​ឲ្យ​សហគមន៍​អន្តជាតិ និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់ ឲ្យ​ជួយ​រក្សា​ការ​ព្រួយ​បារម្ភ និង​បន្ត​ជួយ​ឃ្លាំមើល​ការ​កែ​ទម្រង់​នយោបាយ​ក្នុង​ប្រទេស​នេះ​ឲ្យ​បាន​ពិត​ប្រាកដ​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ​ផង ទោះ​បី​ជា​មាន​ការ​ដោះលែង​អ្នក​នយោបាយ​ថ្មីៗ​នេះ​ក៏ដោយ។

អង្គការ​អន្តរជាតិ​អាស៊ាន ដើម្បី​ភូមា ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ភូមា បិទ​មន្ទីរ​ឃុំឃាំង​អ្នក​ទោស​ជា​បន្ទាន់ ស្រប​តាម​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ដែល​បាន​សរសេរ​ថា សកម្មភាព​ឃុំឃាំង​អ្នក​ទោស​នយោបាយ​ទាំង​អស់​នេះ ជា​ការ​បំបាក់​ស្មារតី​របស់​មនុស្ស​ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​អន្តរជាតិ។

ស្រប​ពេល​ដែល​រដ្ឋាភិបាល​ភូមា​បាន​ដោះ​លែង​អ្នក​ទោស ២០០​នាក់ ប្រទេស​ឥណ្ឌា បាន​អបអរ​សាទរ និង​បាន​សន្យា​នៅ​ថ្ងៃ​ទី​១៤ តុលា នេះ​ថា នឹង​ផ្ដល់​ជា​ប្រាក់​កម្ចី​ចំនួន ៥០០​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​ភូមា ដើម្បី​កែ​ទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស សំដៅ​កសាង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស៕