គម្រោងនេះត្រូវបានថ្លែងឲ្យដឹងជាសារធារណៈដោយនាយករដ្ឋមន្រ្តីប្រទេសកម្ពុជា គឺលោក ហ៊ុន សែន នៅក្នុងឱកាសប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានាសកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៤ កុម្ភៈ ឆ្នាំ២០១០។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសឲ្យភាគីថៃប្រគល់វត្ថុបុរាណដែលថៃមិនទាន់បានប្រគល់មកកម្ពុជាវិញនៅឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «ខ្ញុំនិយាយពីទៅតុលាការអន្តរជាតិទីក្រុងឡាអេ គឺមិនមែនទៅឲ្យកាត់សេចក្តីឡើងវិញទេលើបញ្ហាព្រះវិហារ។ គោលដៅរបស់យើង បើទៅតុលាការអន្តរជាតិទីក្រុងឡាអេ គឺសំដៅការដោះស្រាយ ទី១។ ទី២ ជំរុញឲ្យអនុវត្តសាលក្រមពេញលេញ ព្រោះអាចំណុចទី៣ ស្តីពីការប្រគល់វត្ថុបុរាណដែលថៃយកទៅនោះអត់ទាន់បានប្រគល់ទេ អ៊ីចឹងតុលាការត្រូវមានសិទ្ធិដើម្បីធ្វើរឿងនេះឲ្យយើង។ យើងទៅឲ្យគេបកស្រាយ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍បន្តថា កម្ពុជានឹងលើកករណីព្រះវិហារនេះទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាមុន ដើម្បីឲ្យក្រុមប្រឹក្សានេះសួរយោបល់ទៅតុលាការអន្តរជាតិទីក្រុងឡាអេ ឲ្យបកស្រាយអំពីអ្វីដែលហៅថា ប្រាសាទព្រះវិហារស្ថិតក្នុងដែនអធិបតេយ្យប្រទេសកម្ពុជា ដោយផ្អែកលើផែនទីបារាំង-សៀមបន្សល់ទុក។
លោក ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ៖ «គេមិនអាចកំណត់បានថា នែ! ចង្កេះភ្នំនេះ កំពូលភ្នំទ្រព្យ ឬក៏វត្តកែវសិក្ខាគិរីស្វារៈ គេអត់កំណត់អ៊ីចឹងបានទេ គេផ្អែកលើផែនទីដែលបន្សល់ទុកដោយបារាំង-សៀម ហើយដែលអមជាមួយនឹងអាហ្នឹង...»។
គ្រូបង្រៀននៅខេត្តព្រះវិហារមួយរូបឈ្មោះ បេ នាង ថ្លែងថា លោកមានភាពកក់ក្តៅច្រើនចំពោះគោលបំណងរបស់ប្រទេសកម្ពុជា ដែលលើកយកបញ្ហាព្រះវិហារទៅឲ្យអង្គការសហប្រជាជាតិដោះស្រាយ។
លោក បេ នាង ឲ្យដឹងដូច្នេះ ៖ «ខ្ញុំគាំទ្រហើយគំនិតដែលថា ទៅដោះស្រាយនៅតុលាការអន្តរជាតិ។ បើសិនជាយើងដោះស្រាយតាមផ្លូវនីតិវិធីតុលាការអន្តរជាតិ អាហ្នឹងវាល្អសម្រាប់ភាគីខាងយើង ព្រោះកាលពីជំនាន់ឆ្នាំ៦២ ដែលសម្តេច សីហនុ តវ៉ាកាលពីជំនាន់នោះ យើងដាក់ចូលក្នុងទីក្រុងឡាអេ។ អ៊ីចឹងលទ្ធផលកាលពីមួយសានោះ យើងបានទទួលជោគជ័យ បើសិនជាយើងដាក់ចូលទីក្រុងឡាអេដដែល ប្រាកដជាយើងទទួលបានជោគជ័យដូចមុនអ៊ីចឹងដែរ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ខាងផ្លូវច្បាប់ភាគីកម្ពុជាមានប្រៀបជាងភាគីថៃ ហើយថា ប្រទេសកម្ពុជាចង់ចរចាដោយសន្តិវិធីទ្វេភាគី ក៏ប៉ុន្តែតែឥឡូវនេះ ការចរចាទ្វេភាគីនេះទៅមុខលែងរួចហើយ បន្ទាប់ពីបានប្រជុំចរចាថ្នាក់រដ្ឋមន្ត្រីការបរទេសបីដងរួចមក៕
