កម្ពុជា-បេឡារូស​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​លើក​ដំបូង

ប្រទេស​កម្ពុជា និង​ប្រទេស​បេឡារូស (Belarus) បាន​សម្រេច​តភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​គ្នា នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ នេះ នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​តែ​មាន​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច នៅ​ក្នុង​តំបន់​អាស៊ាន (Asean) កន្លង​មក។

0:00 / 0:00

នាយក​នៃ​សភា​ពាណិជ្ជកម្ម​របស់​ប្រទេស​បេឡារូស លោក ម៉ីកហៀល មីយ៉ាតលីកូវ (Mikhail Myatlikov) និង​អនុប្រធាន​សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា លោក​ឧកញ៉ា ស៊ន សុខណា នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ បាន​ចុះ​ហត្ថលេខា​ទ្វេភាគី​លើក​ដំបូង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​បើក​ផ្លូវ​ឲ្យ​ប្រទេស​កម្ពុជា និង​ប្រទេស​បេឡារូស ផ្លាស់​ប្តូរ​ទំនិញ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​នៅ​ថ្ងៃ​អនាគត។

ផ្អែក​តាម​កិច្ច​ព្រមព្រៀង​នោះ គឺ​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ​ផ្ដល់​ព័ត៌មាន និង​ផ្លាស់ប្ដូរ​ប្រតិភូ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដោយ​រៀបចំ​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​នានា ដើម្បី​ឲ្យ​យល់​ដឹង​អំពី​វិស័យ​ជំនួញ សេដ្ឋកិច្ច និង​ការ​នាំ​ចេញ​រវាង​ប្រទេស​ទាំងពីរ។

ជាមួយ​គ្នា​នេះ កិច្ច​ព្រមព្រៀង​នោះ​បាន​ចែង​ទៀត​ថា ភាគី​ទាំងពីរ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​នៃ​ការ​នាំចេញ​របស់​ក្រុមហ៊ុន​នានា ដែល​ជា​ក្រុមហ៊ុន​ខ្នាត​តូច និង​ក្រុមហ៊ុន​ខ្នាត​មធ្យម​ជាដើម។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា លោក​ឧកញ៉ា ស៊ន សុខណា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ក្រោយ​ពី​ការ​ចុះ​ហត្ថលេខា​នោះ​ថា កម្ពុជា​ត្រៀម​នាំ​ចេញ​ផលិតផល​ណា​ដែល​ក្រុមហ៊ុន​នានា​នៅ​ប្រទេស​បេឡារូស ត្រូវ​ការ​ពី​កម្ពុជា។

លោក​ឧកញ៉ា ស៊ន សុខណា៖ «ឥឡូវ​នេះ​ចាប់​អនុវត្ត​ខ្លះ​ហើយ មាន​រៀបចំ។ គេ​ទើប​រៀបចំ​ហ្នឹង​ដោយសារ​តែ​ខាង​ខ្មែរ​យើង​នាំ​ចូល​ត្រាក់ទ័រ​ហ្នឹង​ពី​ប្រទេស​បេឡារូស​យូរ​មក​ហើយ ច្រើន​ឆ្នាំ​ហើយ តែ​ដល់​ឥឡូវ​នេះ​គេ​រៀបចំ​ដំឡើង​ជា​រោងចក្រ​ដំឡើង​ត្រាក់ទ័រ​នៅ​ខ្មែរ​ហ្នឹង។ អ៊ីចឹង​បន្តិច​ទៀត​គេ​រៀប​ចំ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ ហើយ​គេ​ធ្វើ​នៅ​កន្លែង​ដំឡើង​ត្រាក់ទ័រ​នៅ​ព្រែកលៀប ផ្លូវ​ជាតិ​លេខ ៦​អា ដោយសារ​តែ​មាន​អ្នក​វិនិយោគ​ខ្មែរ​ម្នាក់​ហ្នឹង គាត់​បាន​នាំ​ចូល​ត្រាក់ទ័រ​ហ្នឹង​ពី​ប្រទេស​បេឡារូស ហើយ​បេឡារូស​ហ្នឹង​គេ​បាន​យល់ព្រម​បង្កើត​រោងចក្រ​ដំឡើង​ត្រាក់ទ័រ​ហ្នឹង​នៅ​ខ្មែរ ជា​ពិសេស​យើង​ផ្ដោត​លើ​ការ​នាំ​ចូល​ជី​គីមី ហើយ​នឹង​គ្រឿងយន្ត​កសិកម្ម​មួយ​ចំនួន​ទៀត»

ប្រធាន​សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​បេឡារូស លោក ម៉ីកហៀល មីយ៉ាតលីកូវ បាន​មាន​ប្រសាសន៍​ភាសា​បេឡារូស ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ប្រទេស​កម្ពុជា និង​ប្រទេស​បេឡារូស នៅ​ឆ្ងាយ​ពី​គ្នា​មែន ប៉ុន្តែ​ផ្ទៃ​ដី​ក្រឡា​ប្រទេស​ទាំងពីរ​មាន​ទំហំ​ដូច​គ្នា និង​មាន​សក្ដានុពល​សេដ្ឋកិច្ច​រៀងៗ​ខ្លួន ដើម្បី​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​គ្នា។

លោក ម៉ីកហៀល មីយ៉ាតលីកូវ៖ «ឯកឧត្ដម​បាន​ដឹង​ហើយ​នៅ​ប្រទេស​បេឡារូស គឺ​ជា​ប្រទេស​មួយ​ធំ​ជាងគេ​ដែរ​ក្នុង​ការ​ផលិត​ជី​គីមី​កសិកម្ម។ នៅ​ប្រទេស​កម្ពុជា យើង​មាន​កំពង់ផែ​ដ៏​ធំ ហើយ​ខ្ញុំ​ណែនាំ​ឲ្យ​បាន​ស្គាល់​នូវ​ឯកឧត្ដម​ដែល​ធ្វើ​ពាណិជ្ជកម្ម​ខាង​ផ្នែក​ជី​គីមី​ហ្នឹង ដើម្បី​នាំ​ចូល​មក​ដោយ​ត្រង់​តែ​ម្ដង»

លោក ម៉ីកហៀល មីយ៉ាតលីកូវ បាន​ឲ្យ​ដឹង​ថា ប្រទេស​បេឡារូស ត្រូវការ​នាំ​ចូល​អង្ករ ត្រី កៅស៊ូ​ស្រស់ និង​ថ្នាំជក់​ពី​កម្ពុជា នៅ​គ្រា​ប្រទេស​នេះ​មាន​សក្ដានុពល​ក្នុង​ការ​ផលិត​ត្រាក់ទ័រ ជី​គីមី​កសិកម្ម រថយន្ត​ធំៗ គ្រឿងចក្រ​ទំនើបៗ រោងចក្រ​ស្លដែក និង​គ្រឿង​អេឡិចត្រូនិក​ជាដើម សម្រាប់​នាំ​ចូល​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។