ទីប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មការជាតិព្រះវិហារ លោក ជុច ភឿន បានមានប្រសាសន៍ថា ការបញ្ជូនរបាយការណ៍នេះបន្ទាប់ពីគេបានអង្កេតឃើញប្រាសាទព្រះវិហារត្រូវរងការខូចខាតជាច្រើនអន្លើក្រោយពីមានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតំបន់ប្រាសាទព្រះវិហារកាលពីពេលថ្មីៗកន្លងទៅ។
រីឯការខូចខាតនោះលោកបានបញ្ជាក់យ៉ាងដូច្នេះ ៖ «ចុងគ្រាប់កាំភ្លើងវាមកប៉ះ អាហ្នឹងគ្រាប់១២,៧ អាហ្នឹងខ្លាំងណាស់ ប៉ុន្តែវាបាញ់មកវាមិនអាចធ្វើឲ្យថ្មហ្នឹងបែកទេ ប៉ុន្តែបំណែកវាបែកចេញតូចៗទៅនៅហ្នឹងមានគ្រាប់៧៩អីដែលវាបាញ់មកវាបែកប៉ះថ្មហ្នឹង។ រួចហើយកន្លែងលក់អីវ៉ាន់សម្រាប់ទេសចរហ្នឹងឆេះទាំងអស់ ឆេះហើយកម្ដៅហ្នឹងវារោលជញ្ជាំងថ្មដែលវានៅក្បែរៗជណ្ដើរហ្នឹងឡើងបាត់អស់មួយភាគធំ»។
លោក ជុច ភឿន បានមានប្រសាសន៍ប្រាប់ដែរថា ប្រាសាទព្រះវិហារបានទទួលរងនូវការខូចខាតចំនួន២លើកហើយរាប់ទាំងលើកនេះផងដោយសារការប្រយុទ្ធគ្នានេះ។
សមាជិកក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរព្រះវិហារមួយរូបសុំមិនប្រាប់ឈ្មោះបានប្រាប់ឲ្យដឹងដែរថា ការខូចខាតនូវថ្មប្រាសាទព្រះវិហារដោយសារការប៉ះទង្គិចនៃការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរនោះគឺអាជ្ញាធរព្រះវិហារមិនអាចវាយតម្លៃថាមានទំហំប៉ុន្មានដែរទេពីព្រោះបញ្ហានេះគឺជាតួនាទីរបស់អង្គការយូណេស្កូ។
លោកបានបន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោករួចហើយដូច្នេះប្រាសាទនេះត្រូវតែទទួលបាននូវការអភិរក្សពីមនុស្សជាតិ ៖ «គឺកាតព្វកិច្ចទាំងអស់គ្នាមិនមែនតែខ្មែរទេ គឺអន្តរជាតិជិតខាងគឺត្រូវតែការពារទាំងអស់គ្នា»។
អគ្គលេខាធិការគណៈកម្មការជាតិនៃអង្គការយូណេស្កូកម្ពុជា លោកស្រី តាន់ ធានី បានបង្ហើបឲ្យដឹងយ៉ាងខ្លីថា យូណេស្កូនឹងធ្វើការប្រជុំមួយដើម្បីពិនិត្យមើលអំពីបញ្ហានៃការខូចខាតនោះ។
គួររំឭកដែរថា ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨។ ក្រោយពីបានទទួលស្គាល់ជាផ្លូវការហើយគេឃើញមានការបង្ហូតទង់ជ័យរបស់អង្គការយូណេស្កូដើម្បីបញ្ជាក់ថាជាសញ្ញាសម្បត្តិបេតិកភណ្ឌពិភពលោកនៅលើប្រាសាទព្រះវិហារនោះថែមទៀតផងដើម្បីឲ្យមនុស្សជាតិចូលរួមថែរក្សា។
ក៏ប៉ុន្តែទោះបីជាបែបនេះក្តីគេឃើញប្រាសាទព្រះវិហារនៅតែទទួលរងនូវការខូចខាតដូចបានបញ្ជាក់មកនេះ៕
