មន្ត្រីប៉ូលិសវរការពារព្រំដែន៧៩៥មួយរូបដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ថា តំបន់ច្រកតាថាវចម្ងាយប្រមាណ៦គីឡូម៉ែត្រភាគខាងកើតប្រាសាទព្រះវិហារត្រូវបានទាហានឈុតខ្មៅថៃមួយក្រុមដាក់រាយលួសបន្លាចូលមកព្រំដែនខ្មែរពីរបីខែមកហើយ ចំណែកឯតំបន់បុសស្បូវក៏ត្រូវបានកងទាហានថៃចូលមកធ្វើខ្ទមបីខ្នងផងដែរ ហើយបញ្ហានេះមន្ត្រីយោធាខ្មែរថៃមានគម្រោងជួបប្រជុំជាមួយគ្នាដើម្បីរកដំណោះស្រាយ។
មន្ត្រីប៉ូលិសដដែលបានឲ្យដឹងថា ៖ «លួលបន្លានៅតាថាវនៅ ថាដោះស្រាយគ្នាថ្ងៃ៣០អាហ្នឹងហើយនិងអាផ្ទះបីខ្នងនៅបុសស្បូវ យើងថាដីយើង វាថាដីវា»។
ចំណែកនៅឯវាលឥន្ទ្រីនិងតំបន់សំបុកឃ្មុំទល់មុខប្រាសាទព្រះវិហារមានសេចក្តីរាយការណ៍ថាទាហានថៃប្រមាណ១០០នាក់ដែលព្យាយាមបញ្ជូនចូលមកព្រំដែនខ្មែរនោះបានដកថយទៅវិញអស់ហើយ ក៏ប៉ុន្តែកាលពីយប់ថ្ងៃសៅរ៍មានការចោទប្រកាន់ថា ទាហានប៉ារ៉ាថៃប្រមាណ១០នាក់បានលបលួចចូលមកក្នុងទឹកដីខ្មែរខាងត្បូងវាលឥន្ទ្រីដែលជាចង្កេះភ្នំទ្រព្យ។
តាមមន្ត្រីយោធាខ្មែរម្នាក់ដែលកំពុងប្រចាំការនៅតំបន់ជម្លោះនោះបានអះអាងថា ក្រុមទាហានប៉ារ៉ាថៃបានលបលួចចូលកាលពីវេលាម៉ោងប្រមាណជា៧យប់ថ្ងៃសៅរ៍ ៖ «វាលបចូលខាងត្បូងវាលឥន្ទ្រី ចង្កេះភ្នំទ្រព្យហ្នឹងឯង។ មិញត្រៀមចង់មួយព្រឹកហើយហ្នឹង»។
ក៏ប៉ុន្តែយោងតាមសារព័ត៌មានមួយចំនួនផ្សាយចេញពីទីក្រុងបាងកកកាលពីពេលថ្មីបានដកស្រង់យកសម្ដីមេបញ្ជាការយោធាថៃដែលបានបដិសេធថា កងទ័ពថៃមិនបានចូលលុកលុយព្រំដែនកម្ពុជាទេ ហើយស្ថានការណ៍នៅតំបន់ជម្លោះជិតប្រាសាទព្រះវិហារក៏នៅជាធម្មតា។
កងយោធាខ្មែរនៅតំបន់ជម្លោះជិតប្រាសាទព្រះវិហារបាននិយាយថា ការប្រឈមមុខដាក់គ្នាដោយអាវុធនៅទីនោះបានធូរស្រាលជាងកាលពីបីថ្ងៃមុន ក៏ប៉ុន្តែទាហានទាំងសងខាងនៅតែប្រុងប្រយ័ត្ននៅឡើយ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា គណៈកម្មការព្រំដែនគោកកម្ពុជាថៃមានគម្រោងនឹងជួបប្រជុំគ្នានៅដើមខែមេសាខាងមុខនេះដើម្បីស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាជម្លោះព្រំដែនដែលកំពុងកើតមានជាច្រើនកន្លែង ៖ «ជួបជុំគ្នានៅថ្ងៃទី៦ ថ្ងៃទី៧ ខែមេសា»។
សូមរំឭកថា បន្ទាប់ពីមានការជួបប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសកម្ពុជាថៃលើកទី៣នៅឯខេត្តសៀមរាបកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៨កន្លងមក រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ លោក ហោ ណាំហុង ធ្លាប់បានទាមទារឲ្យថៃដកកងទ័ពចេញពីវត្តកែវសិក្ខាគិរីស្វារៈនិងពីតំបន់ជម្លោះជិតប្រាសាទព្រះវិហារ ក៏ប៉ុន្តែរហូតមកដល់ពេលនេះពុំបានលទ្ធផលអ្វីនៅឡើយទេ៕
