កិច្ច​ចរចា​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​នៅតែ​បន្ត​ធ្វើ

មន្រ្តី​នានា​បាន​និយាយ​ថា កិច្ច​ចរចា​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​នៅតែ​បន្ត​ធ្វើ​តាម​ការគ្រោង​ទុក​ទោះ​បី​ជា​មាន​ការវាយ​ប្រយុទ្ធ​គ្នា​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ក៏​ដោយ។

0:00 / 0:00

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា កិច្ច​ចរចា​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃ​ទី​៦-៧ មេសា​នេះ នឹង​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ។

លោក កុយ គួង បាន​ឲ្យ​ដឹង​ថា ៖ «កិច្ចប្រជុំ​ហ្នឹង​ធ្វើ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ខ្មែរ​យើង​ហ្នឹង។ កិច្ចប្រជុំ​នេះ​ហៅ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ ហៅ JDC ដែល​មាន​ខាង​ភាគី​កម្ពុជា​យើង​ដឹកនាំ​ដោយ​ឯកឧត្ដម វ៉ា គឹមហុង ហើយ​ភាគី​ខាង​ថៃ​គឺ​លោក វ៉ាស៊ីន ដែល​លោក​ធ្លាប់​ដឹកនាំ JDC​ហ្នឹង ប្រជុំ​ចុង​ក្រោយ​នៅ​សៀមរាប ក៏​ដូច​ជា​ចុង​ក្រោយ​នេះ​នៅ​បាងកក ហើយ​កិច្ចប្រជុំ​ពី​ថ្ងៃ​ស្អែក ថ្ងៃ​ខានស្អែក​នេះ គឺ​យើង​បន្ត​ពិភាក្សា​អំពី​កំណត់ហេតុ​ហើយ​និង​កិច្ច​ព្រមព្រៀង​បណ្ដោះ​អាសន្ន​ដែល​យើង​មិន​ទាន់​បាន​បញ្ចប់​នៅ​សៀមរាប​ក៏​ដូច​ជា​នៅ​បាងកក​នា​ពេល​ចុង​ក្រោយ​នេះ»

លោក កុយ គួង ក៏​បាន​បញ្ជាក់​អំពី​ចំណុច​ខ្លះៗ​ដែល​នឹង​ត្រូវ​ធ្វើការ​ចរចា​នោះ ជា​ពិសេស​គឺ​បញ្ហា​ព្រំដែន​ដែល​កំពុង​មាន​បញ្ហា​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

លោក កុយ គួង បាន​បញ្ជាក់​ថា ៖ «នេះ​គេ​ហៅ​ថា គណៈកម្មការ​បច្ចេកទេស ដូច្នេះ​គេ​ពិភាក្សា​តែ​ទៅ​លើ​រឿង​បញ្ហា​បច្ចេកទេស ដូច​ជា​បញ្ហា​ការវាស់វែង​កំណត់​បង្គោល​សីមា បោះ​បង្គោល​ហើយ​និង​ការដោះ​មីន​អី​ជាដើម។ ជា​ការ​ពិត​គឺ​ផ្ដោត​ទៅ​លើ​តំបន់​ដែល​មាន​បញ្ហា​ជា​មុន»

កាលពី​ថ្ងៃ​សុក្រ​ទាហាន​ខ្មែរ​និង​ទាហាន​ថៃ​បាន​វាយ​ប្រយុទ្ធ​គ្នា​ពីរ​លើក​នៅ​ត្រង់​ចំណុច​ព្រលាន​ឥន្ទ្រី​នៅ​ចំណុច​ចង្កេះ​ភ្នំ​ទ្រព្យ​និង​ចំណុច​សំបុក​ឃ្មុំ​ក្បែរ​បរិវេណ​ប្រាសាទ​ព្រះវិហារ ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា កង​ទាហាន​ថៃ​បាន​ស្លាប់​និង​រង​របួស​ជា​ច្រើន​នាក់ រីឯ​ខាង​ភាគី​កម្ពុជា​មិន​មាន​របាយការណ៍​ស្ដីអំពី​គ្រោះថ្នាក់​នោះ​ទេ។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា តាម​គម្រោង​គណៈប្រតិភូ​ថៃ​ដែល​នឹង​ចរចា​អំពី​បញ្ហា​ព្រំដែន​នោះ​អាច​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៥ មេសា​នេះ។

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា ៖ «នៅ​ដដែល អត់​មាន​កែប្រែ​ទេ ស្អែក ខានស្អែក ២​ថ្ងៃ អត់​មាន​ប្រែប្រួល​ទេ​រហូត​មក​ដល់​ថ្ងៃ​នេះ»

បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​ជា​ពិសេស​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​បាន​ពុះ​កញ្ជ្រោល​ឡើង​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០០៨ ហើយ​កងទ័ព​ថៃ​បាន​ចាប់ផ្តើម​ការលុកលុយ​នៅ​តំបន់​នោះ​ធ្វើ​ឲ្យ​មាន​ការប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​និង​របួស​ជា​ច្រើន​នាក់៕