លោក ស្កុត សៀល (Scotte Seals) មេបញ្ជាការអនុសេនាធំនៃកងម៉ារីន USS Tortuga មានប្រសាសន៍តាមរយៈអ្នកបកប្រែភាសានៅថ្ងៃទី១១ ខែមិថុនា នាមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកពេជ្រនិល ខេត្តកំពង់ស្ពឺ ថា ការហ្វឹកហាត់រវាងកងទ័ពជើងទឹកអាមេរិក និងកងទ័ពកម្ពុជា នៅពេលនេះ ទាក់ទងទៅនឹងការវាយលុកទៅលើសត្រូវ ការការពារខ្លួននៅពេលសត្រូវវាយលុក និងការធ្វើបន្លាស់ទីប្រកបដោយសុវត្ថិភាព។
លោក ស្កុត សៀល មានប្រសាសន៍ដូច្នេះ ៖ "វគ្គបណ្ដុះបណ្ដាលនេះ គឺផ្ដោតទៅលើកិច្ចសហប្រតិបត្តិការរួមគ្នា ការដើររួមគ្នា ការតស៊ូរស់នៅក្នុងព្រៃ ការឆ្លងកាត់នូវឧបសគ្គ របៀបធ្វើម៉េចដើម្បីឲ្យរស់នៅក្នុងព្រៃបាន"។
លោកវរសេនីយ៍ទោ ជន ពៅ នាយករងទទួលបន្ទុកការងារហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងទឹក គោក ពេជ្រនិល មានប្រសាសន៍កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ថា វគ្គបណ្ដុះបណ្ដាលនេះមានគ្រូបង្វឹកមកពីកងទ័ពម៉ារីនអាមេរិកជាង ៤០នាក់ ចូលរួមបង្ហាត់ ដោយមានការសហការពីកងទ័ពនៃកងពលតូចលេខ ៣១ ប្រចាំការនៅខេត្តកំពង់ស្ពឺ សរុបជាង ១០០នាក់ ធ្វើលំហាត់សមយុទ្ធក្នុងចម្ងាយផ្លូវ ១៧គីឡូម៉ែត្រ។
លោកវរសេនីយ៍ទោ ជន ពៅ បន្តថា ការហ្វឹកហ្វឺន និងការត្រៀមជាស្រេច មានឈ្មោះថា CARAT នៅពេលនេះ មានដូចជា យុទ្ធសាស្ត្រនៃការធ្វើដំណើរឆ្លងស្ពាន ផ្លូវ របៀបរស់នៅដោយការដាច់ស្បៀងក្នុងព្រៃ និងការចល័តកម្លាំងនៅពេលសត្រូវវាយលុកជាដើម។
លោក ជន ពៅ មានប្រសាសន៍ដូច្នេះ ៖ «ដើម្បីសុវត្ថិភាពទ័ព ឆ្លងស្ពានយើងត្រូវធ្វើយ៉ាងម៉េច? នៅពេលកំពុងធ្វើដំណើរតាមផ្លូវ ហើយមានឧទ្ធម្ភាគចក្រស៊ើបការណ៍ តើយើងត្រូវពូនដើម្បីគេចផុតកុំឲ្យយន្តហោះស៊ើបការណ៍ឃើញ តើយើងត្រូវធ្វើរបៀបណា? មួយទៀត គឺការឆ្លងផ្លូវ។ ដើម្បីឆ្លងផ្លូវហ្នឹងឲ្យមានសុវត្ថិភាពយើងរៀបទ័ពយ៉ាងម៉េច...?»។
លោកអនុសេនីយ៍ឯក ម៉ៃ ម៉ូឡេយ៍ (Mike Morley) មន្ត្រីទទួលបន្ទុកកិច្ចការសាធារណៈនៃកប៉ាល់ចម្បាំង USS Tortuga បានឲ្យដឹងផងដែរថា ដំណើរទស្សនកិច្ចនៃកប៉ាល់ចម្បាំងអាមេរិកនៅកម្ពុជា ក្រៅពីធ្វើទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធ សហរដ្ឋអាមេរិកចង់មកផ្លាស់ប្តូរបទពិសោធន៍ជំនាញប្រយុទ្ធ និងរួមគ្នាទប់ស្កាត់អំពើភេវរៈកម្ម និងទប់ស្កាត់ចោរសមុទ្រជាដើម។ លោកបន្តថា ការធ្វើលំហាត់សមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរប្រទេសពេលនេះ ក៏ដើម្បីត្រៀមខ្លួនចូលរួមសមយុទ្ធដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះនៅខែតុលា ខាងមុខនេះ។
លោកមានប្រសាសន៍ឲ្យដឹងតាមសំឡេងអ្នកបកប្រែភាសាដូច្នេះ ៖ "សម្រាប់ដំណាក់កាលនេះ រឿងធំបំផុតគឺការផ្លាស់ប្ដូរបទពិសោធន៍ ការចែករំលែកនូវចំណេះវិជ្ជា និងព័ត៌មាន។ គោលការណ៍ចម្បងរបស់នាវា គឺការកសាងទំនាក់ទំនងរវាងកងទ័ពខ្មែរនិងកងទ័ពអាមេរិក ដើម្បីបង្កើនមិត្តភាពរវាងប្រទេសទាំងពីរ"។
ការហ្វឹកហ្វឺន និងការត្រៀមជាស្រេច ឬហៅថា CARAT សហរដ្ឋអាមេរិក បានបង្កើតឡើងនៅឆ្នាំ១៩៩៥ ចាប់ផ្ដើមដំបូងមានប្រទេសចំនួន ៦ នៅអាស៊ីអាគ្នេយ៍ជាដៃគូ គឺមានប្រទេសប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង ថៃ ប៉ុន្តែនៅឆ្នាំ២០១០នេះ មានប្រទេសពីរទៀតចូលជាសមាជិក គឺកម្ពុជា និង បង់ក្លាដែស៕