កម្ពុជា​បង្កើត​ក្រុម​ការងារ​រៀបចំ​ពាក្យ​បណ្ដឹង​ពី​បញ្ហា​ប្រាសាទ​ព្រះវិហារ

រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ក្រុម​ការងារ​រៀបចំ​ពាក្យ​បណ្ដឹង​បញ្ហា​ប្រាសាទ​ព្រះវិហារ​ទៅ​កាន់​​តុលាការ​យុត្តិធម៌​អន្តរជាតិ (International Court of Justice) ដើម្បី​ស្វែង​រក​ការ​បកស្រាយ​សាលក្រម​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ ទាក់ទង​នឹង​កម្មសិទ្ធិ​ប្រាសាទ​ព្រះវិហារ និង​តំបន់​ក្បែរ​ប្រាសាទ។

0:00 / 0:00

សេចក្ដី​សម្រេច​របស់​លោក ហ៊ុន សែន ចេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ហើយ​បាន​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អង្គារ ទី​១៥ ខែ​មីនា បាន​ចាត់តាំង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​មន្ត្រី​មួយ​ចំនួន​ទៀត រៀបចំ​ពាក្យ​បណ្ដឹង និង​ឯកសារ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​បកស្រាយ​សាលក្រម​ខ្លួន​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២។

លោក ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា ក្រុម​ការងារ​ត្រូវ​បន្ត​ទំនាក់ទំនង​ការងារ​ជាមួយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​រហូត​ដល់​ទទួល​បាន​លទ្ធផល​បញ្ចប់​នៃ​ការ​បកស្រាយ​សាលក្រម​ខាង​លើ។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​បក​ស្រាយ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ជា​ការ​ចាំបាច់​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន ៖ «ដល់​តុលាការ​អន្តរជាតិ (ក្រុង) ឡាអេ ឡើង​វិញ​ហើយ បកស្រាយ​សាលក្រម។ បើ​ឃើញ​ថា កម្ពុជា​នៅ​លើ​ដី​គេ យើង​សុខចិត្ត​ថយ ប៉ុន្តែ​បើ​អ្នក​ឯង​នៅ​លើ​ដី​ខ្ញុំ អ្នក​ឯង​ថយ! យើង​គោរព​សាលក្រម​តុលាការ​អន្តរជាតិ​ទាំង​អស់​គ្នា»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ផ្សាយ​នៅ​លើ​គេហទំព័រ​តុលាការ បាន​បញ្ជាក់​ថា សេចក្ដី​សម្រេច​របស់​តុលាការ​ដែល​មាន​ការ​គាំទ្រ​ភាគ​ច្រើន កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ បាន​រក​ឃើញ​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា។ សេចក្តី​សម្រេច​ក៏​បាន​បញ្ជា​ឲ្យ​ថៃ ដក​កងទ័ព ឬ​ក៏​ប៉ូលិស​ខ្លួន​ចេញ​ពី​ប្រាសាទ និង​តំបន់​ជុំវិញ​បរិវេណ​ប្រាសាទ​ព្រះវិហារ។

សាលក្រម​តុលាការ​ក៏​បាន​បញ្ជា​ឲ្យ​ថៃ មាន​តួនាទី​ប្រគល់​ចម្លាក់​បុរាណ និង​បំណែក​ប្រាសាទ​ទាំង​ឡាយ​ណា​ដែល​បាន​ផ្លាស់ប្ដូរ​ទី​កន្លែង​ដោយសារ​អាជ្ញាធរ​ថៃ ចាប់​ពី​ការ​គ្រប់គ្រង់​ប្រាសាទ​ព្រះវិហារ​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៤។

លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​អង្គារ ទី​១៥ ខែ​មីនា បាន​សម្ដែង​ការ​គាំទ្រ​ពាក្យ​បណ្តឹង​របស់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​មាន​ការ​បកស្រាយ​សាលក្រម​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ។

លោក សម រង្ស៊ី បន្ត​ថា កម្ពុជា​ចាំបាច់​ស្នើ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី ធ្វើការ​កោះ​ប្រជុំ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ស្វែង​រក​ការ​ធានា​មិន​ឲ្យ​មាន​ការ​រំលោភ​បូរណភាព​ទឹក​ដី​ខ្មែរ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​បន្ថែម ៖ «ប្រទេស​ឥណ្ឌូណេស៊ី មិន​គ្រាន់តែ​ជា​ប្រធាន​សហគមន៍​អាស៊ាន​ទេ ប៉ុន្តែ​ប្រទេស​ឥណ្ឌូណេស៊ី គឺ​ជា​សហប្រធាន​នៃ​សន្និសីទ​អន្តរជាតិ​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា គឺ​ប្រទេស​ឥណ្ឌូណេស៊ី ជាមួយ​នឹង​ប្រទេស​បារាំង ដែល​ជា​សហប្រធាន​មួយ​ទៀត​នោះ គឺ​មាន​តួនាទី​ពិនិត្យ​ស្ថានការណ៍​នៅ​ប្រទេស​ដែល​បណ្ដាល​មក​ពី​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ថៃ...»

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មីនា ក៏​បាន​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី បញ្ជូន​ក្រុម​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មក​ប្រទេស​កម្ពុជា ដោយ​ផ្ទាល់​តែម្ដង នៅ​ពេល​ដែល​ប្រទេស​ថៃ នៅ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មក​ត្រួត​ពិនិត្យ​ការ​ផ្ទុះ​អាវុធ​នៅ​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ ក្បែរ​ប្រាសាទ​ព្រះវិហារ។

កម្ពុជា​បាន​រៀបចំ​ទទួល​ក្រុម​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី ដោយ​មាន​រៀបចំ​ជា​គណៈកម្មការ​ដែល​មាន​មន្ត្រី​កម្ពុជា ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី ដើម្បី​ធ្វើការ​ជាមួយ​ក្រុម​អ្នក​សង្កេតការណ៍​ទាំង​នោះ។

កម្ពុជា និង​ថៃ មាន​គម្រោង​ជួប​ប្រជុំ​គ្នា​រវាង​គណៈកម្មការ​ព្រំដែន​រួម (GBC) និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន (JBC) កម្ពុជា និង​ថៃ នៅ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​២៤ និង ២៥ មីនា នោះ៕