លោក ហ៊ុន សែន ចាត់​ទុក​ចិន​ជា​អ្នក​រួម​ចំណែក​សំខាន់​ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន លោក ផាន ហ្គួងហ្សេ (Pan Guang Xue) នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​បើក​ការដ្ឋាន​រួម​គ្នា ដើម្បី​សាងសង់​ផ្លូវ​ជាតិ​លេខ​៦ និង​ពង្រីក​ផ្លូវ​ជាតិ​នេះ​ឲ្យ​ធំ​ទូលាយ​ជាង​មុន។

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ចាត់​ទុក​ប្រទេស​ចិន ជា​អ្នក​បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន និង​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី​ដោយ​គ្មាន​លក្ខខណ្ឌ​សំរាប់​ប្រទេស​កម្ពុជា ជា​ពិសេស​ចំណាយ​លើ​ការ​សាងសង់​ផ្លូវ​ជាតិ និង​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​ជា​ច្រើន​កន្លែង។

ផ្លូវ​ជាតិ​លេខ​៦ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ និង​ពង្រីក​ឲ្យ​ធំ​ទូលាយ​នេះ គឺ​ចាប់​ពី​ស្ពាន​ជ្រោយ​ចង្វារ នៅ​រាជធានី​ភ្នំពេញ កាត់​តាម​ខេត្ត​កណ្តាល ខេត្ត​កំពង់ចាម ខេត្ត​កំពង់ធំ និង​ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀមរាម ជា​ទីក្រុង​អង្គរ និង​ជា​តំបន់​ដែល​មាន​សក្ដានុពល​ផ្នែក​ទេសចរណ៍​ដ៏​សំខាន់​នៃ​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ ៦ នៅ​ចំណុច​សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ថា ផ្លូវ​ជាតិ​លេខ ៦ នេះ ជា​ផ្លូវ​នាគ​វាត់​កន្ទុយ និង​មាន​សារសំខាន់​យ៉ាង​ខ្លាំង។

លោក ហ៊ុន សែន៖ «តួនាទី​ផ្លូវ​ហ្នឹង​វា​សំខាន់​សំរាប់​យើង។ ត​ភ្ជាប់​មួយ​ជុំ ជុំវិញ​បឹង​ទន្លេ​សាប ចេញ​មក​ពី​ចំណង​ទាក់ទង​ដ៏​ល្អ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​កសាង​ឡើង តាំង​ពី​អ្នក​ដឹកនាំ​ជំនាន់​មុន គឺ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​វរបិតា​ជាតិ​ខ្មែរ ជាមួយ​អ្នក​ដឹក​នាំ​ចិន តាំង​ពី​ជំនាន់​មុន​នោះ ម៉ៅ សេទុង ជូ អេងឡាយ...»

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក ផាន ហ្គួងហ្សេ បាន​មាន​ប្រសាសន៍​ជា​ភាសា​ចិន ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ផ្លូវ​ជាតិ​លេខ​៦​នេះ គឺ​ជា​ផ្លូវ​សេដ្ឋកិច្ច និង​ទេសចរណ៍​នៅ​កម្ពុជា៖ «ផ្លូវ​លេខ​៦ ជា​សរសៃ​ឈាម​ដ៏​ធំ​មួយ​របស់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា។ ផ្លូវ​នេះ​មិន​ត្រឹម​តែ​ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ប្រាសាទ​អង្គរ​ដែល​ជា​រតនៈ​សម្បត្តិ​របស់​អរិយធម៌​ប្រទេស​កម្ពុជា និង​ឈាន​ជំហាន​ទៅ​ដល់​ខេត្ត​បន្ទាយមានជ័យ និង​ក្លាយ​ទៅ​ជា​ច្រក​របៀង​សេដ្ឋកិច្ច ដែល​ត​ភ្ជាប់​ជាមួយ​ប្រទេស​ថៃ»

ដំណើរការ​សាងសង់​ផ្លូវ​ជាតិ​លេខ​៦​នេះ និង​ស៊ី​រយៈពេល ៣​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៥ ក្រោម​ប្រាក់​កម្ចី​របស់​ប្រទេស​ចិន ចំនួន​ជាង ៧០​លាន​ដុល្លារ​អាមេរិក សាងសង់​ដោយ​ក្រុមហ៊ុន​សៀងហៃ គ្រុប (Shanghai Group)។ គំរោង​សាងសង់​នេះ​គឺ​ជា​គំរោង​មួយ​នៅ​ក្នុង​ចំណោម​គំរោង​អភិវឌ្ឍន៍​ចំនួន ៧ ជាង ៥០០​លាន​ដុល្លារ​អាមេរិក ក្រោម​ប្រាក់​កម្ចី​ពី​ប្រទេស​ចិន។

គំរោង​សាងសង់​ផ្លូវ​ជាតិ​លេខ​៦​នេះ បាន​ធ្វើ​ឡើង គឺ​ដោយសារ​តែ​មាន​កំណើន​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ជាង​មុន និង​មាន​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​នេះ​កាន់​តែ​ចង្អៀត​ជាង​មុន។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ដាក់​ឈ្មោះ​ផ្លូវ​ជាតិ​នេះ​ឲ្យ​មាន​ឈ្មោះ​តែ​មួយ គឺ​ផ្លូវ​ជាតិ​លេខ​៦។ កន្លង​មក​ផ្លូវ​នេះ​គឺ​មួយ​ផ្នែក​មាន​ឈ្មោះ​ថា ផ្លូវ​៦​អា (6A) ដែល​បាន​ជួសជុល​ដោយ​ប្រទេស​ជប៉ុន ក្រោយ​ពី​ប្រទេស​កម្ពុជា បាន​រៀបចំ​ការ​បោះ​ឆ្នោត​សាកល​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។