កម្ពុជា​មិន​គាំទ្រ​ឲ្យ​មាន​ការ​បំបែក​រដ្ឋ​របស់​ប្រទេស​ស៊ែប

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​ស៊ែប (Serbia) លោក វុក ហ្សេរ៉េមីក (Vuk Jeremic) បាន​មក​បំពេញ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ដល់​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១១ ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​ឡើង​វិញ ក្រោយ​ពី​បាន​ដាច់​ទំនាក់ទំនង​នេះ​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក។

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស៊ែប លោក វុក ហ្សេរ៉េមីក នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១១ បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ដើម្បី​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​ឆាក​អន្តរជាតិ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា លើ​វិស័យ​កសិកម្ម អប់រំ និង​វិស័យ​យោធា​រវាង​ប្រទេស​ទាំង​ពីរ។

ការ​គាំទ្រ​គ្នា​នេះ មាន​ដូច​ជា៖ ប្រទេស​ស៊ែប គាំទ្រ​កម្ពុជា ឲ្យ​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។ ចំណែក​ឯ​ភាគី​កម្ពុជា​វិញ បាន​គាំទ្រ​មិន​ឲ្យ​មាន​ការ​បំបែក​រដ្ឋ​របស់​ប្រទេស​ស៊ែប ដោយ​អាជ្ញាធរ​នៅ​កូសូវ៉ូ (Kosovo) ទេ។

ភាគី​ទាំង​ពីរ​គ្រោង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជា​ផ្លូវការ​នា​ពេល​ខាង​មុខ លើ​ការ​ឯកភាព​គ្នា​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា​ថា ប្រទេស​កម្ពុជា និង​ប្រទេស​ស៊ែប កំពុង​តែ​ស្ដារ​ទំនាក់ទំនង​ល្អ​ឡើង​វិញ ៖ «ការ​ទស្សនកិច្ច​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី​ការបរទេស​ស៊ែប​នេះ ជា​ការ​ត​ភ្ជាប់​ឡើង​វិញ ធ្វើ​ឲ្យ​មិត្តភាព​ជា​ប្រវត្តិសាស្ត្រ​នេះ ធ្វើ​ឲ្យ​សហប្រតិបត្តិការ​ដ៏​យូរលង់​នេះ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ជីវភាព​រស់​រវើក​ចាប់​ផ្ដើម​ឡើង​វិញ»

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស៊ែប លោក វុក ហ្សេរ៉េមីក បាន​មាន​ប្រសាសន៍​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង​ស៊ែប នៅ​ក្នុង​ប្រវត្តិសាស្ត្រ គឺ​ស្មើ​ភាព​គ្នា ជា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​កន្លង​មក ៖ «យើង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ពេញ​ទំហឹង​លើ​បញ្ហា​នានា​នៅ​លើ​ឆាក​អន្តរជាតិ។ យើង​បន្ត​បែប​នេះ នៅ​ថ្ងៃ​អនាគត​ទៀត។ យើង​បាន​ចាត់​ទុក​កម្ពុជា ជា​មិត្តភ័ក្ដិ​គួរ​ជា​ទី​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​មាន​ការ​រីករាយ​ណាស់​នៅ​ថ្ងៃ​នេះ ចំពោះ​ការ​គាំទ្រ និង​សាមគ្គីភាព​នេះ។ បើ​សិន​ណា​យើង​អនុញ្ញាត​ឲ្យ​មាន​ការ​បំបែក​រដ្ឋ​នោះ នៅ​ថ្ងៃ​ក្រោយ​ទៀត​នឹង​មាន​ការ​ចង់​បំបែក​រដ្ឋ​នៅ​កន្លែង​ដទៃ​ទៀត»

ចំណុច​សំខាន់ៗ​ដែល​លោក ហោ ណាំហុង និង​លោក វុក ហ្សេរ៉េមីក បាន​ឯកភាព​គ្នា​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១១ មាន​ជា​អាទិ ទី​១ ប្រទេស​ស៊ែប ទទួល​និស្សិត​អាហារូបករណ៍​ពី​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១២។ ទី២ បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ ទី​៣ បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ទេសចរណ៍។ ទី​៤ ភាគី​កម្ពុជា និង​ភាគី​ស៊ែប បាន​ឯកភាព​គ្នា​លើកលែង​ទិដ្ឋាការ​ដើម្បី​ជំរុញ​ឲ្យ​មាន​ទស្សនកិច្ច និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​២៕