ខ្មែរ​សង្ឃឹម​ឈ្នះ​ក្ដី​លើ​ភាគី​ថៃ​ជា​ថ្មី​ទៀត

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា បាន​ត្រឡប់​មក​ពី​ចូល​រួម​ក្នុង​សវនាការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ ជាមួយ​នឹង​ក្ដី​សង្ឃឹម​ថា កម្ពុជា​នឹង​ឈ្នះ​ក្ដី​លើ​ភាគី​ថៃ។

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណំាហុង និង​ជា​ឧប​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១១ បាន​សម្ដែង​ការ​ជឿជាក់​ថា កម្ពុជា​នឹង​ឈ្នះ​ក្ដី​ជាមួយ​ភាគី​ថៃ ជា​ថ្មី​ទៀត នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ទ្បាអេ (Haque) ប្រទេស​ហុល្លង់ (Netherlands) ដោយសារ​តែ​ភាគី​កម្ពុជា មាន​ប្រៀប​លើ​ផ្លូវ​ច្បាប់​ទល់​នឹង​ភាគី​ថៃ។

ប្រតិកម្ម​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១១ នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយ​ពី​បាន​វិល​ត្រឡប់​មក​ពី​ការ​ចូល​រួម​ក្នុង​សវនាការ​នោះ​រយៈ​ពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា កន្លង​ទៅ​នេះ។

តុលាការ​យុត្តិធម៌​អន្តរជាតិ គ្រោង​ប្រកាស​សេចក្ដី​សម្រេច​ជំហាន​ដំបូង​នៅ​ក្នុង​រយៈពេល ៤០​ថ្ងៃ ឬ ៤៥​ថ្ងៃ​ខាង​មុខ។

ហោ ណាំហុង ៣០៥
២-មិថុនា-២០១១៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ជា​ឧបនាយករដ្ឋមន្ត្រី លោក ហោ ណាំហុង ធ្វើ​សន្និសីទ​កាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ (RFA/Sok Serey)

លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ថា សំណួរ​ជា​ច្រើន​របស់​កម្ពុជា មិន​ត្រូវ​បាន​ភាគី​ថៃ ឆ្លើយ​តប​ទេ គឺ​មាន​ចម្លើយ​ដដែលៗ រី​ឯ​ភាគី​កម្ពុជា​វិញ មាន​ហេតុផល និង​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ក្នុង​សវនាការ​អំពី​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ កន្លង​មក។

លោក​បន្ត​ថា ៖ «ក្នុង ៣​ចំណុច​ដែល​ខ្ញុំ​ស្នើ គឺ​តុលាការ​គេ​អាច​យក​តាម​ហ្នឹង តុលាការ​គេ​អាច​យក​ចំណុច​ណា​មួយ​ក្នុង ៣​ហ្នឹង ឬ​តុលាការ​គេ​អាច​ចេញ​ចំណុច​ថ្មី​ណា​មួយ​ស្រេច​លើ​គេ»

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១១ កន្លង​ទៅ ចំនួន ៣​ចំណុច ដូច​ត​ទៅ ៖ ទី​១ សុំ​ឲ្យ​ថៃ ដក​កងទ័ព​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ គឺ​តំបន់ ៤,៦​គីឡូម៉ែត្រ​ការ៉េ ទី​២ ហាម​ឃាត់​រាល់​សកម្មភាព​យោធា​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ឬ​ការ​ឈ្លានពាន និង​ទី​៣ បញ្ឈប់​រាល់​សកម្មភាព​ដែល​បង្ក​រឿង​ដោយ​ភាគី​ថៃ ធ្វើ​ឲ្យ​មាន​ស្ថានការណ៍​តានតឹង។

ភាគី​ថៃ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) បាន​សុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ បដិសេធ​សំណើ​របស់​កម្ពុជា និង​បាន​ប្រាប់​ទៅ​តុលាការ​ថា ពុំ​មាន​យុត្តាធិការ​សម្រេច​លើ​បញ្ហា​ទឹក​ដី។

អ្នក​វិភាគ​ឯករាជ្យ​លើ​ស្ថានការណ៍​ជម្លោះ​រវាង​ថៃ និង​កម្ពុជា លោក​បណ្ឌិត ទ្បៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​ពិបាក​ទទួល​យក​សំណើ​របស់​ថៃ ៖ «ជា​ការ​ឈ្លានពាន​របស់​ថៃ មក​លើ​តំបន់​ដែល​សេចក្ដី​សម្រេច​របស់​តុលាការ ឆ្នាំ​១៩៦២ បាន​សម្រេច​ទទួល​ស្គាល់​ថា ជា​របស់​ខ្មែរ គឺ​ស្ថិត​ក្រោម​អធិបតេយ្យភាព​របស់​ខ្មែរ គឺ​ដែនដី​ខ្មែរ»

ភាគី​កម្ពុជា បាន​សម្រេច​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោយសារ​តែ​ភាគី​ថៃ បាន​ឈ្លានពាន​កម្ពុជា ចំនួន ៣​លើក​ធំៗ គឺ​ទី​១ ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ទី​២ គឺ​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ និង​ទី​៣ គឺ​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ដល់​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី ខេត្ត​ឧត្តរមានជ័យ។

ព័ត៌មាន​ដែល​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទទួល​បាន គឺ​ក្រុម​អាវ​លឿង​ថៃ មាន​ផែនការ​គាប​សង្កត់​រដ្ឋាភិបាល​ថៃ មិន​ឲ្យ​ទទួល​យក​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ខាង​មុខ៕