លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងធនាគាររបស់រដ្ឋសភា ដែលដឹកនាំគណៈប្រតិភូសភាមកពីគណបក្សនយោបាយចម្រុះ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធ ទី៩ ខែកុម្ភៈថា ប្រធានរដ្ឋសភានៃប្រទេសកម្ពុជា បានអនុញ្ញាតឲ្យរូបលោកដឹកនាំគណៈប្រតិភូដែលជាសមាជិកសភាមកពីគ្រប់គណបក្សនយោបាយ ដើម្បីទៅសាកសួរសុខទុក្ខនាយទាហាន និងពលទាហានដែលកំពុងតែត្រៀមប្រយុទ្ធ ដើម្បីការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ។
លោក ជាម យៀប បានមានប្រសាសន៍ថា កងទាហានខ្មែរបានខិតខំប្រឹងប្រែង ដើម្បីការពារទឹកដី ដោយប្ដូរអាយុជីវិត ឯខាងសភាជាតិ ក៏បានប្រឹងប្រែងខាងផ្លូវច្បាប់ ដើម្បីការពារបូរណភាពទឹកដីដែរ ៖ «រយៈកាលកន្លងទៅ គឺរដ្ឋសភាបានរៀបចំនូវសេចក្ដីថ្លែងការណ៍មួយ ដែលផ្ញើទៅអង្គការសហប្រជាជាតិក្នុងនាមប្រជាពលរដ្ឋកម្ពុជាជាង ១៤លាននាក់ អំពីការរំលោភឈ្លានពានរបស់ភាគីថៃ ឬកងទ័ពសៀម»។
លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា សមាជិកសភាមកពីគណបក្សរបស់លោកចំនួន ៦រូប បានទៅដល់តំបន់ជិតប្រាសាទព្រះវិហារជាលើកដំបូង ដើម្បីជួបជាមួយកងទ័ពខ្មែរ ដែលកំពុងការពារបូរណភាពទឹកដី ៖ «ក្រុមគណៈប្រតិភូសភាថ្ងៃនេះ គឺបានបង្ហាញជាលើកដំបូងថា ក្នុងកាលៈទេសៈដែលប្រទេសជាតិមានបញ្ហាប្រឈមនូវការឈ្លានពានពីបរទេស ប្រជាជនខ្មែរមានសាមគ្គីភាពគ្នា ហើយតំណាងសភាមកថ្ងៃនេះ គឺដើម្បីបង្ហាញសត្រូវឲ្យដឹងថា យើងពួតដៃគ្នា សាមគ្គីគ្នាការពារទឹកដីយើងឲ្យបាន ជាមួយគ្នានោះយើងមានរបស់របរបន្តិចបន្តួចដើម្បីលើកទឹកចិត្ត»។
លោកឧត្ដមសេនីយ៍ផ្កាយ៤ ហ៊ីង ប៊ុនហ៊ាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទដែលកំពុងគ្រប់គ្រងយោធាខ្មែរនៅតំបន់ជុំវិញប្រាសាទព្រះវិហារ បានអះអាងប្រាប់គណៈប្រតិភូសភាជាតិថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាចំនួន ៤លើក គឺទាហានថៃ បានបាញ់គ្រាប់ដែលមានជាតិផ្សែងពុលមកលើទាហានខ្មែរ។
លោក ហ៊ីង ប៊ុនហៀង បញ្ជាក់បន្ថែម ៖ «ការបាញ់គាបសង្កត់ពីភាគីសៀម រាបពាន់គ្រាប់ គឺថា សុទ្ធ ១៥៥មិល្លីម៉ែត្រ ១៣០, ធុន BM ហើយម្យ៉ាងទៀតប្រើក្បាលគ្រាប់ដែលមានជាតិប៊ុមប៊ី (Bomby) គ្រាប់ឃ្លីប្រភេទសំណាញ់ពេលដែលផ្ទុះមកវាមានជាតិផ្សែងពុលទៀត ធ្វើឲ្យបងប្អូនក្រហល់ក្រហាយភ្នែក»។
ក្រុមសមាជិកសភាមកពីគណបក្សប្រឆាំង នៅក្នុងប្រទេសកម្ពុជា បានសម្ដែងប្រតិកម្មចំពោះទាហានថៃ ដែលបានបាញ់គ្រាប់មានជាតិគីមីពុលនោះ ហើយថា នឹងចងក្រងឯកសារដើម្បីប្ដឹងទៅអន្តរជាតិឲ្យផ្ដន្ទាទោសប្រទេសថៃ ដែលបានប្រើប្រាស់សព្វាវុធដែលគេហាមឃាត់នេះ៕