មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១១ បានបញ្ជាក់ថា ក្រុមអ្នកច្បាប់ និងមន្ត្រីជំនាញកំពុងតែមមាញឹកធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងឧស្ម័ន ដើម្បីឲ្យសេចក្ដីព្រាងច្បាប់នេះក្លាយជាច្បាប់ល្អ និងស្របតាមបទដ្ឋានអន្តរជាតិ នៅមុនពេលការឆ្លងដោយទីស្ដីការគណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។
ប្រភពបានឲ្យដឹងថា សេចក្ដីព្រាងច្បាប់សំខាន់នេះមានចំនួន២ គឺសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងឧស្ម័ន និងសេចក្ដីព្រាងច្បាប់ស្ដីពីការយកពន្ធលើប្រាក់ចំណូលប្រេងកាត និងឧស្ម័ន ដែលកំពុងតែស្ថិតនៅក្នុងដៃនៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅឡើយ។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា ថា មន្ត្រីជំនាញកំពុងតែសិក្សា និងចងក្រងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងឧស្ម័ននេះបានចំនួនភាគច្រើនហើយ។
លោកមានប្រសាសន៍បន្តដូច្នេះ ៖ «គឺយើងសិក្សាច្រើន យើងទាក់ទងនឹងអ្នកជំនាញការក៏ទាក់ទងដែរ ទាក់ទងនឹងច្បាប់អន្តរជាតិក៏យើងទាក់ទងដែរ ដើម្បីឲ្យយើងធ្វើយ៉ាងម៉េចឲ្យច្បាប់ប្រេងកាតមួយដែលល្អ ហើយដែលរួមចំណែកឲ្យបានច្រើនបំផុតដល់ការអភិវឌ្ឍកម្ពុជា។ ព្រោះរឿងហ្នឹងមិនអាចបរទេសណាមកធ្វើជំនួសយើងក្នុងបរិបទសេដ្ឋកិច្ច និងនយោបាយកម្ពុជាទេ»។
លោក សុខ អាន មិនអាចបញ្ជាក់បាននៅឡើយទេ អំពីកាលបរិច្ឆេទដែលសេចក្ដីព្រាងច្បាប់នេះនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំទីស្ដីការគណៈរដ្ឋមន្ត្រីនៅពេលណា?
កាលពីខែកក្កដា ឆ្នាំ២០១១ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ប្រទេសកម្ពុជា នឹងទទួលបានតំណក់ប្រេងដំបូងនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ នៅវេលាម៉ោង ១២យប់។
មានមន្ត្រីជំនាញមកពីអាជ្ញាធរជាតិប្រេងកាតកម្ពុជា ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញមកពីអង្គការ យូអ៊ិនឌីភី (UNDP) បានចូលរួមចងក្រងសេចក្ដីព្រាងច្បាប់សំខាន់នេះ។
ប្រធានក្រុមប្រឹក្សាភិបាលរបស់សម្ពន្ធភាពដើម្បីតម្លាភាពចំណូលធនធានប្រេង ឧស្ម័ន និងរ៉ែ លោក ម៉ម សម្បត្តិ បានមានប្រសាសន៍ថា លោកចង់ឲ្យមានការចូលរួមពិភាក្សាឲ្យបានច្រើនពីសង្គមស៊ីវិលនៅមុនពេលសេចក្ដីព្រាងច្បាប់នេះ ត្រូវបានឆ្លងដោយទីស្ដីការគណៈរដ្ឋមន្ត្រី។
លោកបន្ថែម ៖ «ចង់ឲ្យខ្លឹមសារច្បាប់ឆ្លុះបញ្ចាំងអំពីការផ្ដល់សម្បទាន ការធ្វើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនជាមួយរដ្ឋាភិបាល ហើយនិងដំណើរការនៃការគ្រប់គ្រងនេះឲ្យវាមានលក្ខណៈតម្លាភាព»។
សេចក្ដីប្រកាសព័ត៌មានដោយអាជ្ញាធរជាតិប្រេងកាតកម្ពុជា បានបញ្ជាក់នៅឆ្នាំ២០០៥ ថា ក្រុមហ៊ុនឆេវរ៉ុន (Chevron) របស់សហរដ្ឋអាមេរិក បានរកឃើញអណ្ដូងប្រេងកាតចំនួន ៤កន្លែង នៅប្លុកអេ (block A) នៅបាតសមុទ្រក្នុងខេត្តព្រះសីហនុ៕