ជំនួយទាំងនោះមានដូចជា ទី១ ឯកសណ្ឋានយោធាប៉ារ៉ា ចំនួន ៥ម៉ឺនកំប្លេ ទី២ មួកប៉ារ៉ា ចំនួន ៥ម៉ឺន ទី៣ ស្បែកជើងប្រយុទ្ធចំនួន ៥ម៉ឺនគូ ទី៤ ខ្សែសាំងទែរ៉ុង ឬខ្សែក្រវាត់ធំ ចំនួន ៥ម៉ឺន និងទី៥ ខ្សែក្រវាត់ពាក់ឆៀង ចំនួន ៥ម៉ឺន។ ជំនួយនេះគឺជាជំនួយឥតសំណងរបស់ប្រទេសចិន។
ពិធីប្រគល់ជំនួយនេះជាផ្លូវការបានធ្វើឡើងនៅឯព្រលានយន្តហោះយោធាពោធិចិនតុង នៅជាយទីក្រុងភ្នំពេញ ដែលមានរថយន្តចំនួនជាង ១០កុងតឺន័រនៅទីនោះ។
រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ម៉ឹង សំផន និងជាប្រធានគណៈកម្មការទទួលជំនួយបរទេស និងអភិវឌ្ឍន៍ កងយោធពលខេមរភូមិន្ទកម្ពុជា បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ជំនួយទាំងនេះគឺចំពេលវេលា និងសេចក្ដីត្រូវការរបស់កងទ័ពកម្ពុជា។

លោក ម៉ឹង សំផន មានប្រសាសន៍បញ្ជាក់ថា ៖ «គឺថាមិនទិញមិនដូរអីទេ ហើយអត់មានអីទៅថ្ងៃក្រោយដែរ គឺថា ជាជំនួយដោយសុទ្ធចិត្ត ជាជំនួយដោយកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាល រវាងក្រសួងការពារជាតិដែលបានធ្វើកន្លងមក»។
អនុព័ន្ធយោធារបស់ស្ថានទូតចិន នៅក្នុងប្រទេសកម្ពុជា លោក ចាង ចៀនលីន (Zhang Jian Lin) បានមានប្រសាសន៍នៅក្នុងពិធីប្រគល់ជំនួយនោះថា កងទ័ពចិន និងកម្ពុជា គឺជាបងប្អូនបង្កើតនៅក្នុងគ្រួសារតែមួយ។ ប្រទេសកម្ពុជា គឺជាមិត្តល្អរបស់ប្រទេសចិន។
គេបានកត់សម្គាល់ថា នេះជាជំនួយទ្រង់ទ្រាយធំលើកទី២ហើយរបស់ប្រទេសចិន មកក្រសួងការពារជាតិកម្ពុជា ក្រោយពីជំនួយទ្រង់ទ្រាយធំលើកដំបូងនូវរថយន្តយោធាចំនួន ២៥៧គ្រឿង និងឯកសណ្ឋានយោធាចំនួន ៥ម៉ឺនកំប្លេ កាលពីខែមិថុនា ឆ្នាំ២០១០ កន្លងទៅ។
ជំនួយជាបន្តបន្ទាប់នេះ គឺក្រោយពេលដែលសហរដ្ឋអាមេរិកបានប្រកាសផ្អាកកម្មវិធីជំនួយយោធាខ្នាតតូចមកក្រសួងការពារជាតិកម្ពុជា កាលពីដើមខែមេសា ឆ្នាំ២០១០ កន្លងទៅ ដោយសារតែរដ្ឋាភិបាលកម្ពុជា បានចាប់បញ្ជូនជនជាតិភាគតិចចិន អ៊ុយហ្គរ៍ (Uighur) ចំនួន ២០នាក់ទៅកាន់ប្រទេសចិនវិញ តាមសំណើរបស់ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០០៩ កន្លងទៅ នៅគ្រាដែលជនជាតិភាគតិចចិនទាំងនោះ បានមកស្វែងរកសិទ្ធិជ្រកកោនពីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា UNHCR នៅក្នុងប្រទេសកម្ពុជា៕