មន្ត្រីជាន់ខ្ពស់កម្ពុជា នៅថ្ងៃពុធ បានសម្ដែងសុទិដ្ឋិនិយមក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ និងការបើកទំព័រសករាជថ្មីនៃទំនាក់ទំនងការទូត ក្រោយពេលដែលរដ្ឋាភិបាលថៃថ្មីបានបង្កើតឡើងនៅដើមខែសីហានេះ។ មន្ត្រីក៏សម្ដែងការជឿទុកចិត្តរដ្ឋាភិបាលថៃថ្មី ដែលដឹកនាំដោយលោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) ដែលជាប្អូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra)។
ជំហររបស់កម្ពុជា គឺបានធ្វើឡើងចំពេលដែលមន្ត្រីជាន់ខ្ពស់ថៃ បានស្នើឲ្យមានជំនួបកំពូលជាបន្ទាន់មួយរវាងលោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រ និងលោក ហ៊ុន សែន សម្រាប់ត្រួសត្រាយផ្លូវឲ្យមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដើម្បីឈានទៅដល់ការដោះស្រាយបញ្ហាព្រំដែន។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង នៅថ្ងៃពុធ ទី១០ ខែសីហា បានស្វាគមន៍ជំហររបស់ថៃ ប៉ុន្តែលោកបញ្ជាក់ថា ជំហានដំបូងរបស់កម្ពុជា និងថៃ គឺការអនុវត្តដីកាតុលាការយុត្តិធម៌អន្តរជាតិ ដែលបានបង្គាប់ឲ្យភាគីទាំងពីរដកកងទ័ពចេញពីតំបន់គ្មានយោធាក្បែរប្រាសាទព្រះវិហារ។
លោកបញ្ជាក់ដូច្នេះ ៖ «ខាងកម្ពុជាយើងមានសង្ឃឹមជឿជាក់បញ្ហាផ្សេងៗ រួមមានបញ្ហាព្រំដែន ក៏ដូចជាទំនាក់ទំនងការទូត ពាណិជ្ជកម្ម ផ្នែកកិច្ចសហប្រតិបត្តិការ ផ្នែកដទៃទៀតនោះ នឹងមានលក្ខណៈកាន់តែល្អប្រសើរជាងមុន មានន័យថា បញ្ហាព្រំដែនអាចដោះស្រាយដោយការគោរពគ្នាទៅវិញទៅមក។ កម្ពុជាចង់បានតែយុត្តិធម៌»។
បច្ចុប្បន្ននេះដំណើរការដកកងទ័ពចេញពីតំបន់គ្មានយោធាកំពុងជាប់គាំង ដោយសារភាពផ្ទុយគ្នារវាងរដ្ឋាភិបាលចាស់ថៃ និងរដ្ឋាភិបាលកម្ពុជា។ បញ្ហានេះគឺជាឧបសគ្គមួយរារាំងមិនឲ្យក្រុមសង្កេតការណ៍ឥណ្ឌូណេស៊ី អាចមកត្រួតពិនិត្យតំបន់គ្មានយោធាបាន។
កាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) បានស្រង់សម្ដីរដ្ឋមន្ត្រីការពារជាតិថៃថ្មី លោក យុត្ថាសាក់ សាស៊ីប្រាផា (Yutthasak Sasiprapa) ដែលមានប្រសាសន៍ថា រដ្ឋាភិបាលនឹងផ្ដល់អាទិភាពដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ។ លោកនឹងធ្វើដំណើរទៅតំបន់ជម្លោះព្រំដែននៅសប្ដាហ៍ក្រោយ ដើម្បីពិនិត្យបញ្ហាព្រំដែននៅក្នុងខេត្តស៊ីសាកេត។
លោកបន្តថា បញ្ហាចម្បង គឺការដោះស្រាយបញ្ហាព្រំដែន។ លោកសង្ឃឹមថា ទំនាក់ទំនងល្អរវាងលោកស្រី យ៉ីងឡាក់ និងលោក ហ៊ុន សែន នឹងអាចអនុញ្ញាតឲ្យលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ។ លោកអះអាងទៀតថា លោកនឹងលោក ទៀ បាញ់ ក៏ជាមិត្តភ័ក្ដិនឹងគ្នា ហើយលោក ទៀ បាញ់ ក៏ចង់មកទីក្រុងបាងកក ដើម្បីចរចាគ្នាផងដែរ។
លោកបន្ថែមទៀតថា កិច្ចប្រជុំព្រំដែនមានការចាំបាច់ដើម្បីពិភាក្សាការដកកងទ័ពចេញពីតំបន់គ្មានយោធា និងមានវត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី នៅតំបន់គ្មានយោធា។
អ្នកវិភាគនយោបាយបានសម្ដែងក្ដីបារម្ភថា ទំនាក់ទំនងល្អរវាងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ និងលោក ហ៊ុន សែន នឹងបណ្ដាលឲ្យកម្ពុជា បាត់បង់ផលប្រយោជន៍ក្នុងបញ្ហាព្រំដែន។
ការវិភាគនេះត្រូវបានលោក កុយ គួង បដិសេធមិនទទួលយក ៖ «កន្លងមកភាគីថៃ តែងបារម្ភវិញទេ។ គេបារម្ភថា ឯកឧត្តម ថាក់ស៊ីន មានទំនាក់ទំនងល្អជាមួយសម្ដេច នោះគេខ្លាចថា ដោះស្រាយទៅកម្ពុជាចំណេញ ខាងថៃខាត ដោយសារតែមិត្តភាព។ គឺរឿងមិនពិត»។
លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស នៅថ្ងៃពុធ ទី១០ ខែសីហា បានអញ្ជើញសមភាគីថៃ មកទស្សនកិច្ចនៅកម្ពុជា ដើម្បីចាប់ផ្ដើមកិច្ចសហការល្អរវាងប្រទេសទាំងពីរ។ ចំណែកក្រសួងការពារជាតិកម្ពុជា ក៏បានអញ្ជើញរដ្ឋមន្ត្រីការពារជាតិថៃ មកកម្ពុជាដែរ ដើម្បីពង្រឹងវិស័យយោធាឲ្យបានល្អ។
ទំនាក់ទំនងកម្ពុជា និងថៃ ក្នុងវិស័យការទូត និងការបរទេសបានធ្លាក់ចុះ និងបណ្ដាលឲ្យមានការផ្ទុះអាវុធដាក់គ្នាក្រោយពីកងទ័ពថៃ បានចូលឈ្លានពានទឹកដីកម្ពុជា នៅតំបន់ក្បែរប្រាសាទព្រះវិហារកាលពីឆ្នាំ២០០៨៕
