លំហាត់យោធានេះមានឈ្មោះ ខាប់ស្តូន អាយ៉ារ៉ា ហ្គាឌៀន (Capstone Ayara Guardian) ដែលមានកងទ័ពពហុជាតិមកពីប្រទេសចំនួន ១៤ ចូលរួមមានដូចជាប្រទេសកម្ពុជា ឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក ប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងប្រទេសជាច្រើនទៀត រៀបចំដោយសហរដ្ឋអាមេរិក សហការជាមួយប្រទេសថៃ។
រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប្រាក់ សុខុន និងជាប្រធានគណៈកម្មការជាតិសម្របសម្រួលកិច្ចការងារបញ្ជូនកងកម្លាំងចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានមានប្រសាសន៍នៅក្នុងពិធីជូនដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ៖ «ទោះបីជាប្រទេសកម្ពុជា និងថៃ កំពុងតែមានការរកាំរកូសជាមួយគ្នាក៏ដោយ ប៉ុន្តែការបញ្ជូននេះគឺបង្ហាញថា កម្ពុជានៅតែរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង គឺមិនឲ្យទំនាស់នេះរីករាលដាលទៅវិស័យផ្សេងៗទៀត»។
ប្រធានក្រុមហ្វឹកហ្វឺននៃនាយកដ្ឋានផែនការប្រតិបត្តិការការងារហ្វឹកហ្វឺន លោកឧត្ដមសេនីយ៍ត្រី តាំង ច័ន្ទពន្លឺ បានមានប្រសាសន៍ថា ការបញ្ជូននេះគឺដើម្បីរៀនសូត្រពីបទពិសោធន៍ ៖ «យើងចូលរួមនៅក្នុងក្របខ័ណ្ឌលំហាត់ហ្វឹកហ្វឺនពហុសាសន៍។ កាលដែលយើងមានជម្លោះពីឆ្នាំទៅ ក៏យើងបានអញ្ជើញភាគីថៃ មកចូលរួមដែរ ហើយនេះជាការឆ្លើយតបទៅភាគីថៃវិញ គឺអត់មានពាក់ព័ន្ធទៅអ្វីនឹងជម្លោះទេ គឺយើងទៅធ្វើលំហាត់រក្សាសន្តិភាព»។
កងកម្លាំងយោធាកម្ពុជាម្នាក់នៅក្នុងចំណោម ៤៧នាក់ ឈ្មោះ ចាប ចន្ធី អាយុ ២៨ឆ្នាំ មកពីមជ្ឈមណ្ឌលជាតិកម្លាំងរក្សាសន្តិភាពបានថ្លែងថា នាងរីករាយក្នុងការចូលរួមនោះ ៖ «ក្នុងចិត្តគិតសង្ឃឹមថា នឹងដណ្ដើមយកជោគជ័យឲ្យបានក្នុងការចូលរួមសមយុទ្ធនៅប្រទេសថៃ»។
គេបានកត់សម្គាល់ថា នេះជាលើកទី៥ហើយដែលក្រសួងការពារជាតិកម្ពុជា បានបញ្ជូនកងទ័ពកម្ពុជា ទៅចូលរួមហ្វឹកហាត់នៅបរទេសចាប់តាំងពីឆ្នាំ២០០៧ មក។ លើកទី១ នៅប្រទេសម៉ុងហ្គោលី លើកទី២ នៅប្រទេសបង់ក្លាដេស លើកទី៣ នៅប្រទេសឥណ្ឌូណេស៊ី លើកទី៤ នៅប្រទេសម៉ុងហ្គោលី និងលើកទី៥ នៅប្រទេសថៃ។
ការបញ្ជូននេះគឺក្រោយពីកងទ័ពកម្ពុជា ចំនួនជាង ១.០០០នាក់ ដែលបានហ្វឹកហាត់បាញ់គ្រាប់ពិតតាំងពីខែឧសភា កន្លងមកនៅខេត្តកំពង់ស្ពឺនោះ បានបិទបញ្ចប់ជាផ្លូវការហើយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១ ក្រោមអធិបតីរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ជាឧបនាយករដ្ឋមន្ត្រី៕