ទាហាន​ថៃ​ហាម​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ដាំដុះ​នៅ​ក្បែរ​តំបន់​ព្រំដែន

ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​កំពុង​រស់​នៅ​​​តំបន់​ជប់គគីរ ក្នុង​ឃុំ​អំពិល ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ថា កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ កង​ទាហាន​ថៃ ដែល​មាន​បន្ទាយ​នៅ​ក្បែរ​នោះ បាន​ហាមឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​ឲ្យ​ភ្ជួរ​រាស់​ដី​ដើម្បី​ដាំ​ដំណាំ​នៅ​លើ​ដី​ចម្ការ​របស់​ពួក​គាត់​ដែល​ធ្លាប់​ធ្វើ​នៅ​ជិតៗ​បន្ទាត់​ព្រំដែន​​នោះ​​បាន​ទេ។

0:00 / 0:00

ស្ត្រី​ឈ្មោះ ខៀវ យ៉ុម រស់​នៅ​ភូមិ​ជប់គគីរ​ខាង​កើត លើ​តំបន់​ខ្នង​ភ្នំ​ដងរែក បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៥ ខែ​មីនា ថា កាល​ពី​ពេល​ថ្មីៗ ទាហាន​ថៃ​បាន​ប្រាប់​មក​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​​នៅ​តំបន់​នោះ ឲ្យ​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​​មិន​ឲ្យ​ធ្វើការ​ដាំ​ដំណាំ​អាស្រ័យ​​ផល​នៅ​តាម​ចម្ការ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ធ្លាប់​តែ​ដាំដុះ​នោះ​បាន​ទេ។

ស្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា កាល​ពី​២​ខែ​មុន ថៃ​បាន​បញ្ជា​ឲ្យ​គាត់​ដក​ដំឡូងមី​ដែល​ដាំ​នៅ​ក្នុង​ចម្ការ​ខ្លះ​ចោល ដោយ​ថា ដើម​ដំឡូង​ខ្លះ​បាន​ដាំ​ចូល​ទៅ​ក្នុង​តំបន់​ដែល​ហាមឃាត់ ៖ «ថៃ​វា​ប្រាប់​ខ្មែរ ឲ្យ​ខ្មែរ​ហ្នឹង​មក​ប្រាប់​ប្រជាជន​​ឲ្យ​ដក​ដើម​ដំឡូង។ ថៃ​វា​និយាយ​ផ្ទាល់​ជាមួយ​ខ្ញុំ​ថា ចាប់​ពី​ត្រឹម​ផ្លូវ​មុខ​ផ្ទះ​ខ្ញុំ​ទៅ​​ជើង​មិន​ឲ្យ​ដាំដុះ​អី​ទេ មិន​ឲ្យ​ធ្វើ​ផ្ទះ​ត​ទៅ​ទៀត។ ម្សិលម្ង៉ៃ (៣ មីនា) មក ១៨​នាក់​ដើរ​ល្បាត​នៅ​ក្រោយ​ផ្ទះ​ខ្ញុំ​ប្រហែល​ជា ១០​ម៉ែត្រ»

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ភូមិ​ខ្មែរ​ប្រហែល​ជា ៤​គ្រួសារ ដែល​មាន​ដី​ចម្ការ​នៅ​ជិត​បន្ទាត់​ព្រំដែន ហើយ​ត្រូវ​ទាហាន​ថៃ ហាម​ឃាត់​មិន​ឲ្យ​ដាំ​ដំណាំ។

ចំណែក​កង​ទាហាន​ខ្មែរ​ដែល​កំពុង​ប្រចាំ​ការពារ​ព្រំដែន​នៅ​តំបន់​នោះ បាន​ទទួល​ស្គាល់​ថា ទាហាន​ថៃ ពិត​ជា​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​ឲ្យ​ដាំ​ដំណាំ​នៅ​តាម​ចម្ការ​របស់​គេ​ខ្លះ​ដែល​នៅ​ជិតៗ​បន្ទាត់​ព្រំដែន​មែន ចាប់​តាំង​ពី​អំឡុង ២​ខែ​មុន​រហូត​មក​ដល់​ពេល​នេះ ៖ «នៅ​ក្នុង​ដី​ខ្មែរ​តែ​ទាំង​អស់​ហ្នឹង​ឯង! បើ​គិត​តាម​ផែន​ទី​វា​មាន​ដំណាំ​ធ្វើ​តាំង​ពី​ជំនាន់​ខ្មែរ​ក្រហម​នៅ​នោះ តែ​ប្រជាពលរដ្ឋ​គ្នា​ដាំ​ដំឡូង​ដាំ​អី​ទៅ​វា​មិន​ឲ្យ​ដាំ។ វា​មិន​បាន​មក​ដក​ដំឡូង​ទេ វា​គ្រាន់​តែ​ថា ឲ្យ​យើង​ដក​ចេញ តែ​យើង​មិន​ទាន់​បាន​ដក​ទេ។ តែ​សម្រាប់​ការ​ដាំដុះ​ដូចជា​ម្ទេស​ក្ដី​បន្តិច​បន្តួច​បាន តែ​ដាំ​កើត រ៉ៃ​កើត​ហិកតារ​មិន​បាន​ទេ»

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា គេ​ធ្លាប់​បាន​ទទួល​ការ​ប្ដឹង​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ពី​ភាគី​ថៃ តាំង​តែ​ពី​កាល​ជាង ២​ឆ្នាំ មុន​មក​ម្ល៉េះ ក៏​ប៉ុន្តែ​អាជ្ញាធរ​ខ្មែរ​បាន​ប្រកាន់​ជំហរ​ថា បញ្ហា​នោះ​សូម​ឲ្យ​រក្សា​ស្ថានភាព​ដូច​ដើម នៅ​ពេល​ដែល​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​បញ្ជាក់​ថា កន្លែង​ណា​ជា​ទឹក​ដី​ខ្មែរ និង​កន្លែង​ណា​ជា​ទឹក​ដី​ថៃ ឲ្យ​បាន​ច្បាស់លាស់​ទេ​នោះ។

លោក វ៉ាត ប៉ារ៉ានីន នាយក​រដ្ឋបាល​សាលា​ខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ថា លោក​សូម​បដិសេធ​ចោល​ចំពោះ​សកម្មភាព​ដែល​ទាហាន​ថៃ បាន​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដាំ​ដំណាំ​ក្នុង​ចម្ការ​នៅ​ជិតៗ​បន្ទាត់​ព្រំដែន​ដើម្បី​ចិញ្ចឹម​ជីវិត​នោះ ពីព្រោះ​តែ​ពេល​បច្ចុប្បន្ន​ការ​​កំណត់​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​ធ្វើ​ឡើង​​ដោយ​គណៈកម្មការ​ជាតិ​ទទួល​បន្ទុក​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ឡើយ​ទេ ដូច្នេះ​លោក​យល់​ថា ចំពោះ​ការ​ធ្វើ​ចម្ការ​​របស់​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​ដែល​នៅ​ជិតៗ​បន្ទាត់​ព្រំដែន គឺ​សូម​ឲ្យ​នៅ​ធ្វើ​បាន​ដដែល​ដរាប​ណា​គណៈកម្មការ​ព្រំដែន​​ខ្មែរ-​ថៃ មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ត្រង់​ណា​ជា​ដី​ខ្មែរ ត្រង់​ណា​ជា​ដី​ថៃ ច្បាស់​លាស់​នៅ​ឡើយ​នោះ។

លោក វ៉ាត ប៉ារ៉ានីន មាន​ប្រសាសន៍​បញ្ជាក់​ដូច្នេះ ៖ «គំនិត​របស់​ខ្ញុំ​គិត​ថា អ្វី​ដែល​ប្រជាជន​យើង​ធ្លាប់​គ្រប់គ្រង​ធ្លាប់​អាស្រ័យ​ផល​ពី​មុន​មក សូម​ឲ្យ​គាត់​អាស្រ័យ​ផល​កន្លែង​ដដែល​ចុះ។ ចង់​និយាយ​ថា សូម​ឲ្យ​រក្សា​ភាព​ដើម។ នៅ​ពេល​​ណា​ដែល​គណៈកម្មការ​វាស់វែង​ព្រំដែន​រវាង​ប្រទេស​ទាំង​២ កម្ពុជា-​សៀម បាន​កំណត់​រួច​ទើប​យើង​អនុវត្តន៍​ទៅ​តាម​ការ​កំណត់​របស់​ថ្នាក់​ជាតិ​នៃ​គណៈកម្មការ​វាស់វែង​ព្រំដែន​នេះ»

មន្ត្រី​សាលា​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា គេ​នឹង​អញ្ជើញ​អភិបាល​ស្រុក​បន្ទាយអំពិល ឲ្យ​មក​រាយការណ៍​បញ្ហា​នោះ ដើម្បី​ធ្វើ​ជា​របាយការណ៍​ជូន​បន្ត​ទៅ​ថ្នាក់​ជាតិ និង​រិះរក​វិធានការ​ដោះស្រាយ​​មួយ​ដ៏​សមស្រប​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​មាន​បញ្ហា​ទាំង​នោះ៕