កត្តាសំខាន់នៃការបង្កើតកិច្ចព្រមព្រៀង កាតែល នេះ គឺជៀសវាងការប្រកួតប្រជែងគ្នារវាងអ្នកនាំចេញ ឬអ្នកផលិតអង្ករនៅក្នុងតំបន់ ហើយលទ្ធផលចុងក្រោយនឹងធ្វើឲ្យអ្នកនាំចេញអង្ករទាំងនោះលក់អង្ករនៅលើទីផ្សារអន្តរជាតិកាន់តែមានតម្លៃខ្ពស់។
ប្រទេសនាំចេញអង្ករចំនួនប្រាំ ដែលគ្រោងនឹងបង្កើតកិច្ចព្រមព្រៀងនេះឲ្យបានមុនឆ្នាំ២០១៣ រួមមានប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម ភូមា (មីយ៉ាន់ម៉ា)។
យោងតាមគេហទំព័រមីយ៉ាន់ម៉ាថែម (Myanmar Time) ដែលចេញផ្សាយនៅដើមខែតុលា ឆ្នាំ២០១២ ថា ប្រទេសសមាជិកអាស៊ានចំនួន៥ ដែលមានសក្ដានុពលនាំចេញអង្ករខ្លាំងលើពិភពលោក នឹងបង្កើតកិច្ចព្រមព្រៀងកាតែល នៃអ្នកនាំចេញអង្ករនៅក្នុងតំបន់អាស៊ាន ដើម្បីបង្កើនតម្លៃនាំចេញអង្ករប្រមាណ ១០% នៅលើទីផ្សារអន្តរជាតិ។ ទោះយ៉ាងណា ក្រៅពីការបង្កើនតម្លៃនាំចេញ គឺការបង្កើនគុណភាពអង្ករនៃប្រទេសដែលចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មនីមួយៗ។
ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា លោកឧកញ៉ា គឹម សាវុធ មានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យកម្ពុជា ជាពិសេសអ្នកកែច្នៃនាំចេញអង្ករចំណេញជាច្រើន ដូចជាការទទួលបានព័ត៌មានទីផ្សារ ការបែងចែក និងការកំណត់ថ្លៃលក់អង្ករនៅលើទីផ្សារអន្តរជាតិ៖ «យើងអាចចែករំលែកព័ត៌មានទីផ្សារទៅវិញទៅមក ព្រោះកាលណាយើងប្រជុំ យើងត្រូវនិយាយ។ យើងត្រូវមានរបាយការណ៍នាំចូលប៉ុន្មាន អ៊ីចឹងយើងគួរលក់ទៅប្រទេសនោះប៉ុន្មាន តម្លៃប៉ុន្មាន លក់ទៅអ៊ីរ៉ាក់ តម្លៃប៉ុន្មាន។ អ៊ីចឹងពេលប្រជុំ យើងមានរបាយការណ៍ នឹងអាចចែករំលែកព័ត៌មានទៅវិញទៅមក នឹងអាចជួយកំណត់តម្លៃលក់របស់យើង។ ខ្ញុំគិតថា ជារឿងល្អ ព្រោះអីមានអ្នកខ្លះគោរពមិនបាន ១០០% ក៏អ្វីដែលយើងបានធ្វើវាល្អជាងយើងអត់ធ្វើ»។
លោកឧកញ៉ា គឹម សាវុធ មានប្រសាសន៍បន្តថា ការបង្កើតកិច្ចព្រមព្រៀងនៃអ្នកនាំចេញអង្ករកម្ពុជា បានផ្ដល់ផលវិជ្ជមានច្រើនសម្រាប់ប្រទេសកម្ពុជា ជាពិសេសអ្នកនាំចេញអង្ករជាងផលអវិជ្ជមាន។
ទោះបីជាការបង្កើតកិច្ចព្រមព្រៀងនាំចេញរួមគ្នានេះ នឹងធ្វើឲ្យអ្នកផលិត ឬអ្នកនាំចេញទទួលបានផលប្រយោជន៍ក៏ដោយ ប៉ុន្តែអ្នកប្រើប្រាស់ជាក់ស្ដែងនឹងខាតបង់តាមរយៈការឡើងថ្លៃទំនិញទាំងនោះ ហើយអ្នកប្រើប្រាស់ផ្ទាល់នៅក្នុងប្រទេសនីមួយៗ នឹងខាតបង់ដែរតាមរយៈការឡើងថ្លៃទំនិញ។
អ្នកវិភាគសេដ្ឋកិច្ច លោក ហេង ឌីណា មានប្រសាសន៍ថា កិច្ចព្រមព្រៀងកាតែល ជាពិសេសកិច្ចព្រមព្រៀងនៃអ្នកនាំចេញអង្ករនៅក្នុងតំបន់ នឹងធ្វើឲ្យអ្នកប្រើប្រាស់អង្ករនឹងខាតបង់ និងជះឥទ្ធិពលកាន់តែអាក្រក់ថែមទៀតដល់អ្នកក្រីក្រ។ លោក ហេង ឌីណា បញ្ជាក់ទៀតថា ប្រទេសនីមួយៗអាចមានវិធានការសម្រាប់អ្នកនាំចេញនៅប្រទេសនីមួយៗទប់ស្កាត់ចំពោះផលប៉ះពាល់នេះ៖ «នៅក្នុងប្រទេសនីមួយៗ រដ្ឋាភិបាលគាត់អាចចាត់វិធានការសម្រាប់ការពារប្រជាជនដែលជាអ្នកប្រើប្រាស់ តែបើលក្ខណៈអន្តរជាតិគ្មានយន្តការណាដែលស័ក្ដិសិទ្ធិ ឬដាក់កំហិតថាប្រទេសណាមួយមិនអាចចងក្រងគ្នាជាកាតែល បានទេ»។
ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះអាចនឹងបរាជ័យ ដោយសារតែប្រទេសវៀតណាម ជាអ្នកនាំចេញអង្ករដ៏ធំលើពិភពលោកមួយ នឹងមិនចូលរួម ដោយសារតែប្រទេសវៀតណាម មានភាពប្រកួតប្រជែងស្រាប់នៅលើទីផ្សារពិភពលោក។ ម៉្យាងវិញទៀត ប្រទេសមួយចំនួនមិនបានរៀបចំបទបញ្ញត្តិសម្រាប់គ្រប់គ្រងនៅឡើយ។
ការស្រាវជ្រាវដោយក្រុមប្រឹក្សាធញ្ញជាតិអន្តរជាតិ ប្រចាំប្រទេសអង់គ្លេស បានប៉ាន់ស្មានថា ចំណែកទីផ្សាររបស់ប្រទេសវៀតណាម និងថៃ នឹងធ្លាក់ចុះប្រមាណ ៣០% នៅឆ្នាំ២០១២ នៅពេលដែលប្រទេសឥណ្ឌា ក្លាយជាប្រទេសអ្នកនាំចេញអង្ករធំជាងគេលើពិភពលោក ហើយការបង្កើតកិច្ចព្រមព្រៀងរួមគ្នា ដែលហៅថាកាតែល នេះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងចំណែកទីផ្សារអង្កររបស់ឥណ្ឌា នៅលើពិភពលោក។
ទោះជាយ៉ាងណា គម្រោងបង្កើតកាតែល នឹងបរាជ័យដោយសារតែប្រទេសនីមួយៗមិនចូលរួម។ ក្នុងនោះ ការនាំចេញអង្កររបស់វៀតណាម មានតម្លៃថោកជាងប្រទេសជិតខាង ចំពោះប្រទេសថៃ ចរចាចង់បានតម្លៃខ្ពស់ ហើយប្រទេសអ្នកនាំចេញអង្ករផ្សេងៗ កំពុងរង់ចាំមើលនៅឡើយក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មនាំចេញអង្ករនេះ។
គេហទំព័ររបស់វ៉លស្រ្តីត ចឺណល (Wall Street Journal) ចេញផ្សាយនៅខែសីហា បង្ហាញថា បញ្ហាប្រឈមផ្សេងៗទៀតនៃការបង្កើតកាតែល នេះ នឹងបង្កឲ្យមានការតវ៉ាប្រឆាំងពីសំណាក់អ្នកប្រើប្រាស់អង្ករជាក់ស្ដែង ជាពិសេសនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន ហើយបើគម្រោងនេះទទួលជោគជ័យវិញ នឹងធ្វើឲ្យប្រជាជនច្រើនលាននាក់នឹងធ្លាក់ចូលក្នុងភាពក្រីក្រ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ ធ្លាប់មានប្រសាសន៍ថា សហប្រតិបត្តិការជាផ្លូវការរវាងប្រទេសសមាជិកអាស៊ានប្រាំ នៃការបង្កើតកិច្ចព្រមព្រៀងកាតែល ត្រូវបានផ្អាក ដោយសារតែប្រទេសមួយចំនួនមិនទាន់បានឆ្លើយតបនៅឡើយ។
យ៉ាងណាក៏ដោយ អ្នកវិភាគកសិកម្មយល់ឃើញថា បញ្ហាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះធម្មជាតិនានា ធ្វើឲ្យខូចខាតដល់ដំណាំកសិកម្ម និងបានជំរុញឲ្យតម្លៃបានកើនឡើង។ អ្នកវិភាគទាំងនោះបានបង្ហាញទៀតថា ទោះបីជាគ្មានគម្រោងបង្កើតកាតែល នេះក៏ដោយ ក៏តម្លៃកសិផលកសិកម្ម ជាពិសេសតម្លៃអង្ករ បានកើនឡើងប្រមាណ ៥% រៀងរាល់ឆ្នាំដែរ។
របាយការណ៍របស់អង្គការកសិកម្ម និងចំណីអាហារពិភពលោក (FAO) ប្រចាំឆ្នាំ២០១២ បានបង្ហាញថា ប្រទេសថៃ វៀតណាម កម្ពុជា ឡាវ ភូមា បាននាំចេញអង្ករនៅលើទីផ្សារពិភពលោកប្រមាណ ២០លានតោនរៀងរាល់ឆ្នាំ ដែលតំណាងឲ្យ ៧០% នៃការនាំចេញសរុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។