ការបាញ់រះចំនួន ២ថ្ងៃផ្ទួនៗគ្នារបស់ទាហានវៀតណាម នេះត្រូវបានពលរដ្ឋឲ្យដឹងថា ធ្វើឡើងក្នុងទឹកដីកម្ពុជា ប្រមាណ ៦០០ម៉ែត្រពីបង្គោលព្រំដែនលេខ១១៤ ជាការប្រឆាំងទៅនឹងការពង្រីកដីកសិកម្មដាំដំឡូងមីរបស់កសិករខ្មែរបន្ថែមទៀត។
ពលរដ្ឋដែលមានដីចម្ការនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំត្រពាំងផ្លុង ចោទប្រកាន់អាជ្ញាធរវៀតណាម ថាបានបាញ់រះលើពួកគេជាច្រើនគ្រាប់ប្រឆាំងនឹងការកាប់រានព្រៃក្នុងទឹកដីរបស់ខ្មែរ ដោយវៀតណាម ចាត់ទុកថាជាអធិបតេយ្យរបស់ខ្លួន និងជាតំបន់ស ដែលត្រូវហាមឃាត់។
អ្នកស្រី ឡុច ញិច ពលរដ្ឋម្នាក់ក្នុងចំណោមអ្នករងគ្រោះពីការបាញ់រះដោយអាជ្ញាធរវៀតណាម ប្រហែល ៣០គ្រួសារផ្សេងទៀត មានប្រសាសន៍នៅថ្ងៃទី២៩ ខែវិច្ឆិកា ថា ទាហានការពារព្រំដែនរបស់វៀតណាម ជាច្រើននាក់ បានបាញ់រះជាច្រើនគ្រាប់ជាការគំរាមពលរដ្ឋខ្មែរមិនឲ្យកាប់ឆ្ការព្រៃ និងពង្រីកដីកសិកម្មបន្ថែមទៀតក្នុងអធិបតេយ្យរបស់កម្ពុជា។
អ្នកស្រីបន្តថា ការបាញ់រះមកលើពលរដ្ឋខ្មែរក្នុងរយៈពេល ២ថ្ងៃជាប់ៗគ្នាដោយប្រើកាំភ្លើងប្រភេទអាការនេះ ធ្វើឡើបន្ទាប់ពីតំបន់មានជម្លោះនោះត្រូវបានគណៈកម្មការចម្រុះនៃប្រទេសទាំងពីរ ស្នើសុំឲ្យពលរដ្ឋខ្មែរផ្អាកដាំដុះ និងកាប់រានព្រៃបណ្ដោះអាសន្ន ដើម្បីស្វែងរកទីតាំងកំណត់បោះបង្គោលព្រំដែន មុននឹងត្រូវអនុញ្ញាតឲ្យធ្វើកសិកម្មបន្ត។ បើតាមអ្នកស្រី ឡុច ញិច ការពង្រីកដីកសិកម្មបន្ថែមទៀតនៅពេលនេះ គឺនៅឆ្ងាយពីបង្គោលលេខ១១៤ ដែលបានបោះរួចប្រហែលពី ៥ទៅ ៦០០ម៉ែត្រ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា នៅឡើយ។
ចំណែកពលរដ្ឋដែលអះអាងថាជាជនរងគ្រោះដោយទាហានការពារព្រំដែនរបស់វៀតណាម បាញ់គំរាមដែរនោះ បញ្ជាក់ថា ទាំងទាហានវរការពារព្រំដែនកម្ពុជា និងវៀតណាម ចាត់ទុកផ្ទៃដីដែលមានចម្ងាយ ៥ទៅ ៦០០ម៉ែត្រចូលមកខាងកម្ពុជា ពីបង្គោលព្រំដែនលេខ១១៤ នោះថា គឺជាតំបន់សដែលត្រូវហាមឃាត់។
ក៏ប៉ុន្តែ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនគោកខាងភាគីកម្ពុជា ពន្យល់ថា កាលណាតំបន់ដែលត្រូវបានកំណត់ចែកខណ្ឌសីមាតាមរយៈការបោះបង្គោលព្រំដែនរួចហើយនោះ គឺមិនត្រូវបានកំណត់ថាជាតំបន់សទៀតនោះឡើយ។ ក្នុងន័យនេះ លោកថាពលរដ្ឋនៃប្រទេសទាំងពីរ គឺអាចមានសិទ្ធិធ្វើអាជីវកម្ម ឬការប្រកបមុខរបរនៅលើទឹកដីរបស់ខ្លួនដោយសេរី និងពុំមានការរឹតបន្តឹងផ្លូវច្បាប់ណាមួយនោះទេ ទៅលើទីតាំងដីដែលបានកាន់កាប់ពិតប្រាកដ។
បើទោះជាមានការអះអាងបែបនេះរបស់មន្ត្រីជំនាញក្ដី គេសង្កេតឃើញថា នៅតាមខ្សែបន្ទាត់ព្រំដែនដែលត្រូវបានភាគីទាំងពីរបោះបង្គោលរួច និងប្រកាសជាផ្លូវការហើយយ៉ាងណាក៏ដោយ ចំណុចភូមិសាស្ត្រទាំងនោះតែងត្រូវបានរឹតបន្តឹងដោយទាហានការពារព្រំដែនខាងភាគីកម្ពុជា ជាជាងខាងអាជ្ញាធរវៀតណាម។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានទេលើបញ្ហានេះពីប្រធានវរការពារព្រំដែនប្រចាំច្រកត្រពាំងផ្លុង គឺលោក ផេង ធី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២។
ប៉ុន្តែ មេឃុំត្រពាំងផ្លុង គឺលោក ហែម យៀប ឲ្យដឹងថា លោកនឹងចុះសិក្សាបន្ថែមលើទីតាំងដែលមានជម្លោះនោះ។ មេឃុំមកពីគណបក្សប្រជាជនកម្ពុជា រូបនេះបន្តថា ពលរដ្ឋម្ចាស់ដីគួរត្រូវបានលើកទឹកចិត្តក្នុងការពង្រីកលើដីកសិកម្មរបស់ខ្លួន ព្រោះភូមិសាស្ត្រនោះត្រូវបានកំណត់ខណ្ឌសីមារួច ដែលធ្វើឡើងដោយគណៈកម្មាធិការនៃប្រទេសទាំងពីរ។
ពុំមានរបាយការណ៍ណាមួយបានបង្ហាញថាការបាញ់គំរាមផ្ទួនៗគ្នារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ដោយយោធាវៀតណាម មកលើពលរដ្ឋកម្ពុជា ប្រឆាំងនឹងការពង្រីកដីកសិកម្មបន្ថែមទៀតលើដីខ្មែរនេះ មានស្លាប់ និងរងរបួសនោះទេ។
បញ្ហានេះ ត្រូវបានមន្ត្រីបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលដែលឃ្លាំមើលដំណើរការនៃការបោះបង្គោលព្រំដែន រិះគន់ចំណាត់ការរបស់រដ្ឋាភិបាលដែលមិនបញ្ចូលសមាសភាពបក្សប្រឆាំង អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចុះអង្កេតដោយផ្ទាល់ ថាមានភាពលាក់លៀម និងធ្វើឲ្យកម្ពុជា ត្រូវបាត់បង់ទឹកដីបន្ថែមទៀតទៅវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។