សំណុំរឿង០០២នេះ គឺមានជនជាប់ចោទចំនួន ៤នាក់ នៅក្នុងនោះមានទី១ គឺលោក នួន ជា ទី២ គឺលោក អៀង សារី ទី៣ លោក ខៀវ សំផន និងទី៤ គឺលោកស្រី អៀង ធីរិទ្ធ ដែលកំពុងតែរងការចោទប្រកាន់ក្រោមបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានលើអនុសញ្ញាក្រុងហ្សឺណែវ និងរំលោភលើក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦។
មន្ត្រីអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែសីហានេះ ថា ៖ «ក្នុងចំណោមជនត្រូវចោទ ៥រូប រួមមាន ខៀវ សំផន, នួន ជា, អៀង សារី និង អៀង ធីរិទ្ធ និងលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ហ្នឹង សហព្រះរាជអាជ្ញាស្នើសុំបញ្ជូនទៅជំនុំជម្រះតែ ៤រូបទេ គឺ នួន ជា, ខៀវ សំផន, អៀង សារី និង អៀង ធីរិទ្ធ។ សហចៅក្រមឯកភាពទៅតាមនេះ សំណុំរឿង០០២ នឹងគ្មាន ឌុច នៅក្នុងហ្នឹងទេ!»។
សហព្រះរាជអាជ្ញានៃសាលាក្ដីខ្មែរក្រហម បានបើកការស៊ើបអង្កេតលើសំណុំរឿង០០២នេះ អស់រយៈពេល ២ឆ្នាំកន្លះមកហើយ ដែលបានឈានដល់ទីបញ្ចប់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១០កន្លងទៅនេះ ហើយបានធ្វើការសន្និដ្ឋានត្រឹមត្រូវ នៅមុនពេលបញ្ជូនសំណុំរឿង០០២នេះ ទៅសហចៅក្រមនៃសាលាក្ដីខ្មែរក្រហម។
អតីតអ្នកទោសខ្មែរក្រហមនៅមន្ទីរ ស-២១ ឬគុកទួលស្លែង លោក ជុំ ម៉ី អាយុ ៧៩ឆ្នាំ ដែលរួចផុតពីសេចក្ដីស្លាប់ បានមានប្រសាសន៍ថា ៖ «បញ្ហា ៤នាក់ហ្នឹង យើងផ្ដន្ទាទោស គឺផ្ដន្ទាទោសហើយ សំខាន់គឺថា គាត់ឆ្លើយស្មោះត្រង់ ឬមិនស្មោះត្រង់?»។
ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៃរបបខ្មែរក្រហម នៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ លោក ឆាំង យុ បានមានប្រសាសន៍ថា ៖ «សំណុំរឿង ០០២ ដែលមានជនជាប់ចោទទាំង ៤រូបនេះ គឺបម្រើដោយយុត្តិធម៌ពិតប្រាកដមួយ សម្រាប់ជនរងគ្រោះនៅក្រោយរបបកម្ពុជាប្រជាធិបតេយ្យ»។
ប្រភពពីមន្ត្រីសាលាក្ដីខ្មែរក្រហម បានឲ្យដឹងថា សហមេធាវីរបស់លោក នួន ជា មានលោក ស៊ុន អារុណ និងលោក មីសេល ផេសមេន (Michiel Pestman), សហមេធាវីរបស់លោក អៀង សារី មានលោក អាង ឧត្ដម និងលោក មីសេល ខារណាវ៉ាស (Michael Karnavas), សហមេធាវីរបស់លោកស្រី អៀង ធីរិទ្ធ មានលោក ផាត់ ពៅស៊ាង និងកញ្ញា ដៃអាណា អ៊ីលីស (Diana ELLIS) និងសហមេធាវីរបស់លោក ខៀវ សំផន មានលោក ស សូវ៉ាន និងលោក ហ្សាក់ វែហ្សេស (Jacques Verges)។
ការបញ្ជូនសំណុំរឿង០០២នេះ ទៅសហចៅក្រមនៅថ្ងៃទី១៦ ខែសីហានេះ នៅមិនយូរប៉ុន្មានក្រោយពីសាលាក្ដីខ្មែរក្រហម បានប្រកាសសាលក្រមផ្ដន្ទាទោស ឌុច អតីតប្រធានគុកទួលស្លែង ឬមន្ទីរ ស-២១ ឲ្យជាប់គុក ៣៥ឆ្នាំ កាលពីថ្ងៃទី២៦ ខែកក្កដា ក្រោមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបានរំលោភបំពានលើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដែលប្រឆាំងនឹងការធ្វើទារុណកម្ម។
សេចក្ដីប្រកាសរបស់សាលាក្ដីខ្មែរក្រហម ក៏បានឲ្យដឹងដែរថា សហព្រះរាជអាជ្ញាក៏បានបញ្ជូនបណ្ដឹងសារទុក្ខប្រឆាំងនឹងសាលក្រមផ្ដន្ទាទោស ឌុច ផងដែរ៕