មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ទាមទារ​ឲ្យ​ស៊ើប​អង្កេត​មន្ត្រី​តុលាការ​ខែត្រ​រតនគិរី​ជា​ថ្មី

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ទាមទារ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ថ្មី​មួយ​ទៀត​ទៅ​លើ​ភាព​មិន​ប្រក្រតី​របស់​លោក ថោ សារ៉ន អនុ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី។

0:00 / 0:00

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​តាមរយៈ​លិខិត​លើក​ទី​២​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ក្នុង​ឋានៈ​ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម និង​លោក ឌិត មន្ទីរ ប្រធាន​ក្រុមប្រឹក្សា​វិន័យ​ឧត្តម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម និង​អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាល​​ពីថ្ងៃ​ទី​១២ តុលា ឆ្នាំ​២០០៩ ដោយ​ស្នើសុំ​ឲ្យ​ផ្អាក​ជា​បណ្តោះ​អាសន្ន​តួនាទី​របស់​លោក ថោ សារ៉ន ជា​ចៅក្រម​ស៊ើបសួរ​ក្នុង​គ្រប់​ករណី​ទាំង​ឡាយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដណ្តើម​យក​ដី​ជនជាតិ​ដើម​ភាគ​តិច​ដោយ​ក្រុមហ៊ុន​ឌីអឹមហ្គ្រូប។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បញ្ជាក់​ពី​ការ​ទាមទារ ៖ «ដរាប​ណា​យើង​អត់​ធ្វើការ​ស៊ើប​អង្កេត​និង​អនុវត្ត​តាម​ច្បាប់​ត្រឹមត្រូវ អា​ហ្នឹង​គឺ​យើង​អនុញ្ញាត​ឲ្យ​ចៅក្រម​គ្រប់​ទី​កន្លែង​ជិះ​សេះ​លែង​ដៃ ហើយ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​នៅតែ​មាន​ខ្ពស់​ដដែល»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ថោ សារ៉ន ដើម្បី​អធិប្បាយ​សេចក្តី​ចោទ​នោះ​បាន​នៅ​ឡើយ​ទេ។

យោង​តាម​ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​ពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លិខិត​ច្បាប់​ចម្លង​របស់​ខុទ្ទកាល័យ​ក្រសួង​ព្រះ​បរម​រាជវាំង ព្រះ​មហាក្សត្រ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា ឆ្នាំ​២០០៩ បាន​ឡាយ​ព្រះហត្ត​លេខា​លើ​ព្រះ​លិខិត​មក លោក អង្គវង្ស វឌ្ឍនា សមាជិក​ឧត្តម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម និង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឲ្យ​ពិនិត្យ​លើ​ការ​ទាមទារ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នោះ ហើយ​លិខិត​នោះ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ទើប​បាន​ទទួល​នៅ​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០០៩។

លោក គឹម ស៊ូភារិទ្ធ អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សមរង្ស៊ី​បាន​គាំទ្រ​ការ​ស្នើសុំ​នោះ។ លោក​បញ្ជាក់​ថា លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អះអាង​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​ក្នុង​ការ​ត្រួត​ពិនិត្យ​អនុម័ត​ច្បាប់​ព្រហ្មទណ្ឌ​ដោយ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​ថា លោក​នឹង​ធ្វើការ​ស៊ើប​អង្កេត​ករណី​លោក ថោ សារ៉ន នោះ។

លោក គឹម ស៊ូភារិទ្ធ បាន​ថ្លែង​ថា ៖ «ខ្ញុំ​នឹង​ចូលរួម​នៅ​ពេល​ណា​ខ្លះ​ទៀត ប្រសិន​បើ​ការងារ​ហ្នឹង​មិន​បាន​អនុវត្ត?»

គួរ​បញ្ជាក់​ដែរ​ថា ភាព​មិន​ប្រក្រតី​របស់​លោក ថោ សារ៉ន ដែល​បាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​រក​ឃើញ​រួម​មាន បាន​ស្នើសុំ​ដី​ជា​ថ្នូរ​នឹង​ការ​ដោះលែង​អ្នក​ភូមិ​ជនជាតិ​ដើម​ទំពូន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយសារ​តែ​ប្រឆាំង​ការ​តវ៉ា​ការ​ដណ្តើម​ដី​ដោយ​ក្រុមហ៊ុន​ឌីអឹមហ្គ្រូប, ធ្វើ​ឱសានវាទ​ឲ្យ​លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ចាក​ចេញ​ពី​ខេត្ត​រតនគិរី ឬ​ប្រឈម​មុខ​នឹង​ការ​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​ភេរវកម្ម​ដោយសារ​បាន​គាំទ្រ​អ្នក​ភូមិ, ប្រើប្រាស់​រថយន្ត​ដែល​រឹប​អូស​បាន​ដោយ​ប៉ូលិស​ក្នុង​អំឡុង​ស៊ើប​អង្កេត​ករណី​ប្លន់​ធ្វើ​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់, មាន​ឈ្មោះ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ទំហំ​៣​ហិតារ​ដែល​ជា​កម្មសិទ្ធិ​របស់​ជន​ជាប់​ចោទ​ក្នុង​រឿង​ក្តី​បង្ក​របួស​ស្នាម និង​បាន​ហ៊ុម​ព័ទ្ធ​យក​ដី​តំបន់​ព្រៃ​ឈើ​កម្មសិទ្ធិ​សាធារណៈ​របស់​រដ្ឋ៕