ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម​និង​លាវ

យោង​តាម​ព័ត៌មាន​ផ្លូវការ​ពី​ទីក្រុង​ភ្នំពេញ លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​បាន​អញ្ជើញ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​យៀកណាម​ពី​ថ្ងៃ​ទី​២៥ ដល់ ២៧ វិច្ឆិកា និង​នៅ​ប្រទេស​លាវ​ពី​ថ្ងៃ​ទី​២៧ ដល់ ២៩ វិច្ឆិកា។

យោងតាម​ប្រភព​ដដែល​នៅ​ឯ​សាធារណរដ្ឋ​សង្គម​និយម​យៀកណាម លោក ជា ស៊ីម និង​គណៈប្រតិភូ​នឹង​ចូល​ជួប​ប្រធាន​បក្ស​កុម្មុយនីស្ត​យៀកណាម លោក នង ឌឹកម៉ាញ់ និង​ប្រធាន​សភា​យៀកណាម លោក ង្វៀង ភូត្រុង ដើម្បី​ធ្វើ​កិច្ច​ពិភាក្សា​ការងារ​ជាមួយ​គ្នា។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​លាវ​វិញ លោក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​គណៈប្រតិភូ ក៏​នឹង​ចូល​ជួប​ធ្វើ​កិច្ច​ចរចា​ការងារ​ជាមួយ​ប្រធាន​សភា​លាវ លោក ថងស៊ិង ថាំម៉ាវ៉ុង និង​លោក ឈូម៉ាលី សាយ៉ាសន ប្រធាន​ក្រុមប្រឹក្សា​រដ្ឋ​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​បដិវត្តន៍​ប្រជាជន​លាវ៕