ការសុំអភ័យទោសនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋសភាបន្តលើកទី៩ នីតិកាលទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២។
លោក ឈាង វុន បានសុំការអភ័យទោសពីជនជាតិដើមភាគតិចព្នង និងសំដែងការសោកស្ដាយចំពោះពាក្យសំដីរបស់ខ្លួន ដែលលោកមិននឹកស្មានថា មានជនកំហូចមួយចំនួនភ្ជាប់សំដីរបស់គាត់ទៅនឹងជនជាតិភាគតិចព្នងនោះទេ។
លោកថ្លែងដូច្នេះ៖ «តាមរយៈវេទិកានេះ សូមឲ្យប្រជាពលរដ្ឋយើងដែលមានជនជាតិដើមភាគតិចព្នង អធ្យាស្រ័យខ្ញុំ ព្រោះខ្ញុំមិនដែលនឹកឃើញនិយាយប៉ះពាល់ដល់បងប្អូននោះទេ ខ្ញុំមិនស្មានថា ស្អីដែលខ្ញុំនិយាយហ្នឹង អាចធ្វើឲ្យមនុស្សកំហូចមួយចំនួនភ្ជាប់រឿងនេះទៅជនជាតិព្នងរបស់យើងនោះទេ។ ស្អីដែលខ្ញុំនិយាយ ត្រូវការពារដោយវចនានុក្រម ហើយពាក្យគេនិយាយច្បាស់ណាស់។ ខ្ញុំមិនអានឲ្យស្ដាប់ទេ សូមឲ្យបើកមើលវចនានុក្រមដែលគេប្រើប្រាស់នៅកម្ពុជាយើងសព្វថ្ងៃនេះ ហើយវចនានុក្រមទាំងនោះ ត្រូវគេយកទៅបង្រៀននៅសាលា។ បើសិនជាអ្វីដែលខ្ញុំនិយាយខុស សូមឲ្យក្រសួងអប់រំ យកវចនានុក្រមទៅបោះចោលក្នុងធុងសំរាម កុំឲ្យទៅបង្រៀនកូនសិស្សទៀត។ សូមបងប្អូនព្នងមេត្តាអធ្យាស្រ័យខ្ញុំ»។
គួររំលឹកថា ក្នុងអំឡុងពេលចូលរួមប្រជុំពេញអង្គរបស់រដ្ឋសភាលើកទី៩ នីតិកាលទី៤ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ លោក ឈាង វុន បានប្រើពាក្យជ្រុលជ្រួសដាក់ទៅលើអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ដោយបានប្រៀបប្រដូចក្រុមអ្នកទាំងនោះថា មានចរិតព្រៃផ្សៃដូចជាពួកព្នង។
ការប្រដូចរបស់លោក ឈាង វុន ធ្វើឲ្យប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមយុវជនជនជាតិដើមភាគតិច ទាមទារឲ្យលោក ឈាង វុន សុំទោសជនជាតិដើមភាគតិចតាមប្រពៃណីនៅភ្នំដោះក្រមុំ ស្ថិតនៅខេត្តមណ្ឌលគិរី។
តែទោះជាយ៉ាងណា លោក ឈាង វុន ធ្លាប់បញ្ជាក់ថា បើអាចធ្វើទៅបានលោកនឹងរៀបចំកម្មវិធីមួយ ដើម្បីជាការសុំខមាទោសជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី។ ប៉ុន្តែជំហានដំបូង លោកសុំខមាទោសជនជាតិភាគតិចជាផ្លូវការនៅក្នុងកិច្ចប្រជុំសភាពេញអង្គជាមុនសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។