កិច្ចព្រមព្រៀងចំនួន ៧នោះ មាន៖ ទី១ កិច្ចព្រមព្រៀងឥណទានអនុគ្រោះ ស្ដីពីគំរោងពង្រីកផ្លូវជាតិលេខ៦ ជំហានទី២។ ទី២ គំរោងធ្វើឲ្យប្រសើរឡើងផ្លូវលេខ ៤៤។ ទី៣ គំរោងអភិវឌ្ឍន៍ទំនប់ទឹកនៅខេត្តបាត់ដំបង។ ទី៤ អនុស្សរណៈយោគយល់គ្នាស្ដីពីឥណទានអនុគ្រោះសំរាប់អ្នកទិញ និងឥណទានសម្បទានរបស់រដ្ឋាភិបាល សំរាប់ផែនការសហប្រតិបត្តិការរយៈពេល ៣ឆ្នាំ ទៅ ៥ឆ្នាំ។
ទី៥ កិច្ចព្រមព្រៀងស្ដីពីគំរោងសាងសង់អគារមណ្ឌលសុខភាពអន្លង់ក្ងាន នៅខណ្ឌសែនសុខ ក្រុងភ្នំពេញ។ ទី៦ កិច្ចសន្យាពាណិជ្ជកម្មស្ដីពីគំរោងប្រព័ន្ធទូរស័ព្ទបន្ទាន់ និងគ្រប់គ្រងចរាចរណ៍។ ទី៧ ប្រទេសចិនបានសន្យាប្រគល់យន្តហោះយោធាចំនួន ២គ្រឿង ប្រភេទ MA-60 ឲ្យក្រសួងការពារជាតិកម្ពុជា។
ការចុះហត្ថលេខានេះ បានធ្វើឡើងក្រោយពីជំនួបជាង ២ម៉ោង រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈិមបក្ស និងជាលេខាគណៈកម្មការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកុម្មុយនិស្តចិន លោក ហ៊ី ហ្គួឈាង នៅឯវិមានសន្តិភាពនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២។
ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ជំនួយទាំងនេះគឺជាការពង្រឹងចំណងមិត្តភាព និងដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន គ្រប់ជ្រុងជ្រោយ។
លោក អ៊ាង សុផល្លែត៖ «សម្ដេចក៏បានមានប្រសាសន៍ដែរថា ការរីកចំរើនរបស់ប្រទេស ម្ពុជា មិនអាចកាត់ផ្ដាច់អំពីជំនួយរបស់ប្រទេសចិនទេ។ ការរីកចំរើនរបស់ចិន គឺនាំមកនូវវិបុលភាពដល់ប្រទេសជិតខាង ក៏ដូចប្រទេសកម្ពុជា ផងដែរ ហើយជំនួយចិនជួយកម្ពុជា យើងឲ្យមានការរីកចំរើនខាងវិស័យសេដ្ឋកិច្ចនោះទេ ក៏អាចជួយទៅដល់ឯកភាពរបស់កម្ពុជាផងដែរ»។
ផ្ទុយពីការសាទរនេះ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍អត្ថាធិប្បាយថា ប្រទេសចិនកំពុងតែពង្រឹងឥទ្ធិពលនយោបាយយោធា និងពាណិជ្ជកម្មនៅកម្ពុជា និងតំបន់៖ «ការប្រើប្រាស់កម្ពុជា ដើម្បីផលប្រយោជន៍នយោបាយដែលធ្វើឲ្យប្រទេសកម្ពុជា បាត់បង់អព្យាក្រឹតភាពហ្នឹង ជាការមួយដែលប្រទេសកម្ពុជា ត្រូវតែប្រុងប្រយ័ត្ន ហើយនិងកេងប្រវ័ញ្ចផលធម្មជាតិ ផលរ៉ែ របស់ប្រទេសកម្ពុជា ដែលធ្វើឲ្យប្រទេសនេះរងគ្រោះយ៉ាងធ្ងន់ធ្ងរ»។
ក្រៅពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៧នោះ មន្ត្រីជាន់ខ្ពស់ចិន លោក ហ៊ី ហ្គួឈាង បានយល់ព្រមបន្តផ្ដល់ជំនួយឥណទានដល់ប្រទេសកម្ពុជា តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជំរុញឲ្យការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងចិន កើនដល់ទំហំ ៥ពាន់លានដុល្លារអាមេរិក។
លោក ហ៊ុន សែន និងលោក ហ៊ី ហ្គួឈាន បានឯកភាពគ្នាជំរុញឲ្យទេសចរចិន និងអ្នកវិនិយោគទុនចិន មកប្រទេសកម្ពុជា ឲ្យបានច្រើនថែមទៀត និងជំរុញឲ្យមានការហោះហើរដោយត្រង់ពីខេត្តនានា នៅប្រទេសចិន មកប្រទេសកម្ពុជា ជាពិសេស ទីក្រុងភ្នំពេញ និងខេត្តសៀមរាប នៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។