នាយករដ្ឋមន្ត្រី​ចិន​ប្រកាស​បន្ត​ពង្រឹង​មិត្តភាព​កម្ពុជា-ចិន

លោក​នាយករដ្ឋមន្ត្រី​ចិន វិន ជាបាវ (Wen Jiabao) ប្រកាស​ថា នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​រវាង​ចិន និង​កម្ពុជា ព្រម​ទាំង​ពង្រីក​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ។
ដោយ ម៉ៅ សុធានី
2012-09-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជំនួយ ចិន ៣០៥
២៦-ឧសភា-២០១១៖ មន្ត្រី​យោធា​ខ្មែរ និង​ចិន ពិនិត្យ​មើល​សម្លៀក​បំពាក់​យោធា​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន នៅ​រាជធានី​ភ្នំពេញ។
RFA/Sok Serey

លោក វិន ជាបាវ នាយករដ្ឋមន្ត្រី​ចិន បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ ទី​២ កញ្ញា ថា រដ្ឋាភិបាល​ចិន ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ វិស័យ​កសិកម្ម និង​សុខភាព។

ការ​ថ្លែង​របស់​មេដឹកនាំ​ចិន​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិព័រណ៍​ចិន-​អាស៊ី-​អឺរ៉ុប លើក​ទី​២ នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង អ៊ុយហ្គរ៍ នៅ​ភាគ​ខាង​ពាយ័ព្យ​ប្រទេស​ចិន ​ដែល​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ទី​៥ ខែ​កញ្ញា នេះ។

ពាក់ព័ន្ធ​នឹង​ការ​សន្យា​របស់​មេដឹកនាំ​ចិន តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក​ សុន ឆ័យ មាន​ប្រសាសន៍​ប្រតិកម្ម​ថា រដ្ឋាភិបាល​ចិន មិន​ដែល​មាន​បំណង​ល្អ​ចំពោះ​ប្រទេស​កម្ពុជា ទេ។ ប្រទេស​ចិន​គិត​តែ​ពី​ផលប្រយោជន៍​របស់​ខ្លួន និង​ឆ្លៀត​ឱកាស​កេងប្រវ័ញ្ច​ពី​ប្រទេស​កម្ពុជា ដែល​សម្បូណ៌​ទៅ​ដោយ​ធនធាន​ធម្មជាតិ។

លោក សុន ឆ័យ៖ «ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាមួយ​ចិន ជា​ពិសេស​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ ធ្វើ​ឲ្យ​ខ្មែរ​អន្តរាយ​ធ្ងន់ធ្ងរ​ណាស់ ដូចជា​សម័យ​ខ្មែរ​ក្រហម។ ដូច្នេះ​ចំណង​មិត្តភាព​ជាមួយ​ចិន យើង​ត្រូវ​ប្រុង​ប្រយ័ត្ន ដូចជា​សព្វថ្ងៃ ចិន​ហាក់​គ្មាន​បំណង​ជួយ​ដល់​កម្ពុជា ឲ្យ​លូតលាស់​ទេ ក្រៅ​ពី​ឲ្យ​ខ្ចី​លុយ​ដែល​កោរ​ខ្មែរ​ដោយ​ដាក់​តម្លៃ​ខ្ពស់ ឲ្យ​ខ្មែរ​ជំពាក់​រុំក្បិន ជា​សកម្មភាព​មួយ​ដែល​តាម​ពិត​គឺ​ជា​ការ​កេង​ប្រវ័ញ្ច​ផលប្រយោជន៍​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ»

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក​ ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា បញ្ហា​ដែល​កើត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរ​ក្រហម​នោះ គឺ​ជា​ផល​វិបាក​ដែល​បណ្ដាល​មក​ពី​ឥទ្ធិពល​មនោគមវិជ្ជា​រវាង​ប្រទេស​លោក​ខាង​លិច និង​ខាង​កើត។

លោក​បន្ត​ថា កម្ពុជា​មាន​បទពិសោធន៍​ទាំង​ជាមួយ​ចិន និង​សហរដ្ឋ​អាមេរិក ដូច្នេះ​ប្រការ​ដែល​រដ្ឋាភិបាល​ចិន ងាក​មក​ជួយ​ដល់​កម្ពុជា គឺ​ជា​កាលៈទេសៈ​ដ៏​ល្អ​សំរាប់​កម្ពុជា ដែល​ជា​សមាជិក​សមាគម​អាស៊ាន។

លោក ផៃ ស៊ីផាន៖ «យើង​ដឹង​ហើយ​ប្រទេស​ចិន មាន​ចំណង​មេត្រីភាព ការ​ពិសោធ​ទាំង​ល្អ​ទាំង​អាក្រក់ ដូចជា​សម័យ​កាល​ខ្មែរ​ក្រហម។ ឥឡូវ​នេះ​ដល់​សម័យកាល​ថ្មី​មួយ គឺ​សម័យកាល​សមាគម​អាស៊ាន​នេះ​ឯង។ មិត្តភាព​រវាង​កម្ពុជា-​ចិន គឺ​កើត​មាន​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ នេះ​ជា​ការ​សម្រេច​ចិត្ត​មួយ​ល្អ ដោយសារ​កម្ពុជា​បាន​បាត់​បង់​ឱកាស​ខ្លួន​ក្នុង​ទសវត្សរ៍​ឆ្នាំ​៧០ នូវ​ការ​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​មនោគមវិជ្ជា​នោះ​ឯង។ ដូចនេះ​ការ​វិល​ត្រឡប់​របស់​ចិន មក​ជួយ​កម្ពុជា គឺ​ជា​សញ្ញា​មួយ​ដ៏​ល្អ​ដែល​កម្ពុជា ជា​សមាជិក​មួយ​ថ្មី​នៃ​សមាគម​អាស៊ាន ធ្វើ​ឲ្យ​យើង​មាន​ឱកាស​បាន​ប្រហាក់ប្រហែល​គេ…»

ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ កាល​ពី​ថ្ងៃ​អាទិត្យ នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​ថា ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា និង​ចិន គឺ​មាន​មូលដ្ឋាន​រឹងមាំ ពុំ​មាន​រង្គោះរង្គើ​ទេ ហើយ​នឹង​កាន់​តែ​ខ្លាំងក្លា​ថែម​ទៀត​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា ប្រទេស​កម្ពុជា ប្រុងប្រៀប​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុជា-​ចិន ឈាន​ដល់​កម្រិត​ខ្ពស់ និង​រៀបចំ​ផែនការ​សហប្រតិបត្តិការ​ក្នុង​គ្រប់​វិស័យ និង​ពង្រីក​យុទ្ធសាស្ត្រ​យ៉ាង​ទូលំទូលាយ​នៃ​ប្រទេស​ទាំង​ពីរ។ នៅ​ឆ្នាំ​២០១៣ ខាង​មុខ​នេះ ប្រទេស​កម្ពុជា និង​ប្រទេស​ចិន នឹង​ប្រារព្ធ​អបអរ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​រយៈពេល ៥៥​ឆ្នាំ​មក​ហើយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

តាមពិតប្រទេសយើងជាប្រទេសក្រត្រូតែរកមិត្តភក្រ្តជួយខ្លះចឹង
ហើយ តែដោយយើងយល់នឹងដឹងថាកាលណាគេជួយអ្វីមួយ
គឺគេត្រូវការអ្វីមួយដែរ យើងអាចស្មានបានថា ចិនកំពុង
ត្រូវការលោហធាតុម៉្យាងដើម្បីយកទៅធើ្វនេះនោះដែលយើង
មិនចេះធើ្វសោះ គេសម្លឹងឃើញប្រទេសយើងហ្នឹងហើយដែល
ស្រួលស៊ីសស៊ូសគ្នា អ្នកដឹកនាំប្រទេសយើងចេះតែអង្គុយចាំទទួល
លុយ នេះហើយកិច្ចការរបស់អស់លោកខ្មែរសព្វថ្ងៃ មិនមាន
គំនិតប្រាជ្ញាបង្កើតឫទិញម៉ាស៊ីនរូងដីយករ៉ែមកឆ្នៃអីទេ អាហ្នឹង
និយាយទៅវាវែងឆ្ងាយពេក អស់លោកថាឈឺក្បាលណាស់

Sep 04, 2012 08:38 AM

young khmer

If we don't need help from China.so;which country can help us.

Sep 04, 2012 02:12 AM

អ្នក​អាន​អនាមិក

ចំនួយចិនជាចំណង ចិនតែងតែគ្រាំទ្រពួកកាន់របបផ្តាច់ការ!!!

Sep 03, 2012 10:48 PM

អ្នក​អាន​អនាមិក

ពិត៊ជាត្រេកអរណាស់ដែលបានចំពោះរដ្ឋាភិបាលចិនដែលបានជួយដល់ប្រទេសកម្ពុជាដែលទើបនិងបានផុតពីសង្រ្គាមក្នុងរយះពេលប៉ុនម្មានឆ្នាំមកនេះ។ ប៉ុន្តែរដ្ឋាភិបាលកុំត្រេកអរចំពោះកម្ចីដែលបានមកព្រោះថាវាមិនមែនជាជំនួយឥតសំណងនោះទេ។​ដូចនេះលុយដែលបានមកនេះគួរប្រើប្រាស់ឲយមានប្រយោជន៏សំរាប់សង្គមជាតិទាំងមូល ព្រោះលុយនេះប្រជាជនកម្ពុជាជាអ្នកសងទេមិនមែនហ៊ុន សែន ក្រុមរបស់លោកនោះទេ

Sep 03, 2012 09:47 PM

ក្មេងសុំទាន

ពី វត្តភ្នំ

សុំលោកផៃ ស៊ីផានជួយបំភ្លឺផងថាត្រង់ណាដែលចិនមាន
បំណងល្អដល់ខ្មែរ?បើលោកឆ្លើយមិនរួចទេឈប់ព្រូស
ទៀតទៅ ព្រោះសូម្បីតែខ្លួនលោកជាខ្មែរក៍មិនដែលធ្វើល្អជា
មួយខ្មែរផងនៅហ៊ានថាចិនល្អចំពោះខ្មែរទៀត។គួរឱ្យខ្មាស់
យួនណាស់ ព្រោះគេមិនដែលថាចិនជាគ្រូដើមរបស់គេល្អ
ជាមួយយួនម្ដងណាទេ។

Sep 03, 2012 03:49 PM

មើល​មតិ​ទាំង​អស់.