ជាមួយគ្នានោះដែរ លោកអនុប្រធានាធិបតីចិន ស៊ី យិនពីង (Xi Jinping) បានអរគុណចំពោះប្រទេសកម្ពុជា ដែលបានសម្រេចបញ្ជូនជនជាតិអ៊ុយហ្គរ៍ចំនួន២០នាក់ទៅចិនវិញ បន្ទាប់ពីពួកគេបានរត់គេចចេញពីការប្រើហិង្សានៅប្រទេសចិនមកកម្ពុជា។
ចំណែកបក្សប្រឆាំងនិងសង្គមស៊ីវិលនិយាយថា ការផ្តល់ជំនួយរបស់ចិន គឺគ្រាន់តែជាការពង្រីកអំណាចរបស់ខ្លួននៅក្នុងតំបន់អាស៊ីនិងការទាញយកផលចំណេញពីប្រទេសកម្ពុជានូវនយោបាយ និងការទាញយកផលធនធានធម្មជាតិជាដើម។
ក្នុងឱកាសជំនួបជាលើកដំបូងរវាងនាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន និងអនុប្រធានាធិបតី ស៊ី យិនពីង នៅអគារទីស្តីការគណៈរដ្ឋមន្រ្តីថ្មីដែលទើបសង់ហើយរយៈពេលប្រហែលមួយឆ្នាំ ដែលជាជំនួយឥតសំណងរបស់ប្រទេសចិននោះ មេដឹកនាំទាំងពីរបានចាប់ដៃគ្នារលាក់ប្រកបដោយទំនុកចិត្តជឿជាក់លើគ្នាទៅវិញទៅមកលើចំណងមិត្តភាពល្អប្រសើរ ដោយថ្លែងអំណរគុណដល់គ្នាទៅវិញទៅមកដោយរីករាយ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់អ្នកកាសែតជាតិនិងអន្តរជាតិយ៉ាងច្រើនកកកុញនៅក្រោយកិច្ចចរចានិងចុះហត្ថលេខានៅឯទីស្តីការគណៈរដ្ឋមន្រ្តីនោះថា ក្រោយជំនួបចរចាគ្នាអស់រយៈពេលជាងមួយម៉ោង មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាធ្វើជាសាក្សីដល់មន្រ្តីកំពូលៗនៃរដ្ឋាភិបាលទាំងពីរក្នុងការចុះហត្ថលេខាលើឯកសារពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការចំនួន១៤ រវាងកម្ពុជានិងប្រទេសចិន។
ប្រទេសចិនបានយល់ព្រមផ្តល់ប្រាក់កម្ចីអនុគ្រោះចំនួន៤០០លានដុល្លារសហរដ្ឋអាមេរិក និងជំនួយកម្ចីពាណិជ្ជកម្មចំនួន៨០០លានដុល្លារផ្សេងទៀត។ សរុបមកមានទឹកប្រាក់ចំនួន ១២០០លានដុល្លារអាមេរិកដែលកម្ពុជាបានចុះហត្ថលេខាទទួលពីរដ្ឋាភិបាលចិននៅថ្ងៃច័ន្ទ ទី២១ ធ្នូ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូច្នេះ ៖ «ទន្ទឹមនឹងនោះប្រទេសចិនបានប្រកាសជំនួយឥតសំណង គឺនៅខែតុលា ២០០៩ គឺប្រកាសជំនួយឥតសំណងចំនួន៥០លានយន់ និងជំនួយ៥០លានយន់ទៀតជាការកម្ចីដោយអត់យកការប្រាក់។ ហើយក្នុង៥០លានយន់នេះ នៅក្នុងខែតុលា សម្ដេចបានស្នើឲ្យប្ដូរ៥០លានយន់នោះជាជំនួយដើម្បីជួសជុលប៉ះប៉ូវស្ដារឡើងវិញនូវមហន្តរាយដែលរងគ្រោះដោយព្យុះកេតសាណា ហើយប្រទេសចិនបានទទួលយកសំណើនេះ»។
ចាប់តាំងពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០០៩នេះ រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងនិងប្រាក់កម្ចីឥតការប្រាក់សរុបចំនួនជាង២.០០០លានដុល្លារសហរដ្ឋអាមេរិក។ កម្ពុជាអះអាងថា ជំនួយទាំងនេះបានធ្វើឲ្យកម្ពុជាប្រកាន់ជំហរបាននូវការពង្រឹងឯករាជភាពខាងនយោបាយរបស់ខ្លួន។
លោក ខៀវ កាញារីទ្ធ បន្តថា ក្រៅពីកិច្ចសហប្រតិបត្តិការចំនួន១៤ចំណុចនេះ នៅមានកិច្ចព្រមព្រៀងបន្ថែមសំខាន់ៗមួយចំនួនទៀត ដូចជាប្រទេសចិនប្រកាសយកកម្ពុជាជាដៃគូពិសេសដាច់ខាតលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើកិច្ចការនយោបាយនិងសេដ្ឋកិច្ច។ គាំទ្រឲ្យកម្ពុជាបង្កើនការផលិតទំនិញនាំចេញទៅប្រទេសចិនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ចំណែកកម្ពុជាក៏បានប្រកាសគាំទ្រនូវនយោបាយចិនតែមួយដោយឥតងាករេ ហើយមិនឲ្យប្រទេសណាមួយប្រើប្រាស់ទឹកដីកម្ពុជាក្នុងការធ្វើនយោបាយប្រឆាំងចិនឡើយ។ កម្ពុជាក៏យល់ព្រមឲ្យប្រទេសចិនបង្កើតមជ្ឈមណ្ឌល ខុង ជឺ នៅកម្ពុជា ដើម្បីជាការស្វែងយល់វប្បធម៌នៃប្រទេសទាំងពីរ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍បន្ថែមដូច្នេះ ៖ «ទន្ទឹមនឹងនោះ សម្ដេចក៏បានលើកឡើងអំពីចំណុចសំខាន់នៃការទាក់ទងរវាងគណបក្សប្រជាជន គណបក្សហ្វ៊ុនស៊ីនប៉ិច ជាមួយនឹងបក្សកុម្មុយនីស្តរបស់ចិន ដែលនោះគឺជាការផ្លាស់ប្ដូរបទពិសោធន៍ច្រើន ទាំងក្នុងការងារគ្រប់គ្រងបក្ស ក៏ដូចជាការគ្រប់គ្រងមួយចំនួនក្នុងការងារដឹកនាំប្រទេសជាតិ»។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលចិនក៏យល់ព្រមបង្កើនការផ្តល់អាហារូបករណ៍រយៈពេលវែងនិងមធ្យមដល់និស្សិតកម្ពុជាតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា។ ចិនក៏បានជំរុញផងដែរឲ្យកម្ពុជាសិក្សាពីគម្រោងកសាងផ្លូវដែកអាស៊ានក្នុងការសហការជាមួយប្រទេសចិន ដើម្បីជួយដោះគ្រាប់មីនតាមបណ្តោយផ្លូវដែកនោះ។
តំណាងរាស្រ្តគណបក្សសមរង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ថា ការផ្តល់ជំនួយពីប្រទេសចិន ភាគច្រើនលើការសាងសង់អគារដែលបើកឱកាសឲ្យមន្រ្តីពាក់ព័ន្ធទាំងនោះពុករលួយកិបកេង ដោយសារបំប៉ោងតួលេខនៃការសាងសង់នោះ ចំណែកប្រជាពលរដ្ឋមិនសូវទទួលបានផលប្រយោជន៍ប៉ុន្មាននោះទេ។
លោក សុន ឆ័យ មានប្រសាសន៍ដូច្នេះ ៖ «យើងឃើញថា មានភាពមិនប្រក្រតីច្រើនណាស់ ដែលតម្លៃនៃការសាងសង់នោះត្រូវគេបំប៉ោង រដ្ឋាភិបាលហាក់ដូចជាកំពុងលើកទឹកចិត្ត ដោយសារយើងឃើញហើយថា ប្រទេសមានការជឿនលឿនផ្នែកសេដ្ឋកិច្ច ដូចជាជប៉ុន អាមេរិកជាដើម គេមិនទាន់ហ៊ានមករកស៊ីស្រុកយើង ដោយសារនីតិវិធីរដ្ឋបាលយើងស្មុគស្មាញ ហៅថាការិយាល័យនិយម ឬក៏មិនមានតម្លាភាព មិនមានការធានាអីជាដើម»។
លោកបន្តថា ការផ្តល់ជំនួយរបស់ប្រទេសចិន គឺគេសម្លឹងមើលឃើញនូវប្រយោជន៍សម្រាប់ខ្លួនគេ វាខុសគ្នាពីសហរដ្ឋអាមេរិក ឬប្រទេសលោកខាងលិចផ្សេងៗទៀត ដែលគេគិតពីមនុស្សធម៌ច្រើនជាង។
លោក សុន ឆ័យ មានប្រសាសន៍បន្តថា ៖ «គ្រាន់តែគេមិនឲ្យលុយសុទ្ធ គេឲ្យយកទំនិញដោយមិនគិតពន្ធ គេទុកពន្ធហ្នឹងឲ្យត្រឡប់មកស្រុកខ្មែរដូចជាជំនួយដែរ។ មកទល់សព្វថ្ងៃនេះខ្ញុំថា ជំនួយសហរដ្ឋអាមេរិកមានប្រមាណជាជាង១០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ហើយនៅក្នុងវិស័យផ្សេងៗទៀត ដូចវិស័យសុខាភិបាល វិស័យធនធានមនុស្ស។ យើងឃើញមានផ្ដល់ជំនួយផ្នែកបច្ចេកទេស ផ្នែកយោធានិងសម្ភារៈបន្តិចបន្តួចទៀត»។
កាសែតភ្នំពេញប៉ុស្តិ៍ បានដកស្រង់សម្ដីអ្នកវិភាគអន្តរជាតិលើគោលនយោបាយចិនក្នុងប្រទេសកម្ពុជា គឺលោក ខាល ថាយើ (Carl Thayer) ដែលជាសាស្រ្តចារ្យនៅបណ្ឌិតសភាហ្វឹកហ្វឺនយោធារបស់ប្រទេសអូស្រ្តាលី ក្នុងក្រុងស៊ីដនី បានបញ្ជាក់ថា ការផ្តល់ជំនួយពីប្រទេសចិន គឺដើម្បីឲ្យប្រទេសក្នុងតំបន់គេចចេញពីសម្ពាធប្រទេសលោកខាងលិច ដែលជាអ្នកលើកស្ទួយសិទ្ធមនុស្សនិងកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។
លោក ខាល ថាយើ បន្តថា អ្វីដែលមិនអាចជៀសផុតបាននោះ គឺការកើនឡើងនូវឥទ្ធិពលរបស់ចិន បានបណ្តាលឲ្យមានការកាត់បន្ថយនូវជំនួយរបស់ប្រទេសលោកខាងលិចលើបញ្ហាសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ ដូច្នេះវានឹងអាចបញ្ចប់នូវកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ ដែលបានអនុវត្តចាប់តាំងពីដើមទសវត្សរ៍១៩៩០មក។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការទទួលយកជំនួយពីបរទេស គឺតែងតែទទួលយកនូវលក្ខខណ្ឌណាមួយ។ លក្ខខណ្ឌនោះត្រូវគេមើលឃើញគ្រប់គ្នាហើយ គឺប្រទេសចិនមានការរិះគន់ពីប្រទេសមហាអំណាចពីបញ្ហារំលោភសិទ្ធិមនុស្ស ដូច្នេះចិនចង់ឲ្យមានការគាំទ្រលើបញ្ហានេះ។
លោក អ៊ូ វីរៈ មានប្រសាសន៍ដូច្នេះ ៖ «ចំពោះខ្ញុំ ខ្ញុំលើកឧទាហរណ៍ សម្ពាធក្នុងការបញ្ជូនជនជាតិអ៊ុយហ្គរ២០រូបទៅ ខុសច្បាប់អន្តរជាតិក៏ខ្មែរយើងនៅតែធ្វើហ្នឹង ដោយយកចិត្តប្រទេសចិន ជួយចូលរួមការពារនូវបញ្ហាសិទ្ធិមនុស្សដែលចិនទទួលរងនូវគ្រោះថ្នាក់»។
អ្នកវិភាគនានាយល់ឃើញដែរថា ការផ្តល់ជំនួយរបស់ប្រទេសចិន មានសក្តានុពលដល់កម្ពុជា ភាគច្រើនលើវិស័យសេដ្ឋកិច្ចនិងវិស័យយោធា ប៉ុន្តែបើរដ្ឋាភិបាលកម្ពុជា បង្ហាញពីជំហរខ្លួនងាកទៅរកប្រទេសចិនខ្លាំងពេកនោះ វាធ្វើឲ្យប៉ះពាល់ដល់ឯករាជភាពរបស់ខ្លួន ហើយអាចក្លាយជាអ្នករងគ្រោះទៅវិញ ដោយសារស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្លាពីការពង្រីកអំណាចរបស់ប្រទេសចិននោះ៕