កូន​ប្រុស​លោក ឈុត វុទ្ធី ចង់​ស្នង​តំណែង​ឪពុក

កូន​ប្រុស​ច្បង​របស់​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃ​ឈើ មាន​បំណង​ធ្វើ​ការ​ស្នង​តំណែង​ឪពុក បន្ទាប់​ពី​ឪពុក​របស់​គេ​ត្រូវ​ឃាតក​បាញ់​សម្លាប់ ដោយ​បុព្វហេតុ​ការពារ​ធនធាន​ធម្មជាតិ ដែល​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ។

0:00 / 0:00

នៅ​ចំពោះ​មុខ​រូបថត និង​ជើង​ធូប​កន្លែង​សែន​ព្រេន និង​គោរព​បូជា​ក្នុង​ពិធី​បុណ្យ​គម្រប់​ខួប ៧​ថ្ងៃ​របស់​សព​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​នោះ យុវជន​វ័យ​ក្មេង​មួយ​រូប​ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក បាន​បង្ហាញ​ទឹក​មុខ​ក្រៀមក្រំ ស្រងូតស្រងាត់ ដោយ​គេ​បាន​បាត់បង់​ឪពុក​ជា​ទី​ស្រឡាញ់ បាន​ឃ្លាត​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​ដោយ​ពុំ​មាន​ថ្ងៃ​ត្រឡប់​វិល​វិញ។

យុវជន ឆឺយ ឧត្តមរស្មី អាយុ ១៩​ឆ្នាំ បាន​សម្លឹង​ទៅ​រូបថត​លោក ឈុត វុទ្ធី បី​ផ្ទាំង ដែល​ថត​ក្នុង​ពេល​វេលា និង​វ័យ​ខុស​គ្នា គឺ​រូប​លោក​នៅ​ពី​ក្មេង វ័យ​កណ្ដាល​ និង​រូប​ដែល​ថត​ថ្មី មិន​យូរ​ប៉ុន្មាន​មុន​គាត់​ស្លាប់។

យុវជន​រូប​នេះ​បាន​រំលឹក​ពី​គុណ​សម្បត្តិ​របស់​ឪពុក​ដែល​ជា​មនុស្ស​ម្នាក់​គួរ​ឲ្យ​គោរព និង​យក​ជា​គំរូ​តាម៖ «ទង្វើ​ដែល​គាត់​ធ្វើ​នេះ ប្រជាជន​ខ្មែរ​រាប់​ម៉ឺន​នាក់​គាំទ្រ​គាត់ ស្រឡាញ់​គាត់ ដោយ​ទាំង​ខ្ញុំ​ជា​កូន​បាន​គាំទ្រ​គាត់។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេល​ដែល​គេ​គំរាម​កំហែង​ពី​មុន​មក​តាម​ទូរស័ព្ទ តាម​ការ​ឃាត់​ឡាន​គាត់​ផ្សេងៗ​ទៀត ដូច​ជា​គេ​ភ្ជង់​កាំភ្លើង​ជាដើម។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​សោកស្ដាយ ទី​មួយ​គាត់​ជា​ឪពុក​ដ៏​ល្អ អ្នក​ស្នេហា​ជាតិ​មួយ​ដ៏​ល្អ ខ្ញុំ​ពិត​ជា​សោកស្ដាយ​ខ្លាំង​ណាស់ ទាំង​អ្នក​ស្រឡាញ់ គាត់​ទាំង​ក្នុង​ប្រទេស ក្រៅ​ប្រទេស ហើយ​គាត់​មាន​ចំណេះ​ដឹង រៀន​សូត្រ​សាលា​យោធា​នៅ​រុស្ស៊ី ហ្នឹង ៦​ឆ្នាំ​ហើយ»

ចំពោះ​មុខ​ផ្សែង​ធូប​ទៀន​ពេល​គោរព​​វិញ្ញាណក្ខន្ធ​ឪពុក យុវជន​រូប​នេះ​បាន​សច្ចា​ថា គេ​នឹង​ខិត​ខំ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​ស្នង​នូវ​វីរភាព​របស់​ឪពុក​របស់​គេ៖ «ខ្ញុំ​មាន​ឆន្ទៈ​ថា នឹង​ខំ​ប្រឹង​រៀន​ធ្វើ​ជា​មនុស្ស​មួយ​ដែល​ខ្លាំង​ដូច​គាត់​អ៊ីចឹង។ ខ្ញុំ​មាន​ឆន្ទៈ​ខាង​ហ្នឹង​ខ្លាំង​ណាស់ សូម្បី​តែ​ម៉ាក់​ខ្ញុំ​ក៏​ស្រឡាញ់​ខាង​ហ្នឹង​ណាស់​ដែរ ប៉ុន្តែ​គ្រាន់​ថា ខ្ញុំ​អត់​មាន​ធនធាន សំខាន់​ណាស់​ធនធាន​មនុស្ស​ក្នុង​ខ្លួន​ហ្នឹង ខ្ញុំ​អត់​ទាន់​រៀន​បាន​ជ្រៅជ្រះ។ បើ​មាន​អ្នក​ណា​ជួយ​ជ្រោមជ្រែង​ខ្ញុំ​នឹង​ធ្វើ​ការងារ​នេះ​បន្ត​ទៀត ហើយ​ខ្ញុំ​នឹង​ព្យាយាម​សិក្សា​ពី​គាត់​ឲ្យ​បាន​ច្រើន​តាម​ឯកសារ​គាត់​បន្សល់​ទុក​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ខិតខំ​ធ្វើ​ត​ទៅ​ទៀត»

ឧត្តមរស្មី បាន​ឲ្យ​ដឹង​ថា អត់​ពី​ឪពុក​គេ​ត្រូវ​ក្លាយ​ជា​សសរ​ទ្រូង​សម្រាប់​គ្រួសារ ជា​ពិសេស​ប្អូន​​ស្រី​ពីរ​នាក់​តូចៗ​ទៀត។

ចំពោះ​រូប​គេ​ក៏​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៅ​មុខ​ទៀត​ដែរ ដើម្បី​រៀន​សូត្រ​បណ្ដុះ​ឆន្ទៈ​តាម​គំរូ​វីរភាព​របស់​ឪពុក​ដែល​ជា​អ្នក​ធ្វើ​ការ ដើម្បី​ប្រយោជន៍​មនុស្ស​ជាតិ​ទូទៅ និង​សង្គម​ជាតិ៖ «ទោះ​បី​គាត់​ស្លាប់ ដូច​បង​ឃើញ​អ៊ីចឹង គាត់​មាន​មោទនភាព​ណាស់ កេរ្តិ៍​ឈ្មោះ​គាត់​ល្បី​សុះសាយ​ពេញ​ពិភពលោក អ៊ីចឹង​ខ្ញុំ​ជា​កូន​ក៏​គ្មាន​អ្វី​ដែរ គ្រាន់​តែ​បាន​មោទនភាព​ពី​គាត់​ដែល​មាន​ឪពុក​ល្អ​អ៊ីចឹង»

ដើម្បី​ធ្វើ​ការងារ​ឲ្យ​បាន​ល្អ​ដូច​ឪពុក ទាល់​តែ​គេ​ខិតខំ​រៀន​ឲ្យ​មាន​ធនធាន​ចំណេះ​ដឹង​នៅ​ក្នុង​ខ្លួន​ច្រើន​សម្បូរ​បែប​ដូច​ឪពុក។

ក្នុង​វ័យ​ប្រមាណ ១៩​ឆ្នាំ ឆឺយ ឧត្តមរស្មី ទើប​នឹង​បញ្ចប់​ការ​សិក្សា​ត្រឹម​មធ្យមសិក្សា​ទុតិយភូមិ នៅ​ឆ្នាំ​២០១១ ហើយ​តាំង​ពី​ដើម​ឆ្នាំ​២០១២ គេ​បាន​ធ្វើ​ការ​ជាមួយ​ឪពុក​ក្នុង​នាម​ជា​ជំនួយ​ការ​ធ្វើ​របាយការណ៍។ ការងារ​នេះ​ជា​ការ​រៀន​សូត្រ​ផង និង​យក​បទពិសោធន៍​ពី​ឪពុក និង​សហការី​ជា​ជន​បរទេស​មួយ​ចំនួន​ទៀត។

យុវជន ឆឺយ ឧត្តមរស្មី៖ «គោល​បំណង​របស់​គាត់ ចង់​ឲ្យ​ខ្ញុំ​រៀន​ច្បាប់ ប៉ុន្តែ​ការងារ​ជាប់​រវល់​ពេក​គាត់​ថា ឲ្យ​នៅ​ជួយ​ធ្វើ​ការងារ​គាត់​សិន​ទៅ ព្រោះ​ការងារ​គាត់​ហ្នឹង​ក៏​ខ្លាំង​ដូច​នៅ​សាលា​ដែរ ព្យាយាម​រៀន​ជាមួយ​គាត់​ឲ្យ​បាន​ច្រើន​ទៅ។ ហើយ​ខ្ញុំ​ស្ដាប់​តាម​គាត់ រៀន​ជាមួយ​គាត់ ហើយ​គាត់​ថា នឹង​មក​វិញ​ឲ្យ​ខ្ញុំ​ចូល​រៀន​សាលា អេស៊ីអ៊ី (ACE) ភាសា​អង់គ្លេស ដល់​ពេល​អ៊ីចឹង​ទៅ ជា​អាក់​ខាន។ ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​កើត​ឧបទ្ទវហេតុ​ដ៏​អាក្រក់​ដែល​ខ្ញុំ​មិន​អាច​ទទួល​យក​បាន ខ្ញុំ​មាន​ការ​សោកស្ដាយ​ខ្លាំង ប៉ុន្តែ​យើង​មិន​ដឹង​ធ្វើ​ម៉េច ព្រោះ​ខ្ញុំ​ជា​បង្គោល​គ្រួសារ​បន្ទាប់​ពី​គាត់»។

ថ្វីត្បិត​ពេល​នេះ ការងារ​ឪពុក​របស់​ខ្លួន​ជា​ការងារ​មួយ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ដូច​បាន​បង្ហាញ​ឲ្យ​ឃើញ​ជាក់ស្ដែង​នៅ​ពេល​នេះ​ស្រាប់​ក៏ដោយ ក៏​គេ​មិន​រុញរា​ចង់​ដក​ខ្លួន​ថយ​ពី​គន្លង​ការងារ​របស់​ឪពុក​គេ​ឡើយ៖ «ដំបូង​ឡើយ​ខ្ញុំ​ខ្លាច ពេល​គាត់​ធ្វើ​ការងារ​ដំបូងៗ ប៉ុន្តែ​យូរ​ទៅ​ខ្ញុំ​លែង​ខ្លាច​ហើយ»

ចំណែក​លោកស្រី សំ ចាន់ធី ជា​ប្រពន្ធ​សព​លោក ឈុត វុទ្ធី បាន​សម្ដែង​នូវ​ក្ដី​រីករាយ និង​មាន​ភាព​កក់​ក្ដៅ​ចំពោះ​ការ​តាំង​ចិត្ត​របស់​កូន​បែប​នេះ៖ «កូន (មាន) យោបល់​អ៊ីចឹង​ខ្ញុំ​សប្បាយ​ចិត្ត ព្រោះ​ថា អង្គការ​នេះ​គាត់​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង ដោយ​ញើស​ឈាម​របស់​គាត់»

លោកស្រី​ក៏​មិន​តក់ស្លុត​ដែរ​ចំពោះ​ការ​គំរាមកំហែង​​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ​ដូច​ជា​ប្តី​របស់​គាត់​បែប​នេះ ពីព្រោះ​ការ​ចូល​រួម​ការពារ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​របស់​ខ្លួន ទុក​សម្រាប់​​កូន​ចៅ​ជំនាន់​ក្រោយ​នោះ គឺ​ជា​រឿង​សំខាន់​ជាង​អាយុ​ជីវិត​របស់​យើង​ម្នាក់ៗ​ទៅ​ទៀត៖ «ការ​ជំរុញ​កូន គឺ​ឲ្យ​ដូច​ជា​ប៉ា​វា​អ៊ីចឹង ឲ្យ​មាន​ឆន្ទៈ​ដូច​គ្នា។ ខ្ញុំ​មិន​រុញរា​នឹង​ការ​បាញ់​សម្លាប់ ហើយ​យើង​ភ័យ​ខ្លាច​អ៊ីចឹង​ទេ គឺ​ត្រូវ​ឲ្យ​កូន​រៀន​ចេះ​ដឹង​មក​បន្ត​វេន​ទៀត។ ណា​មួយ​យើង​គិត​អាណិត​អ្នក​ដែល​បាត់បង់​ព្រៃ​ឈើ ដូច​ជា​ជន​ជាតិ​ភាគ​តិច​អ៊ីចឹង ខ្ញុំ​អាណិត​គាត់​ដូច​ពួក​គាត់​អាណិត​ប្ដី​ខ្ញុំ​ដែរ»

ទាក់ទង​នឹង​សុវត្ថិភាព​អាយុ​ជីវិត​អ្នក​ដែល​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​ជាតិ​នេះ លោក​បណ្ឌិត ជាម យៀប អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន រដ្ឋាភិបាល ត្រូវ​តែ​ជួយ​ថែ​រក្សា​ការពារ ធានា​នូវ​សុវត្ថិភាព​ដល់​បុគ្គល​ណា ឬ​មន្ត្រី​ណា​ដែល​គេ​មាន​ឆន្ទៈ​ចូល​រួម​ថែរក្សា​សម្បត្តិ​ធម្មជាតិ ឬ​អ្វីៗ​ទាំង​អស់​ដែល​ជា​ប្រយោជន៍​ជាតិ​នោះ។

លោក ជាម យៀប៖ «អា​ហ្នឹង​ចាត់​ទុក​ថា គាត់​ជួយ​ដល់​រដ្ឋាភិបាល​ទេ អ៊ីចឹង​សមត្ថកិច្ច បរិស្ថាន​ព្រៃឈើ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន មិន​ត្រូវ​បណ្ដែត​បណ្តោយ ហើយ​ត្រូវ​ការពារ​គេ ដែល​គេ​ជួយ​ការពារ​ដល់​ប្រយោជន៍​ជាតិ​នោះ។ ខ្ញុំ​សូម​កោត​សរសើរ​ហើយ​ដល់​លោក ឈុត វុទ្ធី ដែល​គាត់​ជា​មនុស្ស​មួយ​ដែល​បាន​ទៅ​រារាំង​សម្បត្តិ​ធម្មជាតិ​របស់​ជាតិ មិន​មែន​ទៅ​ការពារ​របស់​ផ្ទាល់​ខ្លួន​គាត់​ទេ»

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​លោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា នៅ​ចំណុច​វាលបី ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខែត្រ​កោះកុង បន្ទាប់​ពី​លោក និង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​រូប​ទៀត បាន​ចូល​ទៅ​ថត​រូប​ភាព​គំនរ​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​កាប់​ឈើ​នៅ​កន្លែង​កើត​ហេតុ​នោះ។

ការ​ស្លាប់​របស់​លោក ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ ជា​ពិសេស​សកម្មជន​ព្រៃ​ឈើ បាន​សម្ដែង​ការ​សោកស្ដាយ​ជា​ពន់ពេក​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន ដោយ​គេ​ចាត់​ទុក​ថា ការ​បាត់បង់​វីរជន​មួយ​ដ៏​សំខាន់​ដែល​ហាន​បូជា​ជីវិត​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។