អង្គការ​សិទ្ធិ​មនុស្ស​ប្រតិកម្ម​ទៅ​នឹង​ការ​បិទ​សំណុំ​រឿង​ឃាតកម្ម​លោក ឈុត វុទ្ធី

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ខេត្ត​កោះកុង បញ្ចប់​រឿង​ក្ដី​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី។
ដោយ វោហារ ជាតិ
2012-10-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឈុត វុទ្ធី ៣០៥
២៧-មេសា-២០១២៖ សព​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​​គ្រួសារ​ដឹក​ចេញ​ពី​ខេត្ត​កោះកុង ឆ្ពោះ​មក​ស្រុក​កំណើត។
Licadho/In Kong cheth

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចុះ​ថ្ងៃ​ទី​៧ តុលា បាន​ហៅ​ការ​បិទ​សំណុំ​រឿង​របស់​តុលាការ​ខេត្ត​កោះកុង លើ​សំណុំ​រឿង​ឃាតកម្ម​លោក ឈុត វុទ្ធី ថា ជា​រឿង​នយោបាយ​នៅ​ពី​ក្រោយ​ខ្នង បិទបាំង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ស៊ុមគ្រលុំ​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ខេត្ត​កោះកុង ទទួល​ផល​ប្រយោជន៍​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា ការ​បិទ​សំណុំ​រឿង​អាច​ឲ្យ​ឃាតក​ពិត​រួច​ខ្លួន ហើយ​គ្រួសារ​អ្នក​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​ដូចជា​គ្រួសារ​សព​លោក ឈុត វុទ្ធី និង​គ្រួសារ​សព​លោក អ៊ិន រតនា ដែល​ជា​អតីត​សន្តិសុខ​ក្រុមហ៊ុន​ចិន​ដែរ​នោះ ដែល​ដំបូង​ឡើយ​គេ​សង្ស័យ​ថា​ជា​អ្នក​បាញ់​លោក ឈុត វុទ្ធី មិន​ទទួល​បាន​នូវ​យុត្តិធម៌។

លោក អ៊ូ វីរៈ៖ «ខ្ញុំ​យល់​ថា រឿង​នេះ​បើ​សិន​ជា​បិទ​បែប​ហ្នឹង គេ​នឹង​ទម្លាក់​កំហុស​ទាំង​អស់​លើ​អ្នក​ស្លាប់ គឺ​លោក អ៊ិន រតនា។ ខ្ញុំ​យល់​ថា រឿង រ៉ាន់ បូរ័ត្ន ត្រូវ​បាន​ចោទ​ថា បាន​ព្យាយាម​ចាប់​កុំ​ឲ្យ អ៊ិន រតនា បាញ់​អី​ហ្នឹង ខ្ញុំ​អត់​ជឿ​ទេ ហាក់​ដូច​ជា​មាន​ការ​គ្រោង​ទុក។ ខ្ញុំ​អត់​ដឹង​ថា មូលហេតុ​អី​ទេ បាន​ជា អ៊ិន រតនា ឈាន​ដល់​ការ​ស្លាប់​បណ្ដាល​មក​ពី​ត្រូវ​គ្រាប់​ពីរ​គ្រាប់​បែប​នេះ​ទេ។ ដូច្នេះ​ខ្ញុំ​គិត​ថា គួរ​ធ្វើ​ការ​ស៊ើប​មែន​ទែន ក្រុមហ៊ុន​ណា​ដែល​ជា​ម្ចាស់​ថៅកែ លោក រ៉ាន់ បូរ័ត្ន ដែល​បាញ់​លោក អ៊ិន រតនា ហ្នឹង ហើយ​តើ​អ្នក​ណា​គេ​ជា​អ្នក​បញ្ជូន​លោក អ៊ិន រតនា ទៅ​ទីតាំង​ហ្នឹង? ព្រោះ​អី​ប៉េអិម​នៅ​ទីតាំង​ហ្នឹង បើ​យើង​មើល»

តុលាការ​ខេត្ត​កោះកុង បាន​សម្រេច​បិទ​សំណុំ​រឿង​ឃាតកម្ម​លើ​រូប​លោក ឈុត វុទ្ធី នៅ​ថ្ងៃ​ទី​៤ តុលា ឆ្នាំ​២០១២ ដោយ​សំអាង​ថា ឈ្មោះ អ៊ិន រតនា អតីត​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង ដែល​គេ​ចោទ​ថា ជា​ជន​ល្មើស​បាញ់​លោក ឈុត វុទ្ធី នោះ​បាន​ស្លាប់។ ដូច្នេះ​បណ្ដឹង​នេះ​ត្រូវ​រលត់ ព្រោះ​ចុង​ចោទ​បាន​ស្លាប់​ទៅ​ហើយ។

លោក អ៊ិន រតនា អតីត​មន្ត្រី​ប៉េអិម ខេត្ត​កោះកុង និង​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ចិន ហ្គ្រីន ធិមប៊ឺ (Green Timber) ត្រូវ​បាន​គេ​ចោទ​ថា ជា​អ្នក​ដៃដល់​បាញ់​លោក ឈុត វទ្ធី កាល​ពី​ថ្ងៃ​ទី​២៦ មេសា ឆ្នាំ​២០១២ នៅ​ក្បែរ​ក្រុមហ៊ុន​ចិន ហ្គ្រីន ធិមប៊ី ខេត្ត​កោះកុង ក្បែរ​ភ្នំ​ក្រវាញ និង​ក្បែរ​តំបន់​ព្រៃឡង់ ក្នុង​ពេល​លោក​ចុះ​ស៊ើប​អង្កេត​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដែល​កាល​នោះ​មាន​អ្នក​កាសែត​ពីរ​នាក់​រួម​ដំណើរ​ជាមួយ​ផង។

បន្ទាប់​មក​អាជ្ញាធរ​ខេត្ត​កោះកុង បាន​ចុះ​ស៊ើប​អង្កេត​ដល់​កន្លែង​កើត​ហេតុ ហើយ​បាន​អះអាង​ថា លោក អ៊ិន រតនា ជា​អ្នក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នៅ​ក្នុង​ទំនាស់​ពាក្យ​សម្ដី ដោយសារ​លោក ឈុត វុទ្ធី មិន​ស្ដាប់​លោក អ៊ិន រតនា ហាមឃាត់​មិន​ឲ្យ​លោក ឈុត វុទ្ធី សម្រុក​ចូល​ទៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ចិន​មួយ ដើម្បី​ស៊ើប​អង្កេត​ការ​កាប់​បំផ្លាញ​ព្រៃឈើ តែ​លោក ឈុត វុទ្ធី នៅ​តែ​ចចេស​ដែល​នាំ​ឲ្យ​លោក អ៊ិន រតនា បាញ់​សម្លាប់​លោក ឈុត វុទ្ធី ដែល​រៀប​នឹង​បើក​ឡាន​ចេញ​ទៅ​ហើយ​នោះ ស្លាប់​តែម្ដង​ទៅ ហើយ​ក៏​បាញ់​សម្លាប់​ខ្លួន​ឯង​ជា​ក្រោយ ព្រោះ​ខ្លាច​ជាប់​ទោស។

តែ​របាយការណ៍​នេះ​ត្រូវ​បាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នានា ចំអក​ឲ្យ​ថា ជា​រឿង​បោកប្រាស់​ដើម្បី​បិទ​បាំង​ការ​រក​ស៊ី​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​ចិន ដែល​មន្ត្រី​អង្គការ​នានា​ចោទ​ថា មាន​មន្ត្រី​ធំៗ​នៅ​ពី​ក្រោយ​ខ្នង​បាន​ទទួល​ប្រយោជន៍។ ដោយសារ​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា រដ្ឋាភិបាល​ក៏​បាន​សម្រេច​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ ស៊ើប​អង្កេត​ករណី​នេះ​ឡើង​វិញ។

គណៈកម្មការ​ដែល​បង្កើត​ថ្មី​នោះ បាន​បំបែក​សំណុំ​រឿង​ឃាតកម្ម​នោះ​ជា​ពីរ។ ទី​១ សំណុំ​រឿង​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ដែល​មាន​ឈ្មោះ អ៊ិន រតនា ជា​ជន​ជាប់​ចោទ។ សំណុំ​រឿង​ទី​២ សំណុំ​រឿង​ឃាតកម្ម​លើ​រូប​លោក អ៊ិន រតនា ដែល​ជន​ជាប់​ចោទ​ឈ្មោះ រ៉ាន់ បូរ័ត្ន ជា​សន្តិសុខ​ក្រុមហ៊ុន​ដែល​ក្រុម​មន្ត្រី​ប៉ូលិស​អះអាង​ថា អ្នក​ទាំង​ពីរ​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​នឹង​គ្នា ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា។ ប៉ុន្តែ​នៅ​ពេល​នេះ តុលាការ​បាន​បិទ​សំណុំ​រឿង​ឃាតកម្ម​លើ​រូប​លោក ឈុត វុទ្ធី ហើយ នៅ​សល់​តែ​សំណុំ​រឿង​ទី​២ ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​អះអាង​ថា រដ្ឋាភិបាល​មាន​ចេតនា​បំបែរ​រឿង​ឃាតកម្ម​លោក ឈុត វុទ្ធី ទៅ​ជា​រឿង​ផ្សេង។

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) បាន​បន្ទរ​ថា រដ្ឋាភិបាល​ក៏​មាន​ចេតនា​លាក់​បាំង​រឿង​នេះ បើ​មិន​ដូច្នោះ​ទេ រឿង​ក្ដី​នេះ​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​ក្រុមហ៊ុន​ចិន ដែល​គេ​ជឿ​ថា កំពុង​រក​ស៊ី​កាប់​ឈើ​ខុស​ច្បាប់ និង​កាប់​វល្លិ​ល្មៀត​នៅ​ទី​នោះ។

លោក អំ សំអាត៖ «ខ្ញុំ​មើល​ក្នុង​គោលបំណង​ដូចតែ​គ្នា​ទេ គឺ​ថា​ជនល្មើស​ដែល​បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ហ្នឹង​ក៏​បាន​ស្លាប់។ អ៊ីចឹង​គេ​ចង់​បំបិទ​រឿង​ឃាតកម្ម​លោក ឈុត វុទ្ធី តែ​ម្ដង។ យើង​ឃើញ​ហើយ​ថា នៅ​ពី​ក្រោយ​ខ្នង​របស់​លោក ឈុត វុទ្ធី គឺ​ទាក់​ទង​នឹង​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ និង​តំបន់​ព្រៃ​ឡង់ អ៊ីចឹង​ការ​ស៊ើប​អង្កេត​របស់​គេ គេ​ស៊ើប​អង្កេត​តែ​លើ​រឿង​ករណី​ឃាតកម្ម​ហ្នឹង​ទេ គេ​មិន​បាន​ស៊ើប​អង្កេត​ស្រាវជ្រាវ​រក​ឫសគល់​នៃ​ការ​ស្រាវជ្រាវ​របស់​លោក ឈុត វុទ្ធី រហូត​ដល់​ពី​ការ​បាញ់​សម្លាប់​គាត់ ពី​ការ​ស្រាវជ្រាវ​អំពី​បទ​ល្មើស​ព្រៃឈើ​នៅ​តំបន់​ហ្នឹង។ ខ្ញុំ​ជឿ​ថា បទ​ល្មើស​ព្រៃឈើ​នៅ​ទី​នោះ ពាក់​ព័ន្ធ​នឹង​អ្នក​មាន​អំណាច​អ្នក​មាន​បុណ្យស័ក្ដិ»

ទោះ​យ៉ាង​ណា លោក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​យុត្តិធម៌​នៃ​ក្រសួង​មហាផ្ទៃ ដែល​ជា​ប្រធាន​គណៈកម្មការ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ ជំទាស់​ទៅ​នឹង​ការ​អះអាង​របស់​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ទាំង​នោះ។

លោក ម៉ក់ ជីតូ បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​ករណី​នេះ​ធ្វើ​ឡើង​មិន​មាន​ទាក់ទង​នយោបាយ​ទេ៖ «ខ្ញុំ​ធ្វើ​ការ​តាម​ច្បាប់ តាម​បច្ចេកទេស​ហ្នឹង​អ៊ីចឹង​ទៅ។ ប៉ុន្តែ​ដល់​គាត់​ឃើញ​យ៉ាង​ម៉េច​ទៀត​ស្រេច​តែ​គាត់​ទៅ។ គាត់​​អត់​​ស្ដាប់ គាត់​អត់​មើល គាត់​ចេះ​តែ​ថា​ទៅ គាត់​នៅ​តែ​រឿង​នយោបាយៗ​ហ្នឹង ស្រេច​គាត់ គាត់​ថា ថា​ទៅ! គាត់​ថា​រាល់​តែ​ថ្ងៃ»

ជា​ចុង​បញ្ចប់​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​តែ​បញ្ជាក់​ថា រដ្ឋាភិបាល​នៅ​តែ​មិន​មាន​ឆន្ទៈ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ទេ ព្រោះ​ថា រឿង​នេះ​មាន​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​បាន​ផល​ចំណេញ​យ៉ាង​ច្រើន​ពី​ការ​រក​ស៊ី​ឈើ​នៅ​ទី​នោះ។ ករណី​នេះ​បាន​បង្ហាញ​លទ្ធផល​ដែល​គេ​សង្ស័យ​កន្លង​មក​ថា ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​របស់​រដ្ឋាភិបាល​ទៅ​លើ​តុលាការ គឺ​ជា​ការ​ពិត ហើយ​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មាន​តួនាទី​ក្នុង​ការ​បញ្ជាក់​បង្ហាញ​អំពី​ភាព​រួច​ទោស​នៅ​ក្នុង​សង្គម​ខ្មែរ និង​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌ និង​ការ​ពិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Kapuchea Krom

ពី pol leav(Bac Lieu)

Chhut Wuthy family's members! You are enduring an undescribeable tragedy because your beloved husband, your brvave father is unjustifiable killed by Youn(VN) dog Hun Sen. Khmers worldwide are also very sad by the lost of this brave, kind environmentalist Chhut Wuthy and they will remember him as Khmers' HERO. Dear Chhut Wuthy family's members! Do not expect any killer(s) is/are going to bring to justice because all the fingers are pointing to one man Hun Sen.

Oct 08, 2012 07:38 AM

អ្នក​អាន​អនាមិក

This shows that the U.N at Bankimoon reign is very weak. The severe human right abuses can exist without any punishment. At Koffi Annan's reign, it was harder abuse the power without any punishment.

Oct 08, 2012 03:05 AM

អ្នក​អាន​អនាមិក

Those who work for the nation died/will die, those who like to say "yes sir!" to Hun Sen will be alive. Cambodian life is in Hun Sen's hands and in a sight of his one eye. I don't think Hun Sen will walk away from his power if he loses the election. NEC will keep helping him to win the election until he dies!

Oct 08, 2012 01:34 AM

អ្នក​អាន​អនាមិក

ពី 9BJTCM9

I think the the persons who do everything to protect the country they should be protected and praised. Stop Killing, jailing them. If we do good for others we good in our heart we live in the happiness. But if you kill somebody you will feel very disappointed till you die

Oct 08, 2012 12:16 AM

អ្នក​អាន​អនាមិក

this is cambodia court? evrything do no good mabe they are not finish school court!!!...

Oct 07, 2012 04:57 PM

អ្នក​អាន​អនាមិក

I don't understand what it means.

Oct 08, 2012 10:14 PM

មើល​មតិ​ទាំង​អស់.