សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន ៣ទំព័រ ដែលបានចេញផ្សាយថ្ងៃអង្គារ ទី២១ ខែកញ្ញា បានរិះគន់ក្នុងការធ្វើកូដកម្មរយៈពេល ៤ថ្ងៃ ពីថ្ងៃ១៣ ដល់ថ្ងៃ១៦ ខែកញ្ញា អំពីការវាយដំមកលើកម្មករ បំបែកកូដករពីសំណាក់កម្លាំងចម្រុះយោធា និងនគរបាល ការចាប់ឃុំខ្លួនកម្មករ ការទាមទារឲ្យមានការស៊ើបអង្កេតពីសំណាក់ក្រសួងពាក់ព័ន្ធ ចំពោះអ្នកដឹកនាំធ្វើកូដកម្ម និងការបង្គាប់របស់មន្ត្រីតុលាការមួយចំនួន ដែលបញ្ជាឲ្យផ្អាកការងារកម្មករទាំងឡាយ ដែលបានដឹកនាំធ្វើកូដកម្មដើម្បីរង់ចាំការអង្កេត។
សេចក្ដីថ្លែងការណ៍នេះបន្តថា រដ្ឋាភិបាលត្រូវតែបញ្ឈប់ជាបន្ទាន់ ប្រសិនបើភាគីទាំងសងខាងមានឆន្ទៈសម្រេចនូវកិច្ចព្រមព្រៀងមួយ ក្នុងការចរចាពីផលប្រយោជន៍ផ្សេងៗរបស់កម្មករនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១០ ខាងមុខនេះ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានថ្លែងដូច្នេះ ៖ «ដោយសារយើងមានការព្រួយបារម្ភ ហើយជាទូទៅយើងឃើញថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល និងនិយោជិក គឺគាត់ជំរុញ ប្រើប្រាស់វិធានការទាំងអស់ ដើម្បីដាក់សម្ពាធផង គំរាមកំហែងផង ដើម្បីប្រើប្រាស់ប្រព័ន្ធតុលាការផង ក្នុងការគាបសង្កត់ខាងសហជីព។ ក្នុងករណីនេះ បានន័យថា ដំណើរការនៃការចរចានៅថ្ងៃទី២៧ ខែកញ្ញា គឺចាញ់តែម ខាងរដ្ឋាភិបាល និង GMAC រួចហើយ»។
ឆ្លើយតបបញ្ហានេះ លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា នេះគឺជាសិទ្ធិសេរីភាពរបស់ក្រុមសង្គមស៊ីវិល ដែលមានសិទ្ធិក្នុងការរិះគន់ និងចេញសេចក្ដីថ្លែងការណ៍ ហើយទាក់ទងទៅនឹងគម្រោងប្រជុំរវាងរដ្ឋាភិបាល និងតំណាងសហជីពនៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនៅតែដដែល។
ទាក់ទងបញ្ហានេះ អ្នកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពវាយនភណ្ឌឧស្សាហកម្មកាត់ដេរ មានមតិថា ការធ្វើកូដកម្មរបស់កម្មករកន្លងមកនេះ គឺសុទ្ធតែមានធ្វើទៅតាមនីតិវិធីច្បាប់ ៖ «យើងមានការជួបប្រជុំ មានការសុំយោបល់ពីខាងកម្មករ មានផ្ដិតមេដៃអីសព្វបែបយ៉ាងទៅតាមនីតិវិធីទាំងអស់។ រួចមានការគំរាមកំហែងប្ដឹងទៅតុលាការ ដោយយកតុលាការមកវែកញែករឿងពាក់ព័ន្ធនឹងវិវាទកូដកម្ម»។
សេចក្ដីថ្លែងការណ៍រួមនេះ បានសរសេរទៀតថា វិធានការទាំងនេះគឺជាការសងសឹកយ៉ាងចំហមួយ និងបានរំលោភលើមាត្រា ១២ នៃច្បាប់ស្ដីពីការងារ ដែលហាមឃាត់មិនឲ្យមានការរើសអើងសមាជិកសហជីព ហើយថា ប្រសិនបើរដ្ឋាភិបាលមិនបានបញ្ឈប់នូវការគំរាមកំហែង និងការចាប់ខ្លួនមេដឹកនាំសហជីពទេ ការចរចាពីប្រយោជន៍របស់កម្មករនៅថ្ងៃ២៧ ខែកញ្ញា ខាងមុខនេះ នឹងពុំអាចទទួលលទ្ធផលជាផ្លែផ្កាឡើយ៕