របាយការណ៍​CJR​ស្ដីពី​ចំណុច​ខ្វះ​ខាត​របស់​តុលាការ​កម្ពុជា

មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌ និង​ការ​បង្រួម​បង្រួម (CJR) បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ចុះ​ថ្ងៃ​ទី​៧ ខែ​មិថុនា​នេះ ស្ដីពី​ចំណុច​ខ្វះ​ខាត​របស់​តុលាការ​កម្ពុជា ក្នុង​ការ​ការពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​ចុង​ចោទ។

0:00 / 0:00

មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌ និង​ការ​បង្រួម​បង្រួម ដែល​មាន​ភារកិច្ច​ឃ្លាំ​មើល​ដំណើរការ​កាត់​សេចក្ដី​រក​យុត្តិធម៌​នៅ​ក្នុង​តុលាការ​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​ថា ជា​ញឹកញាប់​ជន​ជាប់​ចោទ​មិន​បាន​ទទួល​សិទ្ធិ​ស្មើ​ភាព​ស្រប​ច្បាប់ និង​សិទ្ធិ​ការពារ​ខ្លួន ដូច​ដែល​ច្បាប់​កម្ពុជា​បាន​តម្រូវ​ឲ្យ​មាន​នោះ​ទេ។

សេចក្ដី​ថ្លែង​ការណ៍​បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​សិក្សា​ស្រាវជ្រាវ និង​ចុះ​អង្កេត​មើល​អស់​រយៈពេល​បី​ខែ​ទៅ​លើ​សវនាការ​កាត់​ក្ដី​រឿង​ព្រហ្មទណ្ឌ​ចំនួន ៤៨៤​ករណី នៅ​សាលា​ដំបូង សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​កណ្ដាល និង​បាត់ដំបង រួច​មក មជ្ឈមណ្ឌល​បាន​រក​ឃើញ​ថា ភាគ​ច្រើន​សិទ្ធិ​ជា​មូលដ្ឋាន​ស្រប​ច្បាប់​របស់​ជន​ជាប់​ចោទ ក្នុង​នោះ​មាន​សិទ្ធិ​ដែល​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ សិទ្ធិ​មាន​មេធាវី សិទ្ធិ​សាកសួរ​សាក្សី ឬ​សួរ​ទៅ​កាន់​មេធាវី និង​ចៅក្រម ព្រម​ទាំង​ឱកាស​បាន​ឆ្លើយ​នឹង​សំណួរ​របស់​មេធាវី និង​ចៅក្រម ដើម្បី​ការពារ​ខ្លួន​ឯង​ក្នុង​នាម​ជា​អ្នក​រង​ការ​ចោទ​ប្រកាន់​ពី​ភាគី​ដើម​ចោទ​នោះ ត្រូវ​បាន​តុលាការ​បដិសេធ។

សាលា​ឧទ្ធរណ៍​ដែល​ទទួល​ខុស​ត្រូវ​លើ​បណ្ដឹង​ឧទ្ធរណ៍​ពី​សាលា​ដំបូង​ទាំង ២១​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​នោះ ក្នុង​ការ​បើក​សវនាការ​ចំនួន ១០​ដង អត់​មាន​វត្តមាន​របស់​ជន​ជាប់​ចោទ​រហូត​ដល់​ទៅ ៧​ដង។ ការ​មិន​មាន​វត្តមាន​របស់​ជន​ជាប់​ចោទ បាន​បណ្ដាល​ឲ្យ​អំឡុង​ពេល​សវនាការ​ប្រព្រឹត្ត​ទៅ​មាន​រយៈពេល​ខ្លី។ ក្នុង​នោះ​មាន​ជាង ៩០% នៃ​សវនាការ​ព្រហ្មទណ្ឌ​ត្រូវ​តុលាការ​ចំណាយ​ពេល​តិច​ជាង ៣០​នាទី​ក្នុង​សវនាការ​នីមួយ​ៗ ក្នុង​នោះ​ការ​សម្រេច​រក​ខុស​ត្រូវ ដែល​ករណី​ខ្លះ ជន​ជាប់​ចោទ​អាច​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ជាប់​គុក​ជា​ច្រើន​ឆ្នាំ​ទៀត​ផង។

ការ​រក​ឃើញ​មួយ​ទៀត​គឺ​វត្តមាន​របស់​សាក្សី។ ក្នុង​សវនាការ ៥​ដង គឺ​មាន ១​ដង​មិន​មាន​សាក្សី ហើយ​ក្នុង​ករណី​ខ្លះ​មិន​មាន​ទាំង​សាក្សី និង​មិន​មាន​ទាំង​ជន​រង​គ្រោះ​ទៀត​ផង។ ហេតុ​ដូច្នេះ ជន​ជាប់​ចោទ​ភាគ​ច្រើន​មិន​មាន​ឱកាស​សាកសួរ​បញ្ជាក់ ដេញដោល​សាក្សី ដែល​បាន​បរិយាយ​ដាក់​បន្ទុក​មក​លើ​ពួក​គេ​ឡើយ។

របាយការណ៍​បាន​បញ្ជាក់​អំពី​មូលហេតុ​ពីរ​ធំ​ៗ ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​ខាង​លើ​នេះ រួម​មាន​ការ​ខ្វះខាត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​គាំទ្រ​ផ្នែក​រដ្ឋបាល​ដល់​ជន​ជាប់​ចោទ ក្នុង​ដំណើរការ​រក​យុត្តិធម៌​នេះ មាន​ការ​ខ្វះ​ខាត​មធ្យោបាយ​ធ្វើ​ដំណើរ ក្នុង​ការ​នាំ​ជន​ជាប់​ចោទ​ពី​ពន្ធនាគារ ឬ​ពី​តាម​ខេត្ត​ជាដើម។

អ្នក​ស្រី ជូ វិនាដ មន្ត្រី​ចាត់ចែង​កម្មវិធី​ឃ្លាំ​មើល​តុលាការ​កម្ពុជា​នៃ​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌ និង​ការ​បង្រួម​បង្រួម បាន​បន្ថែម​ដូច្នេះ ៖ «គឺ​វា​អាច​មាន​មូលហេតុ​ច្រើន តាម​អ្វី​ដែល​យើង​បាន​ជួប​ជាមួយ​នឹង​ចៅក្រម​នៅ​សាលា​ឧទ្ធរណ៍ នៅ​ពេល​ដែល​យើង​ពិភាក្សា​ជាមួយ​គាត់​មុន​ការ​ចេញ​ផ្សាយ​ព្រឹត្តិបត្រ​ហ្នឹង គឺ​គាត់​បាន​ផ្ដល់​ជា​យោបល់ មូលហេតុ​ទាំង​អស់​ហ្នឹង​ថា វា​អត់​មាន​មធ្យោបាយ​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​ហ្នឹង​ឯង ទី​១។ ទី​២ ភាគ​ច្រើន​គឺ​ពួក​គាត់​នៅ​ខេត្ត ជន​ជាប់​ចោទ​ហ្នឹង​គាត់​នៅ​ខេត្ត ហើយ​ករណី​ខ្លះ ឧទាហរណ៍​ថា ជាក់ស្ដែង​រឿង​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ប៉ុន្តែ​ជាក់ស្ដែង​ជន​ហ្នឹង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​កំពង់ចាម!»

មន្ត្រី​តុលាការ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង បាន​បង្ហើប​ឲ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់ ភាគ​ច្រើន​នៃ​សវនាការ​កាត់​សេចក្ដី​នៅ​ក្នុង​តុលាការ​កម្ពុជា​បច្ចុប្បន្ន មិន​បាន​បំពេញ​តាម​គោលការណ៍​មូលដ្ឋាន​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ទេ។ ភាព​ខ្វះ​ចន្លោះ​ទាំង​នោះ​រួម​មាន ជន​ជាប់​ចោទ​មិន​មាន​មេធាវី ខ្វះ​ខាត​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​ក្នុង​ការ​ផ្ដល់​យោបល់​បំភ្លឺ មិន​មាន​អ្នក​ជំនាញ​ធ្វើ​កោសល្យវិច័យ​លើ​ភស្តុតាង​នានា ដូច​ជា​ក្រយៅ​ដៃ និង​គ្រាប់​កាំភ្លើង​ជាដើម។ សាក្សី និង​ជន​រង​គ្រោះ​ខ្លះ មិន​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​មក​កាន់​តុលាការ ហើយ​សម្ភារៈ​ប្រើប្រាស់​ក្នុង​តុលាការ​ក៏​ខ្វះ​ខាត​ថែម​ទៀត​ផង។

លោក​បាន​បន្ត​ថា បញ្ហា និង​កង្វះ​ខាត​ទាំង​អស់​នេះ​ហើយ ដែល​អាច​នាំ​ឲ្យ​ការ​កាត់​សេចក្ដី​លម្អៀង និង​មិន​មាន​យុត្តិធម៌​ពេញ​បរិបូរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​របាយការណ៍​របស់​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌ និង​ការ​បង្រួម​បង្រួម ក៏​បាន​បង្ហាញ​អំពី​ចំណុច​វិជ្ជមាន​របស់​តុលាការ​តាម​ខេត្ត​មួយ​ចំនួន ក្នុង​នោះ​មាន​តុលាការ​ខេត្ត​កណ្ដាល ដែល​ជា​តុលាការ​គំរូ ថា​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​លើក​ស្ទួយ​ការ​គោរព​ច្បាប់ ដោយ​បាន​ប្រឹង​ប្រែង​រក​មេធាវី​តំណាង ដើម្បី​ការពារ​ឲ្យ​ជន​ជាប់​ចោទ​ក្នុង​បទ​ឧក្រិដ្ឋ និង​អនីតិជន៕