មន្ត្រីអង្គការប្រឆាំងការប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃពុធ ទី៦ មេសា បានថ្កោលទោសយោធាថៃ ដែលបានប្រើប្រាស់គ្រាប់បែកហាមឃាត់ គឺគ្រាប់បែកចង្កោម (Cluster Bombs) វាយប្រហារលើកងទ័ពកម្ពុជាក្នុងការប្រយុទ្ធគ្នា កាលពីខែកុម្ភៈ កន្លងទៅនេះ។
ការថ្កោលទោសនេះ ធ្វើឡើងក្រោយពេលមន្ត្រីជំនាញរបស់អង្គការប្រឆាំងការប្រើប្រាស់គ្រាប់បែកចង្គោមឈ្មោះថា Cluster Munition Coalition បានស៊ើបអង្កេតទីតាំងនៅកម្ពុជាចំនួនពីរកន្លែង ដែលរងការវាយប្រហារដោយទាហានថៃ។ ការស៊ើបអង្កេតបង្ហាញថា ថៃពិតជាបានប្រើគ្រាប់បែកចង្កោមវាយប្រហារមកលើកម្ពុជា។ មន្ត្រីយោធាថៃបានបញ្ជាក់ប្រាប់មន្ត្រីអង្គការនេះ កាលពីថ្ងៃទី៥ មេសា ថាយោធាថៃ ពិតជាបានប្រើប្រាស់គ្រាប់បែកចង្កោមមែន។
ការផ្ទុះអាវុធទ្រង់ទ្រាយធំជាលើកដំបូងរវាងកងទ័ពថៃ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ កុម្ភៈ បានបណ្ដាលឲ្យជនស៊ីវិល និងទាហានកម្ពុជាស្លាប់ចំនួន ៧នាក់ និងរងរបួសចំនួន ៣០នាក់។ ចំណែកឯភាគីថៃ កងទ័ព និងជនស៊ីវិលបួននាក់ស្លាប់ និង៥នាក់រងរបួស។
នាយកអង្គការប្រឆាំងការប្រើប្រាស់គ្រាប់បែកចង្កោម ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ លោកស្រី (Laura Cheeseman) បានចាត់ទុកការវាយប្រហាររបស់ថៃ ជាទង្វើគ្មានសតិសម្បជញ្ញៈ ដោយសារតែគ្រាប់បែកចង្កោមនេះជាអាវុធសម្លាប់ជនស៊ីវិល សម្លាប់មនុស្សគ្មានរើសមុខ។ លោកស្រីបន្តថា វាជាការរន្ធត់ណាស់ ដែលប្រទេសថៃបានប្រើប្រាស់គ្រាប់បែកចង្កោមជាគ្រាប់បែកហាមឃាត់ដោយសហគមន៍អន្តរជាតិ ហើយដែលប្រទេសថៃជាប្រទេសមួយធ្លាប់ជាប្រទេសនាំមុខគេ ប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីន។
អង្គការនេះបន្តទៀតថា ប្រទេសថៃជាប្រទេសទី១ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារកម្ពុជា ចាប់តាំងពីប្រភេទគ្រាប់បែកចង្កោម ត្រូវបានហាមឃាត់កាលពីឆ្នាំ២០០៨ ដោយអនុសញ្ញាអន្តរជាតិ។ គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ក្នុងប្រទេសជាងមួយរយក្នុងពិភពលោក ដោយសារតែគ្រាប់បែកនេះបណ្ដាលឲ្យគ្រោះថ្នាក់ដល់កុមារច្រើន។
សេចក្ដីប្រកាសព័ត៌មានអង្គការប្រឆាំងការប្រើប្រាស់គ្រាប់បែកចង្កោមបន្ថែមទៀតថា ក្នុងជំនួបមន្ត្រីអង្គការ និងអគ្គរាជទូតថៃ ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី៥ មេសា អគ្គរាជទូតថៃបានបញ្ជាក់ថា ថៃបានប្រើប្រាស់គ្រាប់បែកចង្កោម ប្រភេទ ១៥៥មិល្លីម៉ែត្រ សម្រាប់ការពារខ្លួន។ អគ្គរាជទូតថៃបានអះអាងថា ការប្រើប្រាស់អាវុធហាមឃាត់នេះ គឺសមស្របទៅតាមក្រមសីលធម៌របស់កងទ័ពថៃ ដោយសារកម្ពុជាបានវាយប្រហារទៅលើទីតាំងជនស៊ីវិលថៃ។
អង្គការបានព្រមានថា ជនស៊ីវិលកម្ពុជារាបពាន់នាក់នឹងប្រឈមគ្រោះថ្នាក់បាត់បង់ជីវិត និងរងរបួសធ្ងន់ធ្ងរដោយសារតែអាវុធមិនទាន់ផ្ទុះអស់ពីគ្រាប់បែកចង្កោម៕