បើទោះជាដូច្នេះក្ដី ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នានៅខេត្តព្រះសីហនុ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ បានសម្ដែងក្ដីព្រួយបារម្ភ ព្រោះថា នៅពេលអនាគតដ៏ខ្លីខាងមុខនេះ អាចនឹងមានការកាត់ផ្ដាច់ជំនួយថវិកាសម្រាប់កម្មវិធីអេដស៍ ហើយការរីករាលដាលមេរោគនេះ នឹងផ្ទុះឡើងជាថ្មីទៀត។
នៅពេលធ្វើដំណើរទៅដល់សង្កាត់លេខ៤ ខណ្ឌមិត្តភាពក្រុងព្រះសីហនុ ត្រង់ម្ដុំដែលគេស្គាល់ថាក្លឹប ៣៣៣ ឬហៅថាម្ដុំ ៣៣ខាងក្រោយមន្ទីរពេទ្យបង្អែកចម្ការចេកនោះ នៅតាមសងខាងផ្លូវ សម្បូរទៅដោយហាងពេលរាត្រី មានភ្លើងពណ៌ចម្រុះ លាយឡំដោយសំឡេងទ្រហឹងអឺងកង និងមានស្ត្រីបម្រើសេវាកម្សាន្តអង្គុយត្រៀបត្រាជាជួររង់ចាំភ្ញៀវ។ នៅទីនោះសម្បូរទៅដោយហាងកែសម្ផស្សរបស់ក្រុមបុរសស្រឡាញ់បុរស។
ម៉ោងប្រមាណ ៧ យប់ សយ ឌីណា អាយុ ២៧ ឆ្នាំ បានរូតរះតុបតែងកាយនៅក្នុងហាងរបស់ខ្លួន ដើម្បីចេញទៅដើរលេងពេលយប់ជាមួយមិត្តភក្ដិ។ ឌីណា មានសម្បុរស សក់ប្រាសស្មា អង្គុយត្រង់ខ្លួន និយាយបណ្ដើរយកដៃជូតសក់បណ្ដើរថា ក្រៅពីប្រកបមុខរបរអ៊ុតសក់នៅទីនេះ រូបគេផ្ទាល់តែងតែចេញទៅស្វែងរកដៃគូពីបុរសស្រលាញ់បុរស។
ឌីណា ៖ «ធម្មតា msm តែងតែមានដៃគូជារៀងរាល់ពេល។ ដូចថាយើងដើរលេងពេលយប់ព្រលប់ តែងតែជួបដៃគូយើងពេញចិត្តហើយ។ អ៊ីចឹងយើងមិនដឹងថា យើងហ្នឹងឆ្លង ឬមិនឆ្លងទេ»។
នេះគឺជាសំដីរបស់បុរសដែលតែងខ្លួនជាស្ត្រី និងស្រឡាញ់ភេទដូចគ្នាដែលបានរៀបរាប់ពីអារម្មណ៍ពិតនិងអ្វីដែលពួកគេបានធ្វើជារៀងរាល់ថ្ងៃ។
នៅក្នុងសៀវភៅដែលបោះពុម្ពផ្សាយដោយ អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ ស្ដីពីប្រព័ន្ធផ្សព្វផ្សាយមេរោគអេដស៍ និងជំងឺអេដស៍ បានសរសេរពីបុរសរួមភេទជាមួយបុរសដូចគ្នា ដែលភាសាអង់គ្លេសនិយាយថា Man Sex Man ឬមានន័យថាបុរសរួមភេទជាមួយបុរស ឬហៅកាត់ថា អឹម.អេស.អឹម (MSM)។
ឯកសារដដែលសរសេរថា MSM មាននៅគ្រប់ សង្គម និងវប្បធម៌មិនមែនមានតែក្នុងប្រទេសកម្ពុជានោះទេ។ ពួកគេមកពីគ្រប់ស្រទាប់វណ្ណៈ ទាំងអ្នកមាន អ្នកក្រ និងអ្នកមានការអប់រំខ្ពស់ផងដែរ ។ដោយបានយល់ពីស្ថានភាពខ្លួនឯងដូច្នេះ ពួកគេបានប្រើពាក្យពេចន៍មួយចំនួន ដើម្បីពណ៌នាពីខ្លួនឯង ដូចជា សក់ខ្លី សក់វែង ស្រីស្រស់ និងប្រុសស្អាត។
ទោះយ៉ាងនេះក្ដី ការរួមភេទរបស់ពួកគេ បានប្រឈមមុខខ្ពស់ទៅ និងការឆ្លងមេរោគអេដស៍។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការអប់រំបង្ការមេរោគអេដស៍ បានឲ្យដឹងថា អត្រាអ្នកឆ្លងមេរោគអេដស៍នៅតែកើតមានរៀងរាល់ថ្ងៃ ជាពិសេសកើតមានលើក្រុមអ្នកដែលប្រឈមគ្រោះថ្នាក់ជាងគេ គឺក្រុមបុរសស្រឡាញ់បុរស ក្រុមស្ត្រីធ្វើការនៅតាមហាងលក់ស្រាបៀ ស្ត្រីធ្វើការនៅហាងខារ៉ាអូខេ និងអ្នកប្រើប្រាស់ថ្នាំញៀនដោយប្រើម្ជុលសឺរ៉ាំងចាក់ថ្នាំញៀនចូលក្នុងសរសៃឈាមជា ដើម។
ប្រធានសហគមន៍រួបរួមដើម្បីអភិវឌ្ឍន៍ប្រចាំខេត្តព្រះសីហនុ ហៅកាត់ថា CUD កញ្ញា អានធើ នីតា ដែលរូបរាងពិតរបស់គាត់ស្ទើរតែដូចស្ត្រីទាំងអស់នោះ បានថ្លែងថា ពួកគេបច្ចុប្បន្នកំពុងមានក្ដីបារម្ភថា ស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នកំពុងមានមោទនភាព និងការកាត់បន្ថយការរីករាលដាលមេរោគអេដស៍។ ប៉ុន្តែនិងមានអ្វីកើតឡើងចំពោះពួកគេ ប្រសិនជាកម្មវិធីអេដស៍អស់ថវិកា ឬម្ចាស់ជំនួយនឹងដកខ្លួនចេញនោះ។
កញ្ញា អានធើ នីតា ៖ «បើសិនជាកម្មវិធីអេដស៍អស់លុយទៅ យើងមានការជួបប្រទះច្រើន ទី១ ធ្វើឲ្យមនុស្សស្រលាញ់ភេទដូចគ្នា មិនមានការប្រមូលផ្ដុំ ទី២ ធ្វើឲ្យពួកគាត់ហ្នឹងបាត់អ្នកជំរុញ និងលើកទឹកចិត្ត ទៅរកសេវាសុខភាព។ ហើយបញ្ហាដែលជួបប្រទះនោះ ធ្វើឲ្យគាត់ទាំងអស់នោះ ពិបាកក្នុងការយល់ដឹងបន្ថែមទាក់ទងកម្មវិធីអេដស៍ មិនដឹងជាគាត់មានជំងឺអីផ្សេងៗ បន្តទៀត»។
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញកាលពីដើមខែកក្កដា ឆ្នាំ២០១១ ថា អត្រាឆ្លងមេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅចាប់ពីអាយុ ១៥ ឆ្នាំទៅ ៤៩ ឆ្នាំ នៅកម្ពុជាបានថយចុះពីចំនួន ២% នៅឆ្នាំ២០០៦ មកនៅត្រឹម ០,៨% នៅឆ្នាំ២០១០មានន័យថាក្នុងចំណោមប្រជាជនដែលមានវ័យពី១៥ ទៅ ៤៩ ឆ្នាំ គឺមានអត្រាផ្ទុកមេរោគអេដស៍ជិតម្នាក់។
ទាក់ទងបញ្ហានេះ នាយករងអង្គការសម្ពន្ធភាពខ្មែរប្រយុទ្ធនិងជំងឺអេដស៍ ហៅកាត់ថា KHANA លោក ជួប សុខចំរើន មានប្រសាសន៍នៅថ្ងៃទី២២ កក្កដាថា វាជាក្ដីបារម្ភចំពោះប្រភពថវិកាទាំងមូលសម្រាប់ចំណាយលើកម្មវិធីអេដស៍ ៩០% ពឹងទៅលើម្ចាស់ជំនួយ ហើយរដ្ឋាភិបាលមានតែថវិកាតែ១០% តែប៉ុណ្ណោះ។
លោកថា កម្ពុជាត្រូវការប្រាក់ប្រហែល ៦០ លានដុល្លារក្នុងមួយឆ្នាំៗ សម្រាប់កម្មវិធីអេដស៍ទាំងមូល ដើម្បីចំណាយលើការអប់រំ សេវាព្យាបាល ផ្ដល់ថ្នាំប្រឆាំងមេរោគអេដស៍ ដើម្បីប្រយុទ្ធប្រឆាំងមេរោគអេដស៍ជំងឺអេដស៍ជាដើម។
លោក ជួប សុខចំរើន ៖ «អ្វីដែលចាប់អារម្មណ៍ត្រង់ថា លុយអេដស៍ហ្នឹង គឺកំពុងតែស្ថិតនៅក្នុងការពិចារណាពីម្ចាស់ជំនួយភាគច្រើន។ ដោយសារតែអាទិភាពរួម ឃើញថាឆ្លើយតបអេដស៍ហ្នឹង នៅលើសកលលោក កម្ពុជាជាប្រទេសមួយ ដែលទទួលបានជោគជ័យរួចទៅហើយ»។
ប្រធានសហគមន៍រួបរួមដើម្បីអភិវឌ្ឍន៍ កញ្ញា អានធើ នីតា បានបន្តទៀតថា មេរោគអេដស៍និងផ្ទុះឡើងជាថ្មីទៀត ហើយអាចមានអត្រាខ្ពស់ជាងមុនទៅទៀត។ កញ្ញាបន្តថា ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាតែងតែ ស្វែងរកការទិញដូរ ការលក់ភេទជាមួយជនបរទេស និងការស្វែងរកសេវាផ្លូវភេទស្ទើរជារៀងរាល់យប់ ដែលក្នុងMSMម្នាក់អាចរកដៃ គូរួមភេទបានពី២០ ទៅ៣០នាក់ក្នុង១យប់។បញ្ហានេះគឺជាកត្តាប្រឈមមុខមួយយ៉ាងខ្ពស់របស់ពួកគេ។
ការប៉ាន់ប្រមាណពីអង្គការសហប្រជាជាតិធ្លាប់ឲ្យដឹងថា មានបុរសស្រឡាញ់បុរសប្រហែលជា ១៤០.០០០ (ដប់បួនម៉ឺន) នាក់ គឺ ៤% ក្នុងចំណោមបុរសទូទៅនៅកម្ពុជា។ ប៉ុន្តែ ចំនួនដែលបានគ្របដណ្ដប់ដោយកម្មវិធីអប់រំបង្ការមេរោគអេដស៍ ដែលធ្វើដោយបណ្ដាអង្គការសង្គមស៊ីវិលនោះ មានប្រហាក់ប្រហែលចន្លោះពី ៣ ម៉ឺនទៅ ៥ ម៉ឺននាក់។
លទ្ធផលអង្កេតជំងឺកាមរោគរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺអេដស៍សើស្បែកនិងកាមរោគ នៃ ក្រសួងសុខាភិបាល ឆ្នាំ២០០៥ បញ្ជាក់ថា អត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមបុរសស្រឡាញ់បុរសមាន ៥.១% មានន័យថា ក្នុងចំណោមក្រុមនេះ ១០០ នាក់ មាន ៥ នាក់ផ្ទុកមេរោគអេដស៍។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត តែង គុន្ធី បានឆ្លើយតបថា ចំណុចខ្វះខាតរបស់ក្រុមបុរសស្រឡាញ់បុរសនោះគឺការទៅទទួលយកសេវាសុខភាពដែលរដ្ឋាភិបាលបានត្រៀមចាំជាស្រេចនោះ។
វេជ្ជបណ្ឌិត តែង គុន្ធី ថ្លែងថា ប្រសិនជាពួកគេទទួលយកសេវានេះបានយ៉ាងទៀងទាត់នោះ និងអាចកាត់បន្ថយការរីករាលដាលការចម្លងមេរោគអេដស៍បានមួយចំណែក។
លោក តែង គុន្ធី បន្តថា រហូតមកដល់ពេលនេះពុំមានប្រទេសម្ចាស់ជំនួយណាមួយនិងកាត់ថវិកាសម្រាប់កម្មវិធីអេដស៍នោះទេ។ ប៉ុន្តែលោកថា ក្រសួងបានត្រៀមខ្លួនជាស្រេចសម្រាប់ដំណើរការកម្មវិធីនេះដោយខ្លួនឯង។
លោក តែង គុន្ធី ៖ «ថ្ងៃខាងមុខយើងមិនមែនពឹងលើជំនួយទាំងអស់នោះទៀតទេ។ យើងត្រូវត្រៀមខ្លួនឯងក្នុងនាមជាអ្នកបច្ចេកទេស ឬមួយជាស្ថាប័នទាំងក្រសួង ដែលជាសមាជិករបស់អាជ្ញាធរជាតិ និងមជ្ឈមណ្ឌលអីហ្នឹងក៏ដោយ ទី១ យើងមើលផែនការយុទ្ធសាស្ត្ររបស់យើង ទី២ ថាតើនៅពេលដែលយើងមានលុយគ្រប់គ្រាន់យើងប្រើលក្ខណៈទី១ បែបទូលាយ។ បើសិនលុយយើងមានកម្រិតខ្វះខាត ដោយប្រការណាមួយនោះ គឺយើងប្រើ។ ទី២ គឺយើងមានការពិភាក្សាគ្នាហើយ»។
ប្រភពពីមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការលើវិស័យទប់ស្កាត់មេរោគអេដស៍បានឲ្យដឹងថា កន្លងមកមានម្ចាស់ជំនួយធំៗមួយចំនួនបានកាត់ផ្ដាច់ជំនួយលើកម្មវិធីអេដស៍នេះរួចហើយ ដូចជា ប្រទេសអង់គ្លេស ហៅថាឌីហ្វីត DFID ជំនួយប្រទេសកាណាដា ហៅថាស៊ីដា Cida និងបណ្ដាប្រទេសម្ចាស់ជំនួយមួយចំនួនទៀតកំពុងស្ថិតនៅក្នុងការពិចារណា។
ម្ចាស់ជំនួយធំៗ ដែលតែងតែឧបត្ថម្ភលើការងារអេដស៍កន្លងមក មានដូចជា សហរដ្ឋអាមេរិក ហៅថា USAIDមូលនិធិសាកល ប្រទេសអូស្ត្រាលី ហៅថា USIAD សហគមន៍អឺរ៉ុប និងកម្មវិធីស្បៀងអាហារពិភពលោក ជាដើម៕