តុលាការ​នឹង​កាត់​ក្ដី សម រង្ស៊ី តាម​បណ្ដឹង ហោ ណាំហុង នៅ​ថ្ងៃ​៥ មេសា

តុលាការ​ក្រុង​ភ្នំពេញ មាន​គម្រោងការ​បើក​សវនាការ​កាត់​ទោស​មេដឹកនាំ​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១១ ខាង​មុខ ក្រោម​បទ​ចោទ​ថា លោក​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​បរិហារ​កេរ្តិ៍ ដោយសារ​តែ​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​មិន​ចំ​ឈ្មោះ​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ជា​អតីត​ប្រធាន​គុក​បឹងត្របែក​នៃ​របប​ខ្មែរ​ក្រហម។

0:00 / 0:00

ដីកា​កោះ​ហៅ​ចំនួន​២​បាន​ធ្វើ​ឡើង ដែល​ចុះ​ហត្ថលេខា​ដោយ​ចៅក្រម និង​ព្រះរាជអាជ្ញា​រង។ ដីកា​ទី​១ បាន​ចុះ​ហត្ថលេខា​ដោយ​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក ឯក ឆេងហួត ផ្ញើ​មក​មេធាវី​របស់​លោក សម រង្ស៊ី គឺ​លោក ជូង ជូងី និង​ដីកា​ផ្សេង​មួយ​ទៀត​បាន​ចុះ​ហត្ថលេខា​ដោយ​ចៅក្រម​ជូន​លោក សម រង្ស៊ី ជា​ចុង​ចោទ​កាល​ពី​សប្ដាហ៍​ថ្មីៗ​នេះ។ ក៏​ប៉ុន្តែ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សម រង្ស៊ី គឺ​លោក ជូង ជូងី បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ថា លោក​នឹង​មិន​ចូល​រួម​ក្នុង​សវនាការ​ខាង​មុខ​នោះ​ទេ។

លោក ជូង ជូងី មាន​ប្រសាសន៍​ដូច្នេះ ៖ «ព្រោះ​ថា​រឿង​ក្ដី​នេះ​គឺ​កូន​ក្ដី​ខ្ញុំ គឺ​ឯកឧត្ដម សម រង្ស៊ី គាត់​អត់​មាន​ការ​ចាប់​អារម្មណ៍។ កាលណា​កូន​ក្ដី​ខ្ញុំ​អត់​មាន​ការ​ចាប់​អារម្មណ៍ ខ្ញុំ​មិន​អាច​ចូល​ទៅ​ការពារ​ក្ដី​អ្វី​ទេ។ ក្នុង​ន័យ​ថា គឺ​អាស្រ័យ​លើ​តុលាការ​គាត់​សម្រេច​យ៉ាង​ម៉េច​សម្រេច​ទៅ ស្រេច​ទៅ​លើ​គាត់ គាត់​យល់​ថា ក្នុង​ផ្លូវ​ច្បាប់​ធ្វើ​ម៉េច​ត្រូវ»

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ហោ ណាំហុង គឺ​លោក កា សាវុធ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១១​ថា ៖ «ហ្នឹង​មាន​អ្វី​ពិបាក បើ​ឯកសារ​មាន​គ្រប់គ្រាន់​អស់​ហើយ​ហ្នឹង ជា​ពិសេស​សាលក្រម​ស្ថាពរ​របស់​ស្រុក​បារាំង»

ហោ ណាំហុង ៣០៥
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​មុន​ពេល​ចាក​ចេញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១១។ (RFA/Sok Serey)

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ប្ដឹង​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស សម រង្ស៊ី កាល​ពី​ឆ្នាំ​២០០៨ កន្លង​ទៅ ទៅ​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង និង​ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ក្រោម​បទ​ចោទ​ថា លោក សម រង្ស៊ី បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​បរិហារ​កេរ្តិ៍ ដោយសារ​លោក សម រង្ស៊ី បាន​ធ្វើ​អត្ថាធិប្បាយ​មួយ​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨ ដោយ​បាន​ចោទ​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​រដ្ឋាភិបាល​កម្ពុជា ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម នៅ​ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ដែល​ជា​អតីត​ប្រធាន​គុក​បឹងត្របែក សម័យ​ខ្មែរ​ក្រហម។

ចំពោះ​ការ​ចោទ​ប្រកាន់​នេះ លោក ហោ ណាំហុង ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​ដែរ​នោះ ធ្លាប់​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជា​រឿង​មិន​ពិត ផ្ទុយ​ទៅ​វិញ រូប​លោក​ព្រម​ទាំង​គ្រួសារ​ទៅ​វិញ​ទេ គឺ​ជា​អ្នក​ទោស​ដែល​ខ្មែរ​ក្រហម​ចាប់​ឃុំ​នៅ​គុក​ខ្មែរ​ក្រហម​បឹងត្របែក នៅ​អំឡុង​ពេល​ខ្មែរ​ក្រហម​កាន់​អំណាច។ លោក​បាន​បញ្ជាក់​ថា លោក​មាន​ការ​ឈឺ​ចាប់​ដោយ​សាច់​ញាតិ​របស់​លោក​ចំនួន​ជាង ១០​នាក់ ត្រូវ​បាន​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់។

លោក ហោ ណាំហុង បាន​ឈ្នះ​ក្ដី​លើ​លោក សម រង្ស៊ី នៅ​ឯ​តុលាការ​ប្រទេស​បារាំង កាល​ពី​ខែ​មករា ឆ្នាំ​២០០៩ កន្លង​ទៅ ដោយ​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​ប្រកាស​សាលក្រម​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០០៩ ពិន័យ​លោក សម រង្ស៊ី ជា​ប្រាក់​ចំនួន ១​អឺរ៉ូ ដើម្បី​សង​ជំងឺ​ចិត្ត​លោក ហោ ណាំហុង ក្រោម​បទ​បរិហារ​កេរ្តិ៍៕