របាយការណ៍នេះបានធ្វើការវិភាគទៅលើលទ្ធផលវិជ្ជមាន និងអវិជ្ជមាន ទាក់ទងនឹងសិទ្ធិទទួលបានការជំនុំជម្រះក្ដី។
របាយការណ៍នេះបានធ្វើក្នុងអំឡុងពេលសង្កេតការបើកសវនាការ នៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកណ្តាល ចាប់តាំងពីថ្ងៃទី១០ សីហា ឆ្នាំ២០០៩ ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០០៩នោះ បានបង្ហាញថា ការសង្កេតក្នុងចំណោមសវនាការចំនួន ១៩៩ករណី មាន ៦៤ករណី ឬ ៣២% នៃជនជាប់ចោទត្រូវតុលាការកាត់ក្ដីដោយពុំមានមេធាវី។
របាយការណ៍ដដែលបានឲ្យដឹងថា សវនាការចំនួន ៥ ក្នុងចំណោមសវនាការចំនួន ១០៥ គឺជនជាប់ចោទពីបទឧក្រិដ្ឋ ពុំមានមេធាវីតំណាងក្នុងសវនាការ។ ការធ្វើរបៀបនេះគឺរំលោភបំពានមាត្រា៣០១ នៃនីតិវិធីព្រហ្មទណ្ឌ ដែលចែងថា ជំនួយរបស់មេធាវីត្រូវតែមានជាដាច់ខាតនៅក្នុងសវនាការទាក់ទងនឹងបទឧក្រិដ្ឋ។
ការបង្ហាញបែបនេះ លោកចៅក្រម កែ សុខន ប្រតិកម្មថាជាការមិនពិត ជារបាយការណ៍មិនសមហេតុផល ៖ «បទឧក្រិដ្ឋគឺក្រុមប្រឹក្សាជំនុំជម្រះ ៣រូប ចៅក្រម ៣នាក់ គឺត្រូវតែជម្រះ មានមេធាវី អត់មានមេធាវីអត់បានទេ! អ៊ីចឹងរឿងដែលគេសរសេរហ្នឹងអត់ត្រឹមត្រូវទេ! គេសរសេរថា អត់មានមេធាវីការពារឯណារឿងបទឧក្រិដ្ឋ? បទឧក្រិដ្ឋទោះបីនៅក្រៅឃុំ ក៏មានចៅក្រម ៣រូបដែរ ហើយដាច់ខាតត្រូវតែមានមេធាវីការពារអមជានិច្ច ទោះបីជនជាប់ចោទហ្នឹងមិនមានវត្តមានពេលសវនាការក៏ដោយ ឬក៏ជនជាប់ចោទហ្នឹងគេចខ្លួនក៏ដោយ មានដីកាចាប់ខ្លួនក៏ដោយ ដាច់ខាតត្រូវតែមានមេធាវីការពារ!»។
ប៉ុន្តែលោកទទួលស្គាល់ថា មានសវនាការបទល្មើសមជ្ឈិមខ្លះ គឺពុំមានមេធាវីពិតមែន ៖ «បទមជ្ឈិម សិទ្ធិទៅលើជនជាប់ចោទទេ។ ជួនកាលជនជាប់ចោទវារកមេធាវីខ្លួនវាក៏បាន វាមិនរកមេធាវីក៏បានដែរ! វាអត់មានបញ្ហាអីទេណា៎!»។
ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា បើតាមការសង្កេតរបស់លោកជាក់ស្ដែង ករណីកាត់ក្ដីដោយពុំមានមេធាវីចូលរួមការពារក្ដីនោះ មានចំនួនច្រើនជាងតួលេខក្នុងរបាយការណ៍ខាងលើនោះទៅទៀត។
លោកមេធាវី សុក សំអឿន បានបញ្ជាក់ថា ៖ «ទី១ អាចធ្វើឲ្យការកាត់ក្ដីរបស់តុលាការហ្នឹងអត់មានយុត្តិធម៌ ព្រោះនិយាយរួមទៅ តុលាការគាត់ស្ដាប់តែភាគីម្ខាង»។
មន្ត្រីសង្កេតការណ៍សវនាការនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត បានថ្លែងថា ការច្រានចោលមិនទទួលស្គាល់របាយការណ៍ពីមន្ត្រីតុលាការយ៉ាងណានោះ គឺជាសិទ្ធិរបស់តុលាការ។ ចំពោះលោករបាយការណ៍នេះ លោកបានធ្វើឡើងដោយភាពម៉ត់ចត់ និងបានចុះសង្កេតផ្ទាល់ក្នុងពេលបើកសវនាការនីមួយៗ។
លោក វណ្ណ សូផាត បានអះអាងថា ៖ «ក្នុងហ្នឹងយើងមានទឡ្ហីករណ៍ ហើយអ៊ីចឹងទៅខ្ញុំគិតថា បើសិនជាគាត់មានការបដិសេធអីអ៊ីចឹង ជាសិទ្ធិរបស់គាត់ ហើយយើង ដល់ពេលបន្តៗទៀត យើងមើលមើល៍ ថាតើបន្ទាប់សន្ទនាជាមួយគ្នាហើយ ថាតើមានការប្រែប្រួលយ៉ាងម៉េច?»។
នៅក្នុងរបាយការណ៍ដដែលបានបង្ហាញដែរថា សវនាការភាគច្រើនប្រមាណ ៦២% ដែលទាក់ទងនឹងបទមជ្ឈិម បានប្រព្រឹត្តទៅដោយពុំមានមេធាវី ប្រការទាំងនេះបង្កឲ្យមានការសង្ស័យពីភាពយុត្តិធម៌នៃសវនាការទាំងនោះ៕