លោក ជីវ កេង បំភ្លឺ​ព័ត៌មាន​ថា​មន្ត្រី​តុលាការ​​លែង​ឧក្រិដ្ឋជន​គ្រឿង​ញៀន

ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ជីវ កេង បាន​អះអាង​ថា លោក​នឹង​បើក​ការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​រក​ការ​ពិត​ជុំវិញ​ព័ត៌មាន​ដែល​បាន​ចោទ​ថា មាន​មន្ត្រី​តុលាការ​មួយ​ចំនួន​បាន​ដោះ​លែង​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង​ញៀន​ចំនួន ៤​នាក់ ដោយ​ស្ងាត់ៗ​កន្លង​មក។

ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ជីវ កេង នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១២ បាន​ប្រកាស​ថា តុលាការ​គ្មាន​គោលការណ៍​ឲ្យ​ដោះលែង​ជន​ជាប់​ចោទ​ណា​មួយ ឬ​បន្ធូរបន្ថយ​ទោស ដើម្បី​ឲ្យ​បាន​រួច​ខ្លួន និង​មាន​សេរីភាព​នោះ​ទេ បើ​ទោះ​បី​ជា​មាន​អន្តរាគមន៍​ដោយ​លួចលាក់ និង​តាម​វិធី​ណា​ក៏ដោយ។

លោក​បាន​បញ្ជាក់​ទៀត​ថា កន្លង​មក​មាន​ជន​ខិលខូច​មួយ​ចំនួន​បាន​ដើរ​បោក​ប្រាស់​ជន​ជាប់​ចោទ​ដែល​កំពុង​តែ​ជាប់​ក្នុង​ពន្ធនាគារ​ថា គេ​អាច​រត់ការ និង​ធានា​ឲ្យ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​បាន ជា​ថ្នូរ​នឹង​ការ​សូក​ប្រាក់​ច្រើន​ពាន់​ដុល្លារ​អាមេរិក ប៉ុន្តែ​ទី​បំផុត​ទៅ ការ​សន្យា​នោះ​មិន​បាន​សំរេច​ឡើយ គឺ​ជា​ការ​បោកប្រាស់​ដើម្បី​យក​ប្រាក់។

ការ​បញ្ជាក់​របស់​លោក ជីវ កេង នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​រាយការណ៍​មួយ​ដែល​បាន​ចោទ​ប្រកាន់​ថា ជន​ជាប់​ចោទ​ចំនួន ៤​នាក់ មាន​ឈ្មោះ ស៊ិន កាមុល សេង វុត្ថា កឹម ដារ៉ា និង សៀង សុខន នៃ​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ ២៩៥៣ ចុះ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ ត្រូវ​បាន​គេ​រត់ការ​ដោយ​ស្ងាត់ៗ ដើម្បី​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។

ជន​ជាប់​ចោទ​ទាំង ៤​នាក់​នោះ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ម្នាក់ៗ រវាង​ពី ២០​ឆ្នាំ ទៅ ៣០​ឆ្នាំ ក្រោម​បទ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ខុស​ច្បាប់។ ជន​ជាប់​ចោទ​ឈ្មោះ សៀង សុខន គឺ​ជា​អតីត​ទីប្រឹក្សា​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា។

ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក គុយ ប៊ុនសន បាន​មាន​ប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១២ ថា ឈ្មោះ​ជន​ជាប់​ចោទ​ទាំង ៤​នាក់​នេះ នៅ​មាន​ក្នុង​បញ្ជី ហើយ​ជន​ជាប់​ចោទ​ទាំង ៤​នាក់​នេះ កំពុង​តែ​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​មណ្ឌល​កែប្រែ ម.១។ លោក​បញ្ជាក់​ថា ជន​ជាប់​ចោទ​ទាំង ៤​នាក់​នោះ ធ្លាប់​បាន​តុលាការ​នាំ​មក​ជម្រះ​ក្តី​ចំនួន ៣​លើក​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល។

ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា បើ​សិន​ជា​រឿង​នេះ​ជា​ការ​ពិត រដ្ឋាភិបាល​គប្បី​បង្កើត​ក្រុម​ការងារ​មួយ ដើម្បី​ស៊ើប​អង្កេត​រក​ការ​ពិត៖ «គឺ​យើង​សុំ​ឲ្យ​មាន​ការ​បំភ្លឺ​ឲ្យ​បាន​ច្បាស់លាស់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​ចាត់​វិធានការ បើ​សិន​ជា​មាន​ភាព​មិន​ប្រក្រតី ឬ​ក៏​មាន​អំពើ​ពុករលួយ​ណា​មួយ​នៅ​ក្នុង​ករណី​នេះ»

លោក​សុំ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ប្រកាន់​យក​ឯករាជភាព និង​រឹងមាំ ជៀស​វាង​រង​នូវ​ឥទ្ធិពល​ពី​អ្នក​មាន​ប្រាក់ និង​អំណាច។

តាម​ការ​បញ្ជាក់​ពី​ប្រធាន​ពន្ធនាគារ​ព្រៃ​ស លោក ស៊ុយ វ៉ាន់ស៊ន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ជន​ជាប់​ចោទ និង​ទណ្ឌិត​សរុប​ជាង ១៤.០០០​នាក់ ជាប់​ឃុំ​នៅ​គុក​ព្រៃ​ស រាប់​ទាំង​ជន​ជាប់​ចោទ​ទាំង ៤​នាក់​នោះ​ដែរ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។