តុលាការ​ផ្ដន្ទា​ទោស​កាសែត​មាតុភូមិ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

សំណុំរឿង​ប្ដឹង​កាសែត ខ្មែរ​អមតៈ មិន​ទាន់​បាន​ដោះស្រាយ​ជ្រះ​ស្រឡះ​ផង ឥឡូវ​នេះ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស កាសែត​មាតុភូមិ ដែល​បាន​រង​ការ​ប្ដឹង​ដោយ​មន្ត្រី​យោធា​ម្នាក់​នៅ​ខេត្ត​ក្រចេះ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា​នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស​កំបាំង​មុខ​និពន្ធ​នាយក និង​ចាងហ្វាង​របស់​កាសែត​មាតុភូមិ ដោយ​ឲ្យ​សង​ជំងឺ​ចិត្ត​មន្ត្រី​យោធា​ម្នាក់ ក្នុង​ម្នាក់​ៗ​ចំនួន ២​លាន​រៀល និង​បង្គាប់​ឲ្យ​បង់​ប្រាក់​ផាក​ពិន័យ​ចូល​ថវិកា​រដ្ឋ ក្នុង​ម្នាក់​ៗ​ចំនួន ១​លាន​រៀល​ទៀត ក្រោម​បទ​ចោទ​ថា កាសែត​នេះ​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​បាន​ចោទ​ប្រកាន់​ថា មេ​បញ្ជាការ​យោធា​ម្នាក់​នៅ​ក្នុង​ខេត្ត​ក្រចេះ ឈ្មោះ មាស សុភាព បាន​ដឹក​ឈើ​ខុស​ច្បាប់ និង​ស្តុក​ឈើ​ខុស​ច្បាប់​កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ។

និពន្ធ​នាយក​កាសែត​មាតុភូមិ​ឈ្មោះ​លោក ស៊ុន សុផល និង​ចាងហ្វាង​ឈ្មោះ ជា ច័ន្ទប្រាកដ ដែល​បាន​រង​ការ​ប្ដឹង​ដោយ​លោក មាស សុភាព មាន​តួនាទី​ជា​ប្រធាន​វរ​២០៤ នៅ​ក្នុង​ខេត្ត​ក្រចេះ គឺ​ប្ដឹង​តាម​មាត្រា​ទី​១០ នៃ​ច្បាប់​របប​សារព័ត៌មាន​ប្រទេស​កម្ពុជា។

មេធាវី​ការពារ​ក្ដី​ឲ្យ លោក ស៊ុន សុផល និង​លោក ជា ច័ន្ទប្រាកដ គឺ​លោក ស៊ុយ សុខុន បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​កំពុង​តែ​រៀបចំ​បណ្ដឹង​សារ​ទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍​ទៀត ដើម្បី​ប្ដឹង​ទាស់​នឹង​សាលក្រម​នេះ។

លោក ស៊ុយ សុខុន បាន​បញ្ជាក់​ថា ៖ «គាត់​គោរព​ក្រម​សីលធម៌ វិជ្ជាជីវៈ​នៃ​សារព័ត៌មាន​ទេ គឺ​ការ​ទប់​ស្កាត់​កុំ​ឲ្យ​បទល្មើស​នេះ​កើត​ឡើង​បន្ត​ទៀត»

ចៅក្រម​ជម្រះ​ក្តី​នៃ​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ប្រកាស​សាលក្រម​នេះ មាន​ឈ្មោះ​លោក ឌិន ស៊ីវុទ្ធី និង​ព្រះរាជអាជ្ញា​ឈ្មោះ ហឿង សុភ័ក្រ្ត ប៉ុន្តែ​គេ​មិន​បាន​ឃើញ​មេធាវី​ដើម​ចោទ និង​លោក មាស សុភាព មក​ចូលរួម​ក្នុង​សវនាការ​នោះ​ទេ។

និពន្ធ​នាយក​នៃ​កាសែត​មាតុភូមិ គឺ​លោក ស៊ុន សុផល អាយុ ៣៨​ឆ្នាំ បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា ៖ «ព័ត៌មាន​ដែល​យើង​ចុះ យើង​ទៅ​យក​មាន​ប្រភព! យើង​យក​បាន​ប៉ុណ្ណឹង​ហើយ មាន​ភស្តុតាង​បង្ហាញ! វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ខ្ញុំ!»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ​ទេ ដើម្បី​សុំ​សេចក្ដី​អត្ថាធិប្បាយ​នានា​ពី​ភាគី​លោក មាស សុភាព ប្រធាន​វរ​២០៤ នៅ​ក្នុង​ខេត្ត​ក្រចេះ​ជា​ដើម​បណ្ដឹង​នោះ។

ប្រធាន​សមាគម​មិត្ត​សារព័ត៌មាន​កម្ពុជា លោក ឱម ចាន់ដារ៉ា បាន​មាន​ប្រសាសន៍​ថា ៖ «ពីព្រោះ​ថា ការ​សរសេរ ដោយ​ឃើញ​អង្គហេតុ និង​បទល្មើស​ជាក់ស្ដែង អ៊ីចឹង​ទេ​ការ​សម្រេច​ដាក់​ឲ្យ​គ្នា​សង​ជំងឺ​ចិត្ត ឬ​បង់ ជា​រឿង​អយុត្តិធម៌​ណាស់!»

កាសែត​មាតុភូមិ​ជា​ភាសា​ខ្មែរ មាន​ចំនួន ៤​ទំព័រ ដែល​ចេញ​ផ្សាយ​រៀងរាល់ ១​សប្ដាហ៍​ម្ដង គឺ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០០៩​កន្លង​ទៅ បាន​ចោទ​ប្រកាន់​ថា ប្រធាន​វរ​២០៤ ឈ្មោះ មាស សុភាព នៅ​ក្នុង​ខេត្ត​ក្រចេះ បាន​ប្រមូល​ទិញ​ឈើ ដឹក​ឈើ​តាម​រថយន្ត​ដើម្បី​ស្តុក​ទុក​នៅ​ក្នុង​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​ទុក​លក់។ កាសែត​នេះ​បាន​ចេញ​ផ្សាយ​ភ្ជាប់​ជាមួយ​នឹង​ភស្តុតាង​រូបថត​ឡាន​ដឹក​ឈើ និង​កន្លែង​ស្តុក​ឈើ ​នោះ។

ប្រធាន​សមាគម មិត្ត​សារព័ត៌មាន​កម្ពុជា លោក ឱម ចាន់ដារ៉ា បាន​កត់​សម្គាល់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក មាន​កាសែត​នានា​ចំនួន​ជាង ១០​ហើយ​បាន​រង​ការ​ប្ដឹង ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​បរិហារ​កេរ្តិ៍ ដែល​ប្ដឹង​ដោយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​យោធា ក្នុង​នោះ​មាន​កាសែត​មនសិការ​ខ្មែរ កាសែត​ខ្មែរ​ម្ចាស់​ស្រុក កាសែត ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) កាសែត​រស្មី​កម្ពុជា កាសែត​កោះ​សន្តិភាព កាសែត​ខ្មែរ​អមតៈ និង​ថ្មី​ៗ​នេះ កាសែត​មាតុភូមិ។

ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស បាន​ហៅ​ការ​ប្ដឹង​នេះ​ថា​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​ទទួល​នូវ​ព័ត៌មាន ឬ​សិទ្ធិ​ដឹង​ឮ​ព័ត៌មាន៕