កាលពីថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០១០ ប្រជាពលរដ្ឋមកពីបណ្តាស្រុកនានាក្នុងខេត្តរតនគិរី ប្រមាណជាង ៧០នាក់ បានចូលរួមធ្វើការវាយតម្លៃពីការអនុវត្តភារកិច្ចរបស់មន្ត្រីរាជរដ្ឋាភិបាលនៅមូលដ្ឋាន ទាក់ទិនចំណុចអាទិភាព ១០ចំណុច ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅខេត្តរតនគិរី ស្នើទៅមន្ត្រីអាជ្ញាធរខេត្តឲ្យជួយដោះស្រាយកាលពីឆ្នាំ២០០៩។ ក្នុងនោះមានការស្នើសុំឲ្យមន្ត្រីពន្ធនាគារបញ្ឈប់ការយកប្រាក់ពីគ្រួសារអ្នកទៅសួរសុខទុក្ខប្ដី ឬប្រពន្ធ និងសាច់ញាតិដែលកំពុងឃុំខ្លួននៅពន្ធនាគារដែរ។
លទ្ធផលនៃការបោះឆ្នោតឃើញថា ការអនុវត្តសំណើរបស់ពលរដ្ឋទទួលបានពិន្ទុប្រមាណ ២០% តែប៉ុណ្ណោះ។ មានន័យថា មន្ត្រីពាក់ព័ន្ធមិនបានធ្វើទាល់តែសោះ ឬធ្វើបានតិចតួចបំផុត។
អតីតជនជាប់ចោទក្នុងបញ្ហាតវ៉ាដីធ្លីនៅភូមិប៉ាតាង ស្រុកលំផាត់ លោក យ៉ាង ថន មានប្រសាសន៍ថា មន្ត្រីពន្ធនាគារបានទារប្រាក់ ១ម៉ឺន ទៅ ២ម៉ឺនរៀលពីសាច់ញាតិដែលសុំចូលជួបសួរសុខទុក្ខអ្នកជាប់ឃុំខ្លួននៅពន្ធនាគារម្ដង។ ករណីនេះវាជាបន្ទុកកាន់តែលំបាកសម្រាប់ក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជាប់ឃុំខ្លួននោះ។
លោក យ៉ាង ថន បានឲ្យដឹងដូច្នេះ ៖ «សួរសុខទុក្ខហ្នឹង បើមិនបាន ២ម៉ឺនទេគេមិនឲ្យចូលទេ។ហ្នឹងវាប៉ះពាល់ប្រជាពលរដ្ឋ។ នៅពុករលួយ»។
អនុប្រធានពន្ធនាគារខេត្តរតនគិរី លោក រឿន សាវុន មានប្រសាសន៍ថា ការទារប្រាក់ក្នុងការចូលទៅសួរសុខទុក្ខពីគ្រួសារអ្នកជាប់ឃុំ គឺដើម្បីយកប្រាក់នោះបំពេញការខ្វះខាតក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ»។
លោក រឿន សាវុន មានប្រសាសន៍ដូច្នេះ ៖ «មន្ត្រីរបស់ខ្ញុំគឺថា ចេញទៅបេសកកម្ម គឺអត់ថ្លៃសាំង អត់មានប្រាក់សម្រាប់ថ្លៃម្ហូបអាហារ ប្រាក់សម្រាប់ដឹកជញ្ជូនអ្នកទោសទៅមន្ទីរពេទ្យ។ ប្រាក់ដែលបានមកគឺយកទៅទិញសាំង ទៅដឹកអូសមកពីព្រៃយកមកដាំបាយឲ្យអ្នកទោស»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ការចំណាយលើការបំពេញភារកិច្ចរបស់មន្ត្រីពន្ធនាគារជាបន្ទុករបស់រដ្ឋាភិបាល ហើយការទារប្រាក់ពីគ្រួសារអ្នកជាប់ឃុំ គឺជាអំពើពុករលួយ។ លោកទាមទារឲ្យមានការទទួលខុសត្រូវក្នុងរឿងនេះ។
លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ៖ «ដល់ពេលវេលាហើយ ការទាមទាររបស់គាត់ កុំឲ្យគាត់រងគ្រោះបាត់បង់ជីវភាព ដោយសារការទៅសួរសុខទុក្ខហ្នឹង»។
សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី លោក សុខ ហម មានប្រសាសន៍ថា ក្រុមប្រឹក្សាខេត្តបានធ្វើការពិភាក្សាគ្នាពីករណីនេះ កាលពីថ្ងៃព្រហស្បតិ៍ (១០ មិថុនា) កន្លងទៅរួចហើយ។
លោក សុខ ហម មានប្រសាសន៍ដូច្នេះ ៖ «ព្រោះឥឡូវយើងបានធ្វើសំណើឡើងទៅដើម្បីឲ្យគ. ជ.អ. ប ហ្នឹងធ្វើការទំនាក់ទំនងឡើងទៅអគ្គនាយកដ្ឋានពន្ធនាគារ។ គេជូនដំណឹងជាលាយលក្ខណ៍អក្សរមកយើងហើយ យើងយកអាហ្នឹងមកជាសំអាង ដើម្បីយើងមកណែនាំពន្ធនាគារ»។
សមាគមអាដហុក ខេត្តរតនគិរី ឲ្យដឹងថា ស្ថិតិផ្ដល់ដោយមន្ត្រីពន្ធនាគារក្នុងខែមិថុនា ឆ្នាំ២០១០ ថា នៅពន្ធនាគារខេត្តរតនគិរី មានជនជាប់ចោទ និងជនមានទោស ឬទណ្ឌិតចំនួន ១៥៨នាក់ កំពុងជាប់ឃុំនៅពន្ធនាគារ៕