CWC ៖ រដ្ឋាភិបាល​មិន​ឈឺឆ្អាល​នឹង​ក្ដីកង្វល់​នានា​លើ​បញ្ហា​ព្រំដែន

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា (CWC) បាន​ប្រតិកម្ម​ថា មន្ត្រី​រដ្ឋាភិបាល​មិន​ឈឺ​ឆ្អាល​ពី​ការ​សម្តែង​ក្តីកង្វល់​របស់​មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី​គណបក្ស​ប្រឆាំង​លើ​បញ្ហា​ព្រំដែន ដែល​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹក​ដី​បន្ថែម​ទៀត​ដោយសារ​បរទេស​ឈ្លាន​ពាន។

0:00 / 0:00

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ លើក​ឡើង​ថា ទាំង​គណៈកម្មការ​ព្រំដែន​កម្ពុជា​និង​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល មិន​មាន​សេចក្តី​ក្លាហាន​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​លើ​ការ​ផ្តល់​យោបល់​ពី​មន្ត្រី​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង ពី​ការ​បាត់បង់​ទឹកដី​ដែល​ប្រទេស​ជិត​ខាង​រំលោភ​យក​ម្តង់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ​រដ្ឋាភិបាល​តែង​វាយ​បក​តាម​រយៈ​ការ​ចាប់​ដាក់​ពន្ធនាគារ​និង​ប្តឹង​ចំពោះ​អ្នក​ហ៊ាន​​លើក​យក​បញ្ហា​ព្រំដែន​មក​និយាយ ដែល​ទង្វើ​នេះ​អាច​នាំ​ឲ្យ​កម្ពុជា​បាត់បង់​ដីធ្លី​បន្ថែម​ទៀត​ទៅ​ថ្ងៃ​អនាគត។

បន្ថែម​លើ​សេចក្តី​ថ្លែង​ការណ៍ លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​ហ៊ាន​និយាយ​ពី​បញ្ហា​ព្រំដែន​កន្លង​មក បាន​បញ្ជាក់​បន្ថែម​ដូច្នេះ ៖ «សាក្សី​រស់​គឺ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ភូមិ​ឋាន​ហ្នឹង​បាន​ដឹង​ឮ​ទាំង​អស់​គ្នា​ថា ពួកគាត់​បាន​បាត់បង់​ទឹក​ដី​ដោយសារ​តែ​ការ​បោះ​បង្គោល​ព្រំដែន​ហ្នឹង ហើយ​អ្វី​ដែល​គណបក្ស​ប្រឆាំង​សមរង្ស៊ី​បាន​ស្នើ ក៏​ដូច​ជា​ឯកឧត្ដម សម រង្ស៊ី បាន​លើក​ឡើង វា​ស្ដែង​ឲ្យ​ឃើញ​ការ​ពិត ហើយ​យើង​ចង់​ឲ្យ​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​គណៈកម្មការ​ព្រំដែន​កម្ពុជា ត្រូវ​តែ​ពិចារណា​ឡើង​វិញ​ទៅ​នឹង​រាល់​ឯកសារ​ទាំង​ឡាយ​ដែល​លោក សម រង្ស៊ី បាន​លើក​ឡើង»

ក្នុង​សន្និសីទ​កាសែត​បន្ទាន់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្ម​ការ​ព្រំដែន​កម្ពុជា​របស់​រដ្ឋាភិបាល បាន​គ្រោង​ដាក់​ពាក្យ​ប្តឹង​លោក សម រង្ស៊ី មួយ​ករណី​ទៀត ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​ដែល​លោក សម រង្ស៊ី កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១០ បាន​បង្ហាញ​ផែនទី​មួយ​ដែល​អះ​អាង​​​ថា ការ​បោះ​​​បង្គោល​កំណត់​ព្រំដែន​កម្ពុជា-​វៀតណាម ពិសេស​នៅ​ត្រង់​បង្គោល​តម្រុយ​លេខ​១៨៥ ស្ថិត​ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​​ស្វាយរៀង គឺ​រដ្ឋាភិបាល​ធ្វើ​ឡើង​ដោយ​កាត់​ដី​ឲ្យ​ប្រទេស​វៀតណាម។

លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី បាន​ប្រើប្រាស់​ឯកសារ​ក្លែង​បន្លំ​ ដើម្បី​បម្រើ​ផលប្រយោជន៍​ឲ្យ​​គណបក្ស​សមរង្ស៊ី ដែល​លោក​ថា ជា​ទង្វើ​ក្បត់​ជាតិ។

លោក វ៉ា គឹមហុង បញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ ៖ «ឯកឧត្ដម សម រង្ស៊ី និង​បក្ខពួក​របស់​លោក ម្ដង​ហើយ​ម្ដង​ទៀត ទោះ​ជា​រាជ​រដ្ឋាភិបាល​ខំ​ពន្យល់​យ៉ាង​ណា​ក៏​អត់​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ទោះ​ជា​ទីស្ដីការ​គណៈរដ្ឋមន្រ្តី​លោក​ខំ​ធ្វើ​យ៉ាង​ណា... តុ​មូល តុ​ជ្រុង​អី​ទាំង​អស់ ក៏​លោក​អត់​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ហើយ​នៅ​តែ​ចោទ​យើង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ នេះ​ជា​អំពើ​ក្បត់​ជាតិ​មួយ​ធ្ងន់ធ្ងរ​ដែល​រាជ​រដ្ឋាភិបាល​គ្រោង​នឹង​ប្ដឹង​ឯកឧត្ដម សម រង្ស៊ី បន្ត​ទៅ​ទៀត​ក្នុង​ការ​បន្លំ​ឯកសារ​សាធារណៈ»

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​ប្តឹង និង​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ​ពី​ការ​ចូល​រួម​ការពារ​បូរណភាព​ទឹក​ដី​បន្ត​ទៀត។ មាន​ន័យ​ថា ការ​ការពារ​បូរណភាព​ទឹក​ដី​ត្រូវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​និង​គ្រប់​បក្ស​​​នយោបាយ ហើយ​ថា រាល់​ចំណាត់ការ​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ប្តឹង​និង​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ​លើ​បញ្ហា​ព្រំដែន មិន​មែន​ជា​ដំណោះស្រាយ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ទង្វើ​របស់​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​ចំពោះ​អ្នក​ហ៊ាន​លើក​យក​បញ្ហា​ព្រំដែន​មក​និយាយ​ជា​អំពើ​បំបាក់​ស្មារតី ឆន្ទៈ​អ្នក​ស្នេហា​ជាតិ​និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការ​បាត់បង់​ដីធ្លី​ធ្ងន់ធ្ងរ​ទៅ​វិញ​ទេ៕