សវនាការបឋមលើសំណុំរឿងឧក្រិដ្ឋកម្មខ្មែរក្រហមលេខ ០០២ ដែលឈានចូលដល់ថ្ងៃទី ២ នៅថ្ងៃអង្គារទី ២៨ មិថុនា ក៏ដូចជាថ្ងៃទីមួយដែរ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ. វ. ត. ក ឬហៅសាមញ្ញថា សាលាក្ដីខ្មែរក្រហម បានផ្ដោតការពិភាក្សាជាសំខាន់ទៅលើអញ្ញត្រកម្ម (Objection) ដែលអាចហៅថា វិធានការ ឬហេតុផលជំទាស់ដោយឡែក ដែលទាក់ទងនឹងការលើកលែងទោស ឬអនុគ្រោះទោសរបស់លោក អៀង សារី ដែលជាអតីតរដ្ឋមន្ត្រីការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ កាលពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
ប្រធានចៅក្រមនៃអង្គសវនាការបឋម លោក និល ណុន បានប្រកាសថា ការធ្វើសវនាការលើអញ្ញត្រកម្មស្ដីពីការលើកលែងទោសនេះ គឺដើម្បីស្ដាប់ហេតុផល ដែលត្រូវលើកឡើងដោយមេធាវីការពារក្ដីឱ្យលោក អៀង សារី ថាតើការលើកលែងទោសអាចគ្របដណ្ដប់បទល្មើសធ្ងន់ធ្ងរដែលត្រូវចោទលោក អៀង សារី នៅអ.វ.ត.ក ដែរឬយ៉ាងណា។
នៅក្នុងសវនាការបឋម មេធាវីការពារក្ដីឱ្យលោក អៀង សារី គឺលោក អាង ឧត្តម បានលើកយកហេតុផលអញ្ញាត្រកម្មរបស់លោកថា វិសាលភាពនៃព្រះរាជក្រិត្យលើកលែងទោស និងអនុគ្រោះទោសលោក អៀង សារី ដោយអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ គឺជាវិសាលភាពនៃអញ្ញត្រកម្មមួយ ដែលការពាររារាំងមិនឲ្យមានការកាត់ទោស លោក អៀង សារី នៅសាលាក្ដីខ្មែរក្រហមនៅពេលនេះ។
លោកបានរំលឹកសាវតាថា នៅក្នុងការចរចាធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមជាមួយរដ្ឋាភិបាលកម្ពុជា លោក អៀង សារី បានដាក់លក្ខខណ្ឌលើកលែងទោស ផុតពីការចោទប្រកាន់ទាំងអស់ និងរួចផុតពីការកាត់ទោសពីឧក្រិដ្ខកម្មទាំងឡាយនៅពេលអនាគត។
លោកបន្តថា ដោយការស្នើសុំពីរដ្ឋាភិបាល ព្រះរាជក្រិត្យលើកលែងទោស និងអនុគ្រោះទោសរបស់ព្រះមហាក្សត្រ ចំពោះលោក អៀង សារី គឺបានធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ជាមួយនឹងសំឡេងអនុម័តិរបស់សភាជាតិចំនួន ២ ភាគ ៣។ ហេតុផលនេះ លោកគូសបញ្ជាក់ជូនអង្គសវនាការដូច្នេះថា៖ «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវតែអនុវត្តតាមច្បាប់កម្ពុជា។ តុលាការនេះ ត្រូវយល់ថា ព្រះរាជក្រិត្យអនុគ្រោះទោស និងលើកលែងទោសនេះ នៅតែមានសុពលភាពអាចអនុវត្តន៍បាន នៅចំពោះមុខ អ.វ.ត.ក»។
សហមេធាវីការពារក្ដីអន្តរជាតិ លោក មៃឃើល ខាណាវ៉ាស (Michael Karnavas) បញ្ជាក់បន្ថែមថា ព្រះរាជក្រិត្យលើកលែងទោស និងអនុគ្រោះទោសលោក អៀង សារី មិនមែនជាការផ្ដល់និទណ្ឌភាពទេ ក៏ប៉ុន្ទែ កត្តានេះជាសារសំខាន់មួយនៃការបញ្ចប់សង្គ្រាម និងផ្សះផ្សាជាតិកម្ពុជា។
ការលើកឡើងរបស់មេធាវីការពារក្ដី ត្រូវបានជំទាស់ដោយសហព្រះរាជអាជ្ញាកម្ពុជា លោក ច័ន្ទ តារារស្មី ដោយស្នើសុំទៅអង្គសវនាការដូច្នេះ ៖ «ក្នុងនាមខ្ញុំជាតំណាងអយ្យការនៃ អ.វ.ត.ក សុំស្នើឱ្យអង្គជំនុំជម្រះមេត្តាបដិសេធចោលអញ្ញត្រកម្មរបស់ អៀង សារី ដែលថា អៀង សារី មិនត្រូវបាននាំខ្លួនមកវិនិច្ឆ័យទោស ចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មដទៃទៀត ព្រោះមានការលើកលែងទោស និងការអនុគ្រោះទោស ដែលបានប្រទានដោយព្រះរាជក្រិដ្ឋក្នុងឆ្នាំ ១៩៩៦»។
លោកសហព្រះរាជអាជ្ញាបានផ្តល់ហេតុផលថា វិសាលភាពនៃព្រះរាជក្រិ្យលើកលែងការចោទប្រកាន់លោក អៀង សារី មិនមានគោលបំណងរារាំងការចោទប្រកាន់លោក អៀង សារី ចំពោះឧក្រិដ្ឋកម្មធំៗ ដទៃទៀតរបស់លោក អៀង សារី ដែលបានប្រព្រឹត្តនៅក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ឡើយ។ លោកសហព្រះរាជអាជ្ញាបន្តថា ការលើកលែងទោសនោះ គឺសម្រាប់តែបទល្មើសទាំងឡាយ ដែលមានចែងក្នុងច្បាប់ ឆ្នាំ ១៩៩៤ ស្ដីពីការដាក់ក្រុមកម្ពុជាប្រជាធិបតេយ្យនៅក្រៅច្បាប់ប៉ុណ្ណោះ។
ខាងភាគីជនរងគ្រោះបានលើកឡើងថា លើកលែងការចោទប្រកាន់លោក អៀង សារី គឺជាការមិនផ្តល់យុត្តិធម៌ដល់ជនរងគ្រោះឡើយ។
សវនាការបឋមនៅថ្ងៃទី ២ មានជនជាប់ចោទទាំង ៤ រូប បានចូលរួមពីដំបូង ក៏ប៉ុន្តែ ដោយសារតែការពិភាក្សាជាចម្បងតែលើរឿងរបស់ អៀង សារី លោក នួន ជា អតីតប្រធានរដ្ឋសភា បានសុំចេញពីសវនាការម្តងទៀត ព្រោះមិនទាន់អ្វីទាក់នឹងអញ្ញត្រកម្មរបស់លោក។
លោក និល ណុន ប្រធានអង្គសវនាការ បានប្រកាសឱ្យដឹងថា សវនាការបឋមដែលគ្រោងធ្វើតែត្រឹមថ្ងៃព្រហស្បតិ៍ទី ៣០ មិថុនានោះ ទំនងជាមិនចប់ទេ គឺត្រៀមនឹងធ្វើនៅថ្ងៃសុក្រមួយថ្ងៃបន្តទៀត៕