អាជ្ញាធរក្រុងភ្នំពេញ បានដាក់ពង្រាយកងកម្លាំងនគរបាលចម្រុះ ប្រមាណជាង ១០០នាក់ និងកងកម្លាំងនគរបាលអន្តរាគមន៍ ជាង ៥០នាក់ មានខែល និងដំបងឆក់ឈរជាជួរ ដើម្បីរារាំងមិនឲ្យប្រជាពលរដ្ឋដើរដង្ហែក្បួនចេញពីមុខវត្តបទុមវតី ទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឆ្ងាយប៉ុន្មានពីគ្នា។
ប្រជាពលរដ្ឋមួយចំនួន កាន់បដាសរសេរថា រួមគ្នាការពារព្រៃឈើ និងធនធានធម្មជាតិ និងខ្លះទៀតកាន់រូបថត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ ប៊ុនរ៉ានី ហ៊ុន សែន នៅក្នុងការឈរតវ៉ានៅមួយកន្លែង នៅថ្ងៃអង្គារ ទី១៥ ខែមិថុនានេះ។
ប្រជាពលរដ្ឋ ឈ្មោះ នៅ ផល្លា អាយុ៤៦ឆ្នាំ មកពីសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងចំណោមអ្នកតវ៉ាជាច្រើនទៀត បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា «សុំឲ្យសម្ដេចមេត្តាបញ្ឈប់ នៃការធ្វើសម្បទានដីធ្លីធំៗជាច្រើន»។
ក្នុងការតវ៉ានោះដែរ របស់ប្រជាពលរដ្ឋ ប្រមាណ ៦១.០០០នាក់ រួមគ្នាផ្ដិតមេដៃ និងចុះហត្ថលេខាលើសារញាតិមួយ ត្រៀមប្រគល់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារ ទី១៥ មិថុនានេះ។
ប្រជាពលរដ្ឋ ឈ្មោះ ឈុន វណ្ណី អាយុ៤៧ឆ្នាំ មកពីខេត្តព្រះសីហនុ បានថ្លែងថា ៖ «អ៊ីចឹងខ្ញុំមកនេះ ដើម្បីគោលបំណងយកញាតិ ដើម្បីរំលឹកឲ្យគាត់ (លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន) ធ្វើការសាជាថ្មី ប្រជាពលរដ្ឋយើងខ្ញុំនឹងគាំទ្រជួយ»។
កម្លាំងនគរបាលជាច្រើន មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងនោះដើរក្បួនទេ បើទោះបីប្រជាពលរដ្ឋ និងសកម្មជនការពារសិទ្ធិមនុស្ស បានស្នើសុំដើរក្បួន ដើម្បីប្រគល់ញាតិដោយផ្ទាល់ ជូនលោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលនោះ។
ការរារាំងនេះ គឺស្ថិតក្រោមការឃ្លាំមើល ពីសកម្មជនការពារសិទ្ធិមនុស្សជាច្រើន មកពីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនផ្សេងទៀត។
ស្នងការរងនគរបាលក្រុងភ្នំពេញ លោក ហ៊ី ប្រ៊ូ ដែលមកតាមដានស្ថានការណ៍តវ៉ានោះ បានមានប្រសាសន៍ថា ៖ «ព្រោះការប្រមូលផ្ដុំគ្នានេះ គឺមិនមានច្បាប់អនុញ្ញាតរបស់សាលារាជធានីទេ»។
តំណាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក គង់ ចំរើន ជាសមាជិកក្រុមលេខារបស់លោក ហ៊ុន សែន ដែលចេញមុខមកទទួលឯកសារញាតិតវ៉ាពីប្រជាពលរដ្ឋ បានមានប្រសាសន៍ថា ៖ «គឺថាយើងយកទៅចាត់ការតាមនីតិវិធី ដូចខ្ញុំបានពន្យល់បងប្អូនហើយ»។
តំណាងមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ លោក មឿន តុលា បានមានប្រសាសន៍រិះគន់ថា ការរឹតត្បិតមិនឲ្យដើរបង្ហែក្បួនបែបនេះ មិនសមរម្យទេ ៖ «ខ្ញុំគិតថា ការណ៍ដែលហាមឃាត់របស់អាជ្ញាធរហ្នឹង បង្ហាញនូវភាពអាម៉ាស់ទៅវិញទេ»។
ក្រុមប្រជាពលរដ្ឋអ្នកតវ៉ា បានរំសាយគ្នាវិញដោយពុំមានកើតមានអំពើហិង្សាអ្វីទេ៕