អតីត​អ្នក​ទោស​គុក​ទួលស្លែង​ចង់​ឲ្យ​ឌុច​ជាប់​គុក​អស់​មួយ​ជីវិត

អតីត​អ្នក​ទោស​គុក​ទួលស្លែង ចង់​ឃើញ​តុលាការ​ខ្មែរ​ក្រហម​កាត់​ទោស ឌុច ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​គាត់​បាន​ប្រព្រឹត្ត​ក្នុង​របប​ខ្មែរ​ក្រហម ក្រោយ​ពី​មាន​ព័ត៌មាន​ថា តុលាការ​ខ្មែរ​ក្រហម​គ្រោង​ប្រកាស​សាលក្រម ឌុច នៅ​ថ្ងៃ​២៦ ខែ​កក្កដា​នេះ។

សាលា​ក្ដី​ខ្មែរ​ក្រហម និង​ជន​រង​គ្រោះ​ក្នុង​គុក​ទួលស្លែង ឬ​មន្ទីរ​ស-២១ បាន​ហៅ​ថ្ងៃ​ប្រកាស​សាលក្រម លោក កាំង ហេ្កកអ៊ាវ ហៅ ឌុច នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​កក្កដា​នេះ ថា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​កម្ពុជា។

លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហម មាន​ប្រសាសន៍​​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា​នេះ ថា តុលាការ​សម្រេច​ប្រកាស​សាលក្រម​ករណី ០០១​នេះ បន្ទាប់​ពី​តុលាការ​ចំណាយ​ពេល​អស់ ៧៧​ថ្ងៃ​ដើម្បី​ជំនុំ​ជម្រះ​រឿង​ក្ដី​នេះ។ ទូរទស្សន៍ និង​វិទ្យុ នឹង​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ចំពោះ​ដំណើរការ​ប្រកាស​សាលក្រម​នេះ។

លោក រាជ សម្បត្តិ បាន​បញ្ជាក់​ថា ៖ «នេះ​គឺ​ជា​ជោគជ័យ​ប្រវត្តិសាស្ត្រ​ដំបូង ការ​កកើត​តុលាការ​ខ្មែរ​ក្រហម​ហ្នឹង គឺ​មាន​ន័យ​ថា យើង​បាន​បញ្ចប់​រឿងរ៉ាវ​មួយ​ដែល​ទាក់ទង​នឹង​គុក​ទួលស្លែង ដែល​ប្រជាជន​កម្ពុជា​ទាំង​អស់​បាន​ដឹង​ឮ។ អ៊ីចឹង​នៅ​ពេល​ដែល​តុលាការ​ប្រកាស​សាលក្រម​ហើយ នោះ​គឺ​ជា​ការ​បញ្ចប់​នៃ​សំណុំរឿង ០០១ ដែល​យើង​យល់​ថា នេះ​គឺ​ជា​ប្រវត្តិសាស្ត្រ​ធំធេង​ណាស់»

លោក រាជ សម្បត្តិ ក៏​បាន​ស្នើ​ឲ្យ​ជន​រងគ្រោះ និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទទួល​យក​សាលក្រម​ដែល​នឹង​ប្រកាស​នៅ​ខែ​ក្រោយ​នេះ។ លោក​ថា តាម​ច្បាប់​សាលាក្ដី​ខ្មែរ​ក្រហម ឌុច អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ក្នុង​ចន្លោះ​រយៈពេល ៥​ឆ្នាំ ដល់​អស់​មួយ​ជីវិត ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​របស់​ចៅក្រម​សាលាក្ដី​ខ្មែរ​ក្រហម​ចំពោះ​ជោគ​វាសនា​របស់ ឌុច។

លោក រាជ សម្បត្តិ បាន​ថ្លែង​ថា ៖ «បង​ប្អូន​ដែល​ជា​ជន​រងគ្រោះ​ហ្នឹង ជា​ពិសេស​គឺ​ខាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី មេត្តា​ទទួល​យក​នូវ​សាលក្រម​ដែល​ចេញ​ដោយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ពីព្រោះ​តុលាការ​នេះ​គេ​ធ្វើ​មិន​មែន​ម្នាក់​ទេ គេ​ធ្វើ​មាន​ចៅក្រម ៥​នាក់ ហើយ​និង​ចៅក្រម​បម្រុង ២​នាក់​ទៀត! អ៊ីចឹង​ការ​សម្រេច​របស់​ពួក​គាត់ គឺ​សុទ្ធតែ​ផ្អែក​ទៅ​លើ​ច្បាប់​ជាតិ​យើង​ផង និង​អន្តរជាតិ​ផង។ អ៊ីចឹង​សូម​បង​ប្អូន​ទទួល​យក​នូវ​សាលក្រម​ដែល​ប្រកាស​ដោយ​ពួក​គាត់...»

ប្រធាន​សមាគម ក្សេមក្សាន្ត ទ្រទ្រង់​ជន​រងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជា​អតីត​អ្នក​ទោស​គុក​ទួលស្លែង លោក ជុំ ម៉ី បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា​នេះ ថា លោក​បាន​រង់ចាំ​ការ​ប្រកាស​សាលក្រម​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នេះ អស់​រយៈពេល​ជា​យូរ​មក​ហើយ។ លោក​ថា សមាជិក​ទាំង​អស់​របស់​សមាគម​លោក​ចង់​ឲ្យ​តុលាការ​ខ្មែរ​ក្រហម​កាត់​ក្តី​លោក ឌុច ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​លោក​បាន​ប្រព្រឹត្ត​ក្នុង​ការ​គ្រប់គ្រង​គុក​ទួលស្លែង។

លោក ជុំ ម៉ី ដែល​ជាប់​គុក​ទួលស្លែង​អស់​រយៈពេល ៤​ខែ នៅ​ឆ្នាំ​១៩៧៨ ហើយ​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​ឆក់​ខ្សែ​ភ្លើង និង​ដក​ក្រចក​ដៃ បាន​មាន​ប្រសាសន៍​ថា ៖ «ដល់​ពេល​យើង​ចូលរួម យើង​ចាំ​ស្ដាប់​គេ​មើល​ណា៎! តើ​គេ​កាត់​ទោស ឌុច​ហ្នឹង ប៉ុន្មាន​ឆ្នាំ? ឧទាហរណ៍​ថា កាត់ ១០​ឆ្នាំ ឬ​ក៏ ២០​ឆ្នាំ អ៊ីចឹង ឌុច អត់​ជាប់​ទោស​អស់​មួយ​ជីវិត​ផង​ហ្នឹង។ ឧទាហរណ៍​ថា កាត់​ទោស​គាត់ ១០​ឆ្នាំ គាត់​ចេញ​មុន​ពេល​គាត់​ស្លាប់​ហើយ​ហ្នឹង តែ​គំនិត​បង​ប្អូន​ទាំង​អស់​គ្នា​គឺ​ចង់​ដាក់ ឌុច​ហ្នឹង ឲ្យ​អស់​មួយ​ជីវិត​តែម្ដង ដើម្បី​ធ្វើ​ជា​គំរូ!»

មន្ត្រី​សម្រប​សម្រួល​តុលាការ​ខ្មែរ​ក្រហម​របស់​អង្គការ អាដហុក លោក ឡាក់ គី មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា​នេះ ថា សម្រាប់​សង្គម​ស៊ីវិល​យុត្តិធម៌ គឺ​មិន​សំដៅ​លើ​រយៈពេល​នៃ​ការ​ដាក់​ទោស​ឲ្យ​ជាប់​គុក​នោះ​ទេ ប៉ុន្តែ​យុត្តិធម៌​អាច​កើត​មាន​ឡើង នៅ​ពេល​ដែល​អ្នក​រងគ្រោះ​អាច​ទទួល​យក​បាន​នូវ​ការ​សម្រេច​របស់​តុលាការ ហើយ​ការ​ពិត​ត្រូវ​បាន​លាត​ត្រដាង។

ប្អូន​ស្រី​របស់​ឌុច អ្នក​ស្រី ហង្ស គឹមហុង មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា​នេះ ថា លោក​ស្រី​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា លោក​ស្រី​នឹង​ទៅ​ចូលរួម​ការ​ប្រកាស​សាលក្រម​នេះ ដោយសារ​បញ្ហា​ជីវភាព។

លោក​ស្រី​បន្ថែម​ថា លោក​ស្រី​គ្មាន​សំណូមពរ​អ្វី​ចំពោះ​តុលាការ​ខ្មែរ​ក្រហម ទាក់ទង​នឹង​ការ​ប្រកាស​សាលក្រម​នេះ​ឡើយ ដោយ​លោក​ស្រី​រង់ចាំ​មើល​សាលក្រម​នេះ ៖ «ដល់​ដំណាក់កាល​នេះ ហើយ​អត់​មាន​សំណូមពរ​អី​ទេ! ស្រេច​លើ​ច្បាប់!»

លោក ឌុច មាន​អាយុ ៦៧​ឆ្នាំ ជា​អ្នក​គ្រប់គ្រង​គុក​ទួលស្លែង ឬ​មន្ទីរ​ស-២១ ដែល​មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់​បំផុត គឺ​ជា​គុក​ដែល​មាន​អ្នក​ទោស​ប្រមាណ ១៦.០០០​នាក់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម មុន​ពេល​បញ្ជូន​ទៅ​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម៕