សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា អង្គជំនុំជម្រះសាលាដំបូងបានធ្វើសេចក្ដីសម្រេចនេះ នៅថ្ងៃទី១៦ ខែកុម្ភៈ។ កន្លងមកអង្គបុរេជំនុំជម្រះបានចេញប្រកាសសម្រេចបញ្ជាឱ្យបន្តឃុំខ្លួនអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ទាំង ៣រូបនោះជាបណ្ដោះអាសន្ន រហូតដល់ពេលមានការជំនុំជម្រះ ដោយមិនបញ្ជាក់អំពីហេតុផលអ្វីឡើយ។
សេចក្ដីប្រកាសព័ត៌មាននោះ ក៏បានបង្ហាញផងដែរថា អង្គជំនុំជម្រះសាលាដំបូងបានរកឃើញថា ការពន្យារពេលក្នុងការចេញសេចក្ដីប្រកាសអំពីមូលហេតុនៃការបន្តឃុំខ្លួនជនត្រូវចោទ បានរំលោភធ្ងន់ធ្ងរទៅលើសិទ្ធិរបស់ជនត្រូវចោទទាំងនោះ ប៉ុន្តែបានគូសបញ្ជាក់ថា តាមធម្មតាការរំលោភសិទ្ធិបែបនេះ នឹងត្រូវបានដោះស្រាយនៅចុងបញ្ចប់នៃដំណើរការកាត់សេចក្ដី។
ជាងនេះទៀត អង្គជំនុំជម្រះសាលាដំបូងបានរកឃើញថា ការបន្តឃុំខ្លួនជនត្រូវចោទ គឺមានសារសំខាន់ក្នុងការធានាឱ្យប្រាកដថា ជនត្រូវចោទនឹងមានវត្តមាននៅក្នុងអំឡុងពេលកាត់សេចក្ដី៕