សេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម ចុះថ្ងៃទី១៨ តុលា ឆ្នាំ២០១១ បានឲ្យដឹងថា សវនាការក្នុងសំណុំរឿង០០២ ដែលមានជនជាប់ចោទជាអតីតមេដឹកនាំខ្មែរក្រហម ៤រូប នឹងចាប់ផ្ដើមនៅថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ នាវេលាម៉ោង ៩ព្រឹក។
ជនជាប់ចោទទាំង ៤រូបនោះ មានលោក ខៀវ សំផន អតីតប្រមុខរដ្ឋរបបកម្ពុជាប្រជាធិបតេយ្យ លោក នួន ជា អតីតប្រធានរដ្ឋសភា លោក អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងអ្នកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហមបានបញ្ជាក់ថា ពេលវេលាសំខាន់សម្រាប់រកយុត្តិធម៌ជូនជនរងគ្រោះកម្ពុជា បានមកដល់ហើយ។ សាលាក្ដីខ្មែរក្រហមនឹងប្រឹងប្រែងគោរពតាមកាលបរិច្ឆេទដែលបានប្រកាសនេះ។
លោកបន្ថែមដូច្នេះ៖ «យើងបាននិយាយថា ថ្ងៃនេះជាថ្ងៃល្អមួយសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលអង្គជំនុំជម្រះសាលាដំបូងបានប្រកាសនូវកាលបរិច្ឆេទលើអង្គជំនុំជម្រះសេចក្ដី ពីព្រោះថា កន្លងមកនេះបងប្អូនប្រជាពលរដ្ឋបានចោទជាសំណួរជាច្រើនលើកច្រើនសាមកហើយថា តើសវនាការលើអង្គសេចក្ដីក្នុងសំណុំរឿង ០០២ នេះ បើកនៅពេលណា? ឥឡូវនេះយើងបានដឹងអំពីកាលបរិច្ឆេទហើយ គឺនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១។ ម្យ៉ាងទៀតការកំណត់កាលបរិច្ឆេទលើអង្គសវនាការលើអង្គសេចក្ដីនេះ ក៏ជាការបញ្ចប់នូវការផ្សព្វផ្សាយនូវព័ត៌មាននាពេលកន្លងមកបំផ្លើសការពិតក្នុងដំណើរការក្ដីខ្មែរក្រហម ជាពិសេសថា សំណុំរឿង ០០២ នេះ ត្រូវគេពន្យារពេលដល់អំឡុងខែមេសា ឬមួយថា ខែឧសភា ឆ្នាំ២០១២»។
សវនាការនេះគឺនឹងបើកសេចក្ដីសន្និដ្ឋានចោទប្រកាន់ជនជាប់ចោទទាំងបួននាក់ និងធ្វើការសន្និដ្ឋានបញ្ចប់ ហើយនឹងមានសវនាការដើម្បីពិនិត្យលើភស្តុតាងក្នុងករណី ០០២ ដែលគេគ្រោងនឹងផ្ដើមនៅថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១១។
សេចក្ដីប្រកាសបានបញ្ជាក់ថា វគ្គដំបូងនៃការជំនុំជម្រះក្ដី ០០២ នេះ នឹងត្រូវបញ្ចប់យ៉ាងយូរត្រឹមថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១១ ហើយនឹងឈប់សម្រាករហូតដល់ថ្ងៃច័ន្ទ ទី៩ ខែមករា ឆ្នាំ២០១២ នឹងបន្តសវនាការទៀត។
អតីតមេដឹកនាំខ្មែរក្រហមកំពូលទាំង៤ ក្នុងសំណុំរឿង ០០២ នេះ ជាប់ចោទពីបទឧក្រិដ្ឋនានា ក្នុងនោះរួមមានឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍៕