អង្គការឃ្លាំមើលការបោះឆ្នោត និងមន្ត្រីបក្សប្រឆាំងមួយចំនួននៅកម្ពុជា បានរកឃើញថា សមត្ថកិច្ចមូលដ្ឋានគាំទ្របក្សកំពុងកាន់អំណាចមិនបានគាំទ្រឲ្យពលរដ្ឋគ្រប់អាយុបោះឆ្នោតទៅចូលរួមពិនិត្យ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាទេ។
លោក គល់ បញ្ញា ជានាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ខុមហ្រ្វែល (COMFREL)។ លោកមានប្រសាសន៍ថា បរិយាកាសសន្តិសុខ និងសិទ្ធិនយោបាយនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១១ មិនទាន់មានដំណើរការល្អទេ។ នោះគឺសមត្ថកិច្ចភាគច្រើនតាមមូលដ្ឋានបានរារាំងសកម្មភាពសង្គមស៊ីវិល និងបក្សនយោបាយមិនឲ្យធ្វើសកម្មភាពចុះអប់រំពលរដ្ឋពីសិទ្ធិបោះឆ្នោតបានរលូននោះទេ។
លោក គល់ បញ្ញា បន្ថែមថា៖ «រំខានទៅដល់ការអប់រំពីរឿងចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានមួយចំនួន ពិសេសនៅតាមតំបន់ទីប្រជុំជន។ គណបក្សមួយចំនួនលោកមិនអាចធ្វើសកម្មភាពអប់រំអ្នកបោះឆ្នោតបានដោយមានការរំខានពីអាជ្ញាធរនៅមូលដ្ឋាន ហើយមានការបកស្រាយយល់ខុសថា ទាល់តែមានការសុំច្បាប់អំពីការអប់រំដល់អ្នកចុះឈ្មោះបោះឆ្នោត។ តាមពិតអត់មានច្បាប់អីតម្រូវឲ្យធ្វើការងារហ្នឹងទេ»។
ទាក់ទងបញ្ហានេះដែរ គណបក្សប្រឆាំងចំនួន២ គឺបក្ស សម រង្ស៊ី និងបក្សសិទ្ធិមនុស្ស បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការចុះឈ្មោះបោះឆ្នោតឆ្នាំនេះកើតមានភាពមិនប្រក្រតីមួយចំនួនក្នុងរយៈពេល ២សប្ដាហ៍មកនេះ។ ភាពមិនប្រក្រតីទាំងនោះ រួមមានយុវជនគ្រប់អាយុបោះឆ្នោត ហើយចង់ចុះឈ្មោះបោះឆ្នោតមិនអាចចុះឈ្មោះបាន ព្រោះមិនមានប័ណ្ណសម្គាល់ខ្លួនផ្តល់ជូនមន្ត្រីទទួលបន្ទុកចុះឈ្មោះតាមឃុំសង្កាត់នីមួយៗ។
លោក កឹម សុខា ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណបក្សសិទ្ធិមនុស្ស។ លោកមានប្រសាសន៍ថា ពីរសប្ដាហ៍កន្លងមកនេះចំនួនពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតមានចំនួនតិចតួច ហើយភាគច្រើននៃយុវជនគ្រប់អាយុបោះឆ្នោត ឬជនផ្លាស់ប្ដូរទីលំនៅថ្មី មិនអាចចុះឈ្មោះបាន ព្រោះមិនមានឯកសារ ឬអត្តសញ្ញាណប័ណ្ណ។
លោក កឹម សុខា៖ «ដោយសារតែរដ្ឋាភិបាលធ្វើអត្តសញ្ញាណប័ណ្ណមិនទាន់ យឺតយ៉ាវ ហើយគាត់ទៅហ្នឹងគេទារយករូបថតពីរសន្លឹក មានសាក្សីពីរនាក់។ ភាគច្រើនប្រជាពលរដ្ឋទៅ ពិសេសយុវជនអត់មានរូបថត ហើយយើងបានស្នើឲ្យ គ.ជ.ប. ដាក់ម៉ាស៊ីនថតនៅគ្រប់ការិយាល័យគ្រប់ឃុំទាំងអស់ តែ គ.ជ.ប. បានឆ្លើយថា អត់ថវិកា»។
អង្គការខុមហ្វ្រែល កាលពីថ្ងៃទី១៣ ខែកញ្ញា បានចេញរបាយការណ៍អង្កេតជំហានដំបូងជុំវិញការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ដោយបញ្ជាក់ថា ស្ថាប័នខ្លួនកំពុងអង្កេតលើការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១ និងអង្កេតលើប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់ធនធានរដ្ឋនៅទូទាំរាជធានី-ខេត្តទៅលើសកម្មភាពរបស់គណបក្សនយោបាយនីមួយៗ មុនការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១២ ចូលមកដល់។
លោក គល់ បញ្ញា បានឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតឆ្នាំនេះនឹងជួយឲ្យពលរដ្ឋមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១២។ ប៉ុន្តែបើពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតមានចំនួនតិចតួច វាអាចជាសញ្ញាមិនល្អសម្រាប់ការជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ទោះយ៉ាងណា កាលពីថ្ងៃទី១៣ ខែកញ្ញា គ.ជ.ប. បានប្រកាសថា ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកញ្ញា គ.ជ.ប. បានបំពេញការងារដោយរលូន។ ក្នុងនោះ គ.ជ.ប. បានលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីឈ្មោះបានជាង ៣ម៉ឺននាក់ និងបានចុះឈ្មោះថ្មីបានជិត ១,៥សែននាក់។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានទទួលស្គាល់ថា ដើមដំបូងនៃកាលបរិច្ឆេទចុះឈ្មោះបោះឆ្នោតចំនួនពលរដ្ឋទៅចុះឈ្មោះអាចមានចំនួនតិច ប៉ុន្តែចំនួននេះនឹងកើននៅមុនកាលបរិច្ឆេទបិទបញ្ចប់ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត។
គ.ជ.ប. បានឲ្យដឹងថា មានពលរដ្ឋ ៥សែននាក់ត្រូវចុះឈ្មោះបោះឆ្នោតថ្មីនៅឆ្នាំ២០១១ សម្រាប់ចូលរួមបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២។ ហើយថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតបានចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១១ នៅតាមសាលាឃុំសង្កាត់ទូទាំងប្រទេស៕