កាសែតផ្តើមសេចក្តីថា សឹងតែពាក់កណ្តាលប្រទេសកម្ពុជា បានលក់ទៅឲ្យបរិកប្បីបរទេស ឬហៅថា នាយទុនបរទេសទិញដីប្រថុយទុកលក់យកចំណេញក្នុងរយៈពេល ១៨ខែកន្លងមកនេះ ហើយពលរដ្ឋខ្មែររាប់សែននាក់ ដែលចាកចោលផ្ទះសម្បែងក្នុងសម័យខ្មែរក្រហម ត្រូវអត់ផ្ទះសម្បែងជាថ្មីម្តងទៀត ។
កាសែតបានស្រាវជ្រាវរកឃើញថា កោះខ្មែរមួយចំនួននៅទល់មុខឆ្នេរសមុទ្រកំពង់សោម មានដូចជា កោះឫស្សី កោះតាគាវ កោះបង កោះអឿន កោះប្រើស កោះក្របី កោះត្រេះ ជាដើម រដ្ឋបានដាក់លក់ប្រមាណពាក់កណ្តាលឆ្នាំ ២០០៧ កន្លងទៅ ។
ក្រៅពីមានក្រុមហ៊ុនបរទេសដាក់ទុនទិញកោះអភិវឌ្ឈ មានក្រុមហ៊ុនចិនហុងកុង រុស្ស៊ី បារាំង អង់គ្លេស ជាដើម ។ល។ ក្រុមហ៊ុនក្នុងស្រុក មានដូចជា ក្រុមហ៊ុនឧកញ៉ា គិត ម៉េង ឧកញ៉ា សុខ គង់ ដែលជិតស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ ក៏មានទិញដីតាមកោះ និងតាមឆ្នេរសមុទ្រនៅក្រុងព្រះសីហនុដែរ ដោយមិនគិតអំពីប្រជាពលរដ្ឋរស់នៅទីនោះជាច្រើនរយគ្រួសារនោះ ឡើយ ។
កាសែតបន្តថា ការលក់ដូរ ឬ ជួលដីកោះ ដីឆ្នេរសមុទ្រសម្រាប់រយៈពេលជិតមួយសតវត្សនោះ ពុំមាននរណាដឹងច្បាស់ថា លក់បាន ឬ ជួលបានថ្លៃ ដូចម្តេចទេ ។ រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនរួចការបង់ពន្ធដារ ៩ ឆ្នាំ ឲ្យគេទុកលុយរបស់គេជាដុល្លារអាមេរិក នៅក្នុងធនាគារក្រៅប្រទេសទៀតផង ។
យោងតាមកាសែត The Guardian អភិបាលក្រុងព្រះសីហនុ លោក សាយ ហាក់ ក៏បានទិញយកកោះមួយទុកដែរ ហើយភរិយាភូឈួយរបស់លោក ឈ្មោះអ្នកស្រី ស្បោង សារ៉ាត បានទិញដីឆ្នេរសមុទ្រ ឈ្មោះថា ឆ្នេរឯករាជ យកទុកអស់ពាក់កណ្តាលដែរ ។
នៅពេលក្រុមហ៊ុនកូរ៉េមួយបំរុងសង់អគារកំពស់ ៤២ជាន់ នៅភ្នំពេញ បន្ទប់ធំៗប្រមាណ ២៤បន្ទប់ ដែលបន្ទប់នីមួយៗមានតម្លៃ ៧សែន ៥ម៉ឺន ដុល្លារអាមេរិក ត្រូវក្រុមអ្នកកក់លុយទិញទុកអស់តែក្នុងពេល ២៤ម៉ោងប៉ុណ្ណោះ ដែលគេហៅថា ក្រុមកិត្តិយសពីគណបក្សប្រជាជនកម្ពុជា និង មិត្តភក្តិក្នុងកងយោធពលខេមរភូមិន្ទ ។
ទីប្រឹក្សាលោក ហ៊ុន សែន មួយរូបប្រាប់កាសែតថា នាយករដ្ឋមន្រ្តី ប្រមុខរដ្ឋាភិបាល ជឿថា លទ្ធិប្រជាធិបតេយ្យសេរី មិនសមប្រើចំពោះប្រទេសមួយ ដែលមុខជំនាញប៉ិនប្រសប់នានា រីងខ្សោះអស់ រួចប្រជាពលរដ្ឋ ប្រព្រឹត្តខុសធម្មតាអស់ទៅហើយ ដោយសារតែរបបខ្មែរក្រហមនោះ ៕